Saturday, April 20, 2024
Homeព័ត៌មានជាតិផឹកសុីអស់៦៦ដុល្លារ មិនឲ្យលុយ ស្រីតាមទារ ទះកំផ្លៀងផ្ទប់កង់៣ សង៤០០ដុល្លារ

ផឹកសុីអស់៦៦ដុល្លារ មិនឲ្យលុយ ស្រីតាមទារ ទះកំផ្លៀងផ្ទប់កង់៣ សង៤០០ដុល្លារ

ភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើល ដោយសារបុរសជនជាតិបរទេស ចូលហាងផឹកស៊ី ហៅនារី៣នាក់មកអង្គុយឆ្វេងស្តាំកំដរខ្លួន និងថែមទាំងប្រាប់ឱ្យនាងៗ ចង់ហៅអ្វីផឹកក៏បាន ខ្លួនជាអ្នកប៉ាវ លុះផឹកចប់ គិតលុយអស់ជាង៦០ដុល្លារ បែរជាឡាំប៉ាថា ខ្លួនអត់មានលុយទេ ឱ្យនាងៗចេញលុយស្រាបៀរខ្លួនឯង រួចក៏ព្យាយាមដើរចេញពីហាង ទើបស្ត្រីជាមេការបានតាមទៅសួរនាំ ស្រាប់តែត្រូវបុរសនោះវ៉ៃ២ដៃ និងថែមទាំងទះ៣កំផ្លៀងទៀត បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ទាំងយប់ បានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខ បារ៍បារាំងមួយកន្លែង ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

បុរសជាភ្ញៀវបរទេសបង្កហិង្សានោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។ ចំណែកស្ត្រីរងគ្រោះជាមេការ ដែលត្រូវជនបរទេសវ៉ៃ២ដៃ ទះ៣កំផ្លៀង មិនបានបញ្ជាក់ឱ្យដឹងពីអត្តសញ្ញាណនោះឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបង្កជាជនបរទេសខាងលើ បានចូលមកផឹកស៊ីនៅក្នុងហាងខាងលើតែម្នាក់ឯង រួចក៏បានហៅនារីៗរូបស្រស់ចំនួន៣នាក់ ឱ្យមកអង្គុយឆ្វេងស្តាំកំដរខ្លួនផឹកស៊ី និងថែមទាំងបានប្រាប់នារីៗទាំងនោះថា ចង់ផឹកអីហៅទៅ ខ្លួនជាអ្នកប៉ាវ (Pay) រួចក៏ហៅស្រាមកផឹកអស់ម្នាក់មួយកែវ និងបាននិយាយសាសងគ្នាជាមួយនារីរូបស្រស់ទាំងនោះហើយ រហូតផឹកអស់៤កែវ រាងធ្លាក់ភ្នែកបន្តិច បុរសបរទេសនោះបានហៅមេការមកគិតលុយ អស់៦៦ដុល្លារ បែរជាឡាំប៉ា មិនព្រមឱ្យលុយ រួចប្រកែក ថាខ្លួនមិនចេញលុយឱ្យនារីដែលអង្គុយកំដរទាំង៣នាក់នោះទេ ឱ្យគិតលុយតែ៤កែវរបស់ខ្លួនតែប៉ុណ្ណោះ រួចដើរចេញទៅទាំងមិនទាន់ឱ្យលុយ១រៀលនៅឡើយ ទើបស្ត្រីជីាមេការដើរទៅតាមសួរនាំ ស្រាប់តែជនបរទេសរូបនោះ បានវាយស្ត្រីជាមេការចំនួន២ដៃ ហើយបម្រុងឡើងកង់បី តែត្រូវមេការដើរតាមទៀត ទើបជនបរទេសនោះកាន់តែក្តៅឆួល ក៏ទះស្ត្រីជាមេការថែម៣កំផ្លៀងផ្ទប់កង់បីទៀត ធ្វើឱ្យកើតមានការផ្អើលឆោឡោ  រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានជួយធ្វើការសម្របសម្រួល ហើយចុងក្រោយ ភាគីជនបរទេស បានសុខចិត្តផ្តល់ទាំងថ្លៃស្រា ទាំងសំណងជំងឺចិត្តទៅស្ត្រីជាមេការចំនួន៤០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

RELATED ARTICLES