Wednesday, April 24, 2024
Homeតារាខ្មែរមាស សុខសោភា ត្រៀមចេញទៅច្រៀងរាំកាណាដា សំបុត្រ VIP និងធម្មតា លក់អស់គ្មានសល់

មាស សុខសោភា ត្រៀមចេញទៅច្រៀងរាំកាណាដា សំបុត្រ VIP និងធម្មតា លក់អស់គ្មានសល់

តារាចម្រៀងសំនៀងផ្អែម​មាស សុខសោភា នឹងហោះចេញទៅច្រៀងសម្តែងនៅប្រទេសកាណាដា នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ ២០១៩ ខាងមុខនេះហើយ ដែលនាងត្រូវចាប់ដៃគូជាមួយអតីតពិធីករ CTN លោកខៀវ សំភេទ។

ក្នុងលិខិតផ្សព្វផ្សាយរបស់អ្នករៀបចំប្រគំតន្ត្រីនៅប្រទេសកាណាដា បញ្ជាក់ថា សំបុត្រ VIP ដាក់លក់ក្នុងតម្លៃ៥០ដុល្លារ និងកៅអីធម្មតា៣០ដុល្លារ ត្រូវបានគេដាក់លក់ដាច់អស់ទៅហើយ សម្រាប់ការច្រៀងសម្តែងរបស់មាស សុខសោភា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នេះ។

ប៉ុន្តែមាស សុខសោភា នឹងហោះចេញទៅកាដាណា នៅដើមខែមេសា ខាងមុខនេះហើយ ព្រោះនាងនៅមានការសម្តែងជាច្រើនរដ្ឋនៅកាណាដា អំឡុងពេលបុណ្យចូលឆ្នាំខ្មែរនេះហើយ តាមព័ត៌មានថា សោភា ត្រូវច្រៀងសម្តែងនៅកាណាដា រយៈពេលជាង១ខែ។

នេះមិនមែនជាលើកទី១ឡើយ សម្រាប់មាស សុខសោភា ពោលគឺសឹងតែជារៀងរាល់ឆ្នាំទៅហើយ ដែលតារាចម្រៀងល្បីល្បាញរបស់ផលិតកម្មថោន រូបនេះ តែងតែឆ្លៀតចេញទៅច្រៀងសម្តែងនៅក្រៅស្រុក ក្នុង១ឆ្នាំ យ៉ាងហោចណាស់ក៏ម្តងដែរ បន្ទាប់ពីនាងមមាញឹកពេញ១ឆ្នាំ ក្នុងការសម្តែងច្រៀងនៅក្នុងស្រុកនោះ ហេតុនេះហើយបានជាគេថា សោភា ត្រូវប៉ាន់កើបលុយទាំងក្នុងនិងក្រៅស្រុក។

អ្នករៀបចំការប្រគំតន្ត្រីម្នាក់ បានឱ្យដឹងថា សម្រាប់ការច្រៀងសម្តែងនៅក្នុងស្រុកវិញ មាស សុខសោភា នៅតែមានការចាញ់ប្រៀបទៅលើគូប្រជែងរបស់នាង គឺឱក សុគន្ធកញ្ញា ដដែល នៅឆ្នាំ២០១៩នេះ ព្រោះសុគន្ធកញ្ញា បង្ហាញខ្លួនលើឆាកតន្ត្រីធំៗច្រើនជាងនាង ដោយសារតារាហង្សមាស មានអនាគតប្តី លោកអ៊ឹង សុខលី ជាអ្នកជួយជ្រោមជ្រែងនៅក្រោយខ្នង។ ប៉ុន្តែសម្រាប់ទៅផ្សារនៅក្រៅស្រុកវិញ មាស សុខសោភា បានវ៉ាដាច់ សុគន្ធកញ្ញា វិញម្តង ព្រោះថា អាណិកជនខ្មែរនៅបរទេសជាច្រើនបានគាំទ្រពេញៗសាល នៅពេលដែលសោភា ចេញទៅច្រៀងសម្តែងនៅក្រៅស្រុកនោះ ហេតុនេះហើយបានជាសោភា មិនដែលខកខានចេញទៅកើបលុយនៅក្រៅស្រុក។

ដោយឡែក សម្រាប់ការចេញទៅច្រៀងសម្តែងនៅកាណាដា លើកនេះ មាស សុខសោភា កាន់តែមានភាពកក់ក្តៅថែមទៀត ព្រោះថា ប្តីរបស់នាងលោកអ៊ឹត រ៉ាដា ជាអាណិកជននៅកាណាដា ស្រាប់ ហេតុនេះហើយ ពួកគេនឹងរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំថែមទៀតជាមិនខានឡើយ។

ការហោះទៅច្រៀងសម្តែងនៅកាណាដា របស់មាស សុខសោភា នៅពេលនេះ គឺដូចគ្នាទៅនឹងកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលនឹងស្ពាយបង្វេចចេញទៅច្រៀងនៅអាមេរិក ដែរ ហើយគេជឿជាក់ថា តារាកំពូលទាំង២ នឹងកើបលុយបានជាច្រើនម៉ឺនដុល្លារមកស្រុកវិញ ជាមិនខានឡើយ។

ដោយឡែក សម្រាប់មាស សុខសោភា វិញ ដំណើរទៅរកលុយនៅកាណាដា របស់នាងនៅពេលនេះ គឺចំពេលដែលមានព័ត៌មានថា សោភា កំពុងចរចាចូលផលិតកម្មហង្សមាស ផងដែរ ហើយតាមព័ត៌មានថា ការចរចារវាង សោភា និងហង្សមាស ស្ទើរតែត្រូវរ៉ូវគ្នាអស់ទៅហើយ ដែលគេរំពឹងថា សោភា នឹងក្លាយទៅជាសមាជិករបស់ហង្សមាស ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្រតារាចម្រៀងមាស សុខសោភា មិនចង់ឱ្យនាងចូលហង្សមាសឡើយ ព្រោះពួកគេបារម្ភខ្លាចសោភា ដើរជាន់ដានខេមរៈ សិរីមន្ត ដែលចេញពីសាន់ដេ ចូលហង្សមាស នោះ ពេលនេះ សិរីមន្ត មិនខ្លាំងក្លាដូចមុនឡើយ។

តាមរយៈការបង្ហាញខ្លួនច្រៀងរាំនៅ កាណាដា នៅថ្ងៃចូលឆ្នាំខ្មែរ របស់មាស សុខសោភា នៅពេលនេះ ធ្វើឱ្យគេសង្ស័យថា នាងទៅរកប្រាក់លើកនេះ ដើម្បីរៀបការជាមួយលោកអ៊ឹត រ៉ាដា កុំឱ្យមានការរិះគន់តទៅទៀតថា ពួកគេសាងស្នេហ៍ឥតខាន់ស្លា ក្រោយពីពួកគេបានរួមរស់ជាមួយគ្នា១១ឆ្នាំមក៕

RELATED ARTICLES