Wednesday, April 24, 2024
Homeព័ត៌មានជាតិបំផ្ទុះភ្នំខ្ទាតថ្មចម្ងាយ២០០ម៉ែត្រ ត្រូវក្បាលមនុស្សស្លាប់

បំផ្ទុះភ្នំខ្ទាតថ្មចម្ងាយ២០០ម៉ែត្រ ត្រូវក្បាលមនុស្សស្លាប់

ខេត្តត្បូងឃ្មុំ ៖ បុរសជាអ្នកបើករថយន្តបែនដឹកថ្មម្នាក់ ត្រូវបានដុំថ្មផ្លោងធ្លាក់ត្រូវចំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលមានចម្ងាយជាង២០០ម៉ែត្រ ពីការដ្ឋានបំផ្ទុះយកថ្ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានកិនថ្មរបស់ក្រុមហ៊ុនចិន ស្ថិតនៅក្នុងភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ។

បុរសរងគ្រោះខាងលើ មានឈ្មោះជុំ រចនា អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តបែនដឹកថ្មក្រុមហ៊ុនកើតហេតុនេះ មានលំនៅក្នុងភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ចំណែកការដ្ឋានកិនថ្មខាងលើ មានឈ្មោះឆៃណា រ៉ូត អ៊ែនប៊្រីតខុមប្រេសិន ជាក្រុមហ៊ុនរបស់ជនជាតិចិន មានទីតាំងនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់ថា ករណីនេះកើតឡើង នៅអំឡុងម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចការដ្ឋានកិនថ្មរបស់ជនជាតិចិនខាងលើ។ លោកថា ខណៈកម្មករកំពុងបំផ្ទុះយកថ្ម ស្រាប់តែដុំថ្ម១ដុំ បានផ្លោងចំបុរសម្នាក់ដែលជាតៃកុងរថយន្តបែនដឹកថ្ម ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

លោកស្នងការបញ្ជាក់ថា បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវចាប់ឃាត់ខ្លួនមនុស្ស៨នាក់ ដែលពាក់ព័ន្ធករណីនេះ។ លោកថា នឹងបើកការស្រាវជ្រាវបន្តទៀត  និងឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងខាងលើនេះ ដែលមានការធ្វេសប្រហែល បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកដទៃ ព្រោះមុនបំផ្ទុះ ម្ចាស់ទីតាំងត្រូវតែមានការជូនដំណឹងដល់ប្រជាពលរដ្ឋ តាមរយៈមេក្រូបំពងសំឡេង។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES