Friday, March 29, 2024
Homeព័ត៌មានជាតិមកតាមគេ អាជ្ញាធរទប់ស្កាត់ ហើយណែនាំឲ្យចេញពីតំបន់ហាមឃាត់

មកតាមគេ អាជ្ញាធរទប់ស្កាត់ ហើយណែនាំឲ្យចេញពីតំបន់ហាមឃាត់

ភ្នំពេញ ៖ ក្រុមមន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិព្រះសីហនុរាម នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បានចុះធ្វើការទប់ស្កាត់ការនាំក្រុមកម្មករចំនួន១០នាក់ ដែលដឹកនាំដោយឈ្មោះហេង ស៊ីថា ភេទប្រុស រស់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចូលក្នុងតំបន់ហាមឃាត់ ស្ថិតនៅចំណុចតាបិន ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតំបន់អភិរក្សនៃឧទ្យានជាតិព្រះសីហនុរាម បំណងដើម្បីកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ក្រុមការងារបានណែនាំអ្នកទាំងនោះឱ្យចាកចេញពីតំបន់ហាមឃាត់ និងមិនអនុញ្ញាតឱ្យចូលក្នុងតំបន់ហាមឃាត់នេះទៀតឡើយ ហើយប្រសិនបើបំពាននឹងបំរាមនេះ នោះមន្ត្រីមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ក្រោយពីការអប់រំណែនាំមិនស្តាប់។ បន្ទាប់ពីបានស្តាប់ការអប់រំណែនាំអ្នកដែលប៉ុនប៉ងកាប់ឆ្ការរុករាន កាន់កាប់ដីរដ្ឋដោយខុសច្បាប់តាំងនោះ បានចាកចេញពីតំបន់ហាមឃាត់អស់ហើយ គិតត្រឹមល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។

លោកនេត្រ ភក្ត្រា បានថ្លែងថា ការទន្ទ្រានរុករានកាន់កាប់ដីដោយខុសច្បាប់របស់ប្រជាពលរដ្ឋខ្លះ ត្រូវបានធ្វើឡើងក្រោមការបំផុស ពីឈ្មួញរកស៊ីដីធ្លី ដែលពួកគេបានញុះញង់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានរំលោភបំពានច្បាប់ និងបំផ្លាញធនធានធម្មជាតិ ក្រោមច្រើនរូបភាព ដូចជា ការដាំដំណាំចេក ស្វាយ ខ្នុរ អាកាស្យា…ជាដើម ដើម្បីបន្លំថាជាដី និងដំណាំដែលខ្លួនបានកាន់កាប់ និងអាស្រ័យផលជាកម្មសិទ្ធិ ឬខ្លួនបាន គ្រប់គ្រងជាយូរមកហើយ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា ល្បិចកលក្នុងការបំផ្លាញធនធានធម្មជាតិខ្លះ ដែលជនខិលខូចខ្លះបានធ្វើក្នុងការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់នោះ គឺដូចជាការបោះព្រំដី ការត្រាយព្រៃតូចៗឱ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ ៘ ក្នុងរូបភាពអាស្រ័យផល និងឈានទៅដាក់ស្នើសុំការវាស់វែងផ្តល់កម្មសិទ្ឋិជូនពួកគាត់ទៅ អាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ឋ ជាពិសេសស្នើទៅរដ្ឋាភិបាលជាបន្តបន្ទាប់។

លោកបន្តថា កន្លងមកក្នុងករណីមានការបង្ក្រាប ឬបដិសេធការផ្តល់កម្មសិទ្ធិ ក្រុមឈ្មួញបានញុះញង់ឱ្យមានការតវ៉ា និងពេលខ្លះឡើងមកតវ៉ាដល់រាជធានីភ្នំពេញ ហើយត្រូវបានបំពងសំឡេង ដោយក្រុមអង្គការសង្គមស៊ីវិល ធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួនថា ជាការរំលោភបំពានលើសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋានជាដើម។ តាមពិត នេះគឺជាការរំលោភច្បាប់យ៉ាងច្បាស់។

លោកនេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ជាទូទៅនៅតាមតំបន់ការពារធម្មជាតិនីមួយៗ មន្ត្រីឧទ្យានុរក្សមិនមានការរឹតបន្តឹង ឬហាមឃាត់ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ដែលប្រកបរបរចិញ្ចឹមជីវិត អាស្រ័យលើការប្រមូលអនុផល ព្រៃឈើ មានដូចជា រកផ្តៅ វល្លិ៍ ឫស្សី បន្លែ ផ្លែឈើ ឬអុសសម្រាប់ដុតប្រចាំថ្ងៃនោះទេ។ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថាន បានគិតគូរ និងយកចិត្តទុកដាក់បំផុត ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារធម្មជាតិនានា តាមរយៈការជួយបង្កើតមុខរបរ បង្កើត ប្រភពចំណូល បង្កើនចំណូលសម្រាប់អភិវឌ្ឍជីវភាពគ្រួសារបងប្អូន។

ដើម្បីទប់ស្កាត់នូវរូបភាពការទន្ទ្រានកាន់កាប់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានដោយសហការជាមួយក្រសួង ស្ថាប័នមាន សមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ឋ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដូចបានរៀបរាប់ខាងលើ ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។ ជាមួយគ្នានេះ ការយកពលរដ្ឋមកធ្វើជាលេស ដើម្បីទន្ទ្រានកាន់កាប់ដីរដ្ឋជារឿងខុសច្បាប់ និងមិនត្រូវបានអត់ឱនឱ្យឡើយ។ ក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលប្រទេសកម្ពុជា មានដើម្បីទុកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ហើយប្រសិនបើប្រជាពលរដ្ឋណាខ្វះដីពិតប្រាកដ សូមដាក់សំណើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរ មិនគួរទន្ទ្រានរុករានកាប់ឆ្ការព្រៃ កាន់កាប់ដីរដ្ឋដោយខុសច្បាប់ឡើយ។ ជនទាំងឡាយដែលបំពាន នឹងត្រូវប្រឈមមុខចំពោះច្បាប់៕

RELATED ARTICLES