Tuesday, April 23, 2024
Homeព័ត៌មានជាតិមេប៉េអឹមស្រុកតំបែរ សម្ញែងខ្លាំងពេក ស្រាប់តែបងថ្លៃស្រែកអូយៗៗ

មេប៉េអឹមស្រុកតំបែរ សម្ញែងខ្លាំងពេក ស្រាប់តែបងថ្លៃស្រែកអូយៗៗ

ខេត្តព្រៃវែង ៖ ប៉េអឹមម្នាក់បានជួបជុំផឹកស៊ីជាមួយសាច់ញាតិរបស់ខ្លួន លុះចាប់ផ្តើមស្រវឹងស្រឿងៗ ក៏បែកគំនិត ហូតកាំភ្លើងខ្លីពីចង្កេះចេញមកបង្អួត សំញែងបងប្អូន ស្រាប់តែរាលកៃកាំភ្លើង បណ្តាលឱ្យត្រូវបុរសជាបងថ្លៃ ធ្លាយស្មារងរបួសធ្ងន់ ក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់ ហេតុការណ៍ នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិធម្មកេរ្ត៍ ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច។

ជនសង្ស័យជាម្ចាស់កាំភ្លើង មានឈ្មោះសៅ នីម អាយុ៣៧ឆ្នាំ ជាមេបញ្ជាការអាវុធហត្ថ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានលំនៅក្នុងភូមិពុទ្ធា ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះ មានឈ្មោះម៉េត ហ៊ាង អាយុ៤៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ រងរបួសត្រូវចំនួន១គ្រាប់ ចំស្មាខាងស្តាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្ក ត្រូវជាបងប្អូនថ្លៃនឹងគ្នា រួមនឹងសាច់ញាតិប៉ុន្មាននាក់ទៀត បានជួបជុំគ្នាផឹកស៊ីសើចលេងយ៉ាងសប្បាយ។ លុះក្រោយពីស្រវឹងស្រឿងៗ ស្រាប់តែប្អូនថ្លៃដែលជាមេបញ្ជាការអាវុធហត្ថខេត្តតំបែរ ក៏បានហូតកាំភ្លើងខ្លីពីចង្កេះមកបង្អួតសម្ញែង លុះបន្តិចក្រោយមក ស្រាប់តែកាំភ្លើងបានផ្ទុះឡើងលាន់ផូង និងលាន់ឮសម្រែកជនរងគ្រោះជាបងថ្លៃស្រែកថា អូយៗៗ រួចក៏ដួលទៅនឹងដី ដោយមានឈាមហូរជោកខ្លួនទៀតផង។ លុះអ្នកផឹកស៊ីរួមវង់ស្ទុះទៅមើល ទើបដឹងថា ជនរងគ្រោះត្រូវកាំភ្លើងរបស់ប្អូនថ្លៃរាលកៃចំស្មាខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ ជនសង្ស័យបានដឹកបងថ្លៃរបស់ខ្លួនទៅមន្ទីរពេទ្យភ្នំពេញ ដើម្បីសង្គ្រោះជីវិត។ បន្ទាប់មក សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតកាំភ្លើងខ្លី ម៉ាកប៉េអាកុល រៀបចំកសាងសំណុំរឿង បញ្ជូនទៅអាវុធហត្ថខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES