Thursday, April 25, 2024
Homeតារាខ្មែរមាស សុខសោភា អាចរួមទ្រនំជាមួយឱក សុគន្ធកញ្ញា លើកទី៣ បានទេ?

មាស សុខសោភា អាចរួមទ្រនំជាមួយឱក សុគន្ធកញ្ញា លើកទី៣ បានទេ?

គេថា “ភ្នំមួយ មិនអាចមានខ្លា២” បានឡើយ ប៉ុន្តែផលិតកម្មរស្មីហង្សមាស វិញ បានជ្រើសយកខេមរៈ សិរីមន្ត មកប៉ះគ្នាជាមួយព្រាប សុវត្ថិ ហើយពេលនេះ ពួកគេជ្រកកោនក្រោមទ្រនំតែ១ ដែលមើលពីខាងក្រៅហាក់គ្មានជម្លោះឡើយ គឺរស់នៅដោយសុខសាន្តជាមួយគ្នា។

ទោះជាយ៉ាងណា ចំណុចនេះ លោកសាស្ត្រារ្យសេង សំអាន មន្ត្រីជាន់ខ្ពស់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន លើកឡើងថា ដោយសារពេលនេះ ហង្សមាស មានខ្លាលើសពី២ អ៊ីចឹងហើយមិនមានបញ្ហាវិវាទកើតឡើង ពេលយកតារាណាមករួមទ្រនំប៉ះជាមួយតារាដែលមានស្រាប់នោះទេ។

ដោយឡែក មាស សុខសោភា ដែលជាគោលដៅធំរបស់ហង្សមាស ថាត្រូវតែយកតារាល្បីល្បាញរូបនេះ មកចូលទ្រនំរបស់ខ្លួនឱ្យខាងតែបាន ក្នុងពេលឆាប់ៗនេះវិញ ក៏ត្រូវបានមជ្ឈដ្ឋានមហាជនលើកឡើងដូចមុនថា បើសិនជាមាស សុខសោភា ចូលហង្សមាស មែន ខ្លា២អាចនៅទ្រនំតែមួយ បានសុខអត់ ?

ការលើកឡើងបែបនេះ ដោយសារគេចាត់ទុកថា មាស សុខសោភា ជាខ្លាដែលនៅផលិតកម្មថោន ចំណែកឱក សុគន្ធកញ្ញា ជាខ្លានៅផលិតកម្មហង្សមាស អ៊ីចឹងពេលពួកគេប៉ះគ្នានៅទ្រនំតែមួយ គឺចង់មិនចង់ត្រូវតែមានជម្លោះដណ្តើមគ្នាធ្វើអ្នកខ្លាំងរៀងៗខ្លួនជាមិនខានឡើយ។

ប៉ុន្តែអ្នកខ្លះថា បើព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត អាចជ្រកកោននៅផ្ទះជាមួយគ្នាបាន រឿងអីមាស សុខសោភា និងឱក សុគន្ធកញ្ញា មិនអាចរស់នៅក្រោមដំបូលជាមួយគ្នាបាន ព្រោះពេលនេះ តារាចម្រៀងស្រីជើងខ្លាំងនៅហង្សមាស មិនមែនមានតែសុគន្ធកញ្ញា ម្នាក់ ទេ គឺនៅមានពេជ្រ សោភា ម្នាក់ទៀតដែរ អ៊ីចឹងខ្លាលើសពី២។

មាស សុខសោភា ធ្លាប់ជ្រកក្រោមដំបូលតែមួយជាមួយ ឱក សុគន្ធកញ្ញា ២លើកមកហើយ គឺនៅផលិតកម្មរស្មីស្ទឹងសង្កែ និង U2 ឬ CB ហើយបើសិនជាសោភា ព្រមដើរចេញពីថោន ចូលហង្សមាស មែន គឺពួកគេនឹងជួបគ្នាជាលើកទី៣ ជាមិនខាន។ ប៉ុន្តែអ្នកគាំទ្រ (Fan) តារាចម្រៀងមាស សុខសោភា នៅតែស្នើសុំកុំឱ្យអ្នកចម្រៀងដែលពួកគេចាត់ទុកថា ទៅដល់ផលិតកម្មណា ក៏នៅតែល្បីរូបនេះ ចូលហង្សមាស ព្រោះពួកគេយល់ថា ហង្សមាស មានតួឯកទៅហើយ គឺឱក សុគន្ធកញ្ញា ដែលជាអនាគតប្អូនថ្លៃថៅកែហង្សមាស ដោយពួកគេបានដាក់ជាសំណួរថា បើសិនតារាទាំង២ នៅផលិតកម្មតែមួយ តើហង្សមាស នឹងលើកមាស សុខសោភា ឬមួយត្រូវលើកឱក សុគន្ធកញ្ញា ជាប្អូនថ្លៃ ?

ចំណុចមួយទៀត គេកត់សម្គាល់ថា ខេមរៈ សិរីមន្ត ធ្លាប់ល្បីល្បាញខ្លាំងនៅសាន់ដេ តែពេលនេះ សិរីមន្ត ដែលចូលហង្សមាស ជិត២ឆ្នាំទៅហើយនោះ មិនទាន់ល្បីខ្លាំងដូចមុនឡើយ។ ពួកគេបារម្ភថា មាស សុខសោភា ដែលជាតួឯករបស់ថោន នោះ នឹងដើរជាន់ដានដូចខេមរៈ សិរីមន្ត ជាមិនខាន បើសិនជាចូលហង្សមាស នោះ។

ទោះជាយ៉ាងណា តាមរយៈបទសម្ភាសន៍ផ្ទាល់ជាមួយអ្នកយកព័ត៌មានយើង នាពេលកន្លងមក មាស សុខសោភា បង្ហាញអារម្មណ៍ថា នាងអាចទៅហង្សមាស មែន នាពេលខាងមុខនេះ។

សោភា បញ្ជាក់ថា នាងកំពុងពិចារណា និងចរចាលក្ខខ័ណ្ឌឱ្យបានច្បាស់លាស់ជាមុនសិន ទើបសម្រេចចុងក្រោយថា គួរទៅឬអត់ ? នាងថា ពេលនេះ នាងច្រៀងនៅថោន គ្មានកុងត្រាទេ អ៊ីចឹងអាចទៅផលិតកម្មណាក៏បាន ហើយមិត្តភក្តិមួយចំនួនរបស់នាងនៅហង្សមាស គឺជំរុញឱ្យនាងចូលផលិតកម្មនេះ។

នៅមុនពេលមាស សុខសោភា សម្រចចិត្តថា ត្រូវទៅហង្សមាស ជួបជាមួយឱក សុគន្ធកញ្ញា ជាលើកទី៣ ឬអត់នេះ?

តារាដែលសុគន្ធកញ្ញា ហៅថា រាជិនីសំឡេងផ្អែមនេះ បានត្រៀមដឹកដៃស្វាមីលោកអ៊ឹត រ៉ាដា ចេញទៅច្រៀងសម្តែងនៅកាណាដា រយៈពេលជាង១ខែផងដែរ នៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ទើបធ្វើឱ្យគេសង្ស័យថា សោភា ទៅកើបលុយត្រៀមរៀបការធំនៅចុងឆ្នាំ២០១៩ នេះ៕

RELATED ARTICLES