Friday, March 29, 2024
Homeព័ត៌មានជាតិប្រុសស្នេហ៍វ៉ៃប៉ោងមុខ បង្ខាំងទុកក្នុងផ្ទះ សមត្ថកិច្ចទៅរំដោះ នាងស្រែកយំអង្វរសុំរឿងនេះ

ប្រុសស្នេហ៍វ៉ៃប៉ោងមុខ បង្ខាំងទុកក្នុងផ្ទះ សមត្ថកិច្ចទៅរំដោះ នាងស្រែកយំអង្វរសុំរឿងនេះ

ភ្នំពេញ ៖ ហេតុការណ៍អំពើហិង្សា ប្រុសស្នេហ៍វាយដំនារី បណ្តាលឱ្យរយះដៃជើង ប៉ោងមុខមាត់ រួចចាក់សោបង្ខាំងទុកក្នុងផ្ទះ រហូតផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងកណ្តាលយប់ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចបុរីពិភពថ្មី ទល់មុខផ្សារទំនើបម៉ាក្រូ ផ្ទះលេខ 96A ផ្លូវលេខ NE-02 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នារីរងគ្រោះ មានឈ្មោះដាឡិច (Dalex) អាយុ២៥ឆ្នាំ មុខរបរជាជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួល ជិតផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកឯបុរសជាសង្សារមិនស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹកថាជាជនជាតិ ចិនតៃវ៉ាន់ មានវ័យប្រហែល៤០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីសាច់ញាតិរបស់នារីរងគ្រោះ ដោយបានប្តឹងថា មានករណីអំពើហិង្សា។ បន្ទាប់ពីបានទទួលព័ត៌មានខាងលើរួចមក សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅផ្ទះកើតហេតុ ក៏ឃើញនារីរងគ្រោះដែលត្រូវគេវាយ ទ្រោមខ្លួន។ ភ្លាមនោះសមត្ថកិច្ចក៏បានទៅគោះទ្វារផ្ទះកើតហេតុ ដើម្បីចូលទៅសួរនាំ និងឃើញមានមនុស្សប្រុស២-៣នាក់ ជាជនជាតិតៃវ៉ាន់ ដែលស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ បានចេញមកមើល ប៉ុន្តែមិនព្រមបើកទ្វារនោះទេ។ លុះមួយសន្ទុះក្រោយមក ទើបបុរសជនជាតិតៃវ៉ាន់ដែលជាជនដៃដល់ ព្រមនាំនារីរងគ្រោះជាសង្សារ បានចុះមកជួបសមត្ថកិច្ចនៅខាងក្រោម ដោយនារីរងគ្រោះមានស្លាកស្នាមរបួសរយះជើងខាងស្តាំ និងហើមមុខហើមមាត់ លុះឃើញសភាពបែបនេះ កម្លាំងសមត្ថកិច្ចក៏បានធ្វើការចាប់ឃាត់ខ្លួនបុរសជនជាតិតៃវ៉ាន់ដែលជាជនដៃដល់យកទៅសួរនាំ ស្រាប់តែនារីរងគ្រោះជាសង្សារ បែរជាស្រែកទ្រហោយំ មិនព្រមឱ្យសមត្ថកិច្ចចាប់ខ្លួនសង្សាររបស់ខ្លួនទៅវិញ។

តាមសម្តីបុរសម្នាក់ដែលជាមេជាងនៅហាងអ៊ុតសក់របស់នារីរងគ្រោះ បានប្រាប់ថា នៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ស្រាប់តែនារីរងគ្រោះបានទូរស័ព្ទមកប្រាប់គាត់ថា បុរសជនជាតិតៃវ៉ាន់ជាសង្សាររបស់នាង បានវាយនាងស្ទើរស្លាប់ស្ទើររស់ហើយ និងបិទទ្វារចាក់សោមិនឱ្យចេញក្រៅទៀត។ ទើបគាត់ប្រញាប់ទូរស័ព្ទប្រាប់បងស្រីរបស់នារីរងគ្រោះឱ្យបានដឹង រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះទៅជួយធ្វើការ អន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំបុរសជាជនជាតិចិនតៃវ៉ាន់ ជាជនដៃដល់ ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរ៕

RELATED ARTICLES