Thursday, April 25, 2024
Homeព័ត៌មានជាតិមេម៉ាយកូន១ ធ្វើខួបលែងប្តី៣ឆ្នាំ ផ្តាំមេម៉ាយដូចគ្នាថា...

មេម៉ាយកូន១ ធ្វើខួបលែងប្តី៣ឆ្នាំ ផ្តាំមេម៉ាយដូចគ្នាថា…

ខេត្តស្វាយរៀង ៖ ស្ត្រីមេម៉ាយកូន១ ប៉ុន្តែមានរូបសម្បត្តិល្អស្រស់មិនចាញ់ក្រមុំម្នាក់ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីនាងបានរៀបចំពិធីខួបមេម៉ាយគម្រប់៣ឆ្នាំ (លែងប្តី៣ឆ្នាំ) និងថែមទាំងបានអញ្ជើញភ្ញៀវចូលរួមពិសាភោជនាហារ ប្រមាណជាង១០តុ ដោយកម្មវិធីបានប្រព្រឹត្ត ទៅយ៉ាងសប្បាយរីករាយគគ្រឹកគគ្រេង មិនចាញ់ពិធីមង្គលការប៉ុន្មានឡើយ។

ករណីស្ត្រីមេម៉ាយប្រារឰខួបលែងប្តី៣ឆ្នាំនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចគេហដ្ឋានរបស់នាង ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ ពិធីមួយនេះ ត្រូវបានរៀបចំឡើងដោយមិនបានសង់រោង តុបតែងភ្លើងពណ៌ ឬផ្កាភ្ញីអ្វីឡើយ គ្រាន់តែរៀបតុទទួលភ្ញៀវនៅវាលចំហៀងផ្ទះ និងមានការចងប៉េងប៉ោងចម្រុះពណ៌នៅខាងមុខច្រកចូល ជំនួសឱ្យខ្លោងទ្វារជ័យ ប៉ុន្តែមានធុងបាស់ចាក់លាន់ឮទ្រហឹង ដើម្បីកំដរបរិយាកាសឱ្យកាន់តែរីករាយផងដែរ។ ដោយឡែក សាមីខ្លួនជាម្ចាស់កម្មវិធីវិញ បានតុបតែងខ្លួនប្រៀបបាននឹងកូនក្រមុំ ចាំទទួលភ្ញៀវនៅថ្ងៃមង្គលការដូច្នោះដែរ គ្រាន់តែខុសថា មិនមែនជាពិធីមង្គលការ តែជាខួបលែងប្តី៣ឆ្នាំទៅវិញ។

សាមីខ្លួនស្ត្រីដែលរៀបចំខួបលែងប្តី៣ឆ្នាំ រូបនេះ មានឈ្មោះទេស ស្រីនាង អាយុ២៩ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រជាពលរដ្ឋជាភ្ញៀវ ដែលត្រូវបានអ្នកមេម៉ាយរូបស្រស់ អញ្ជើញចូលរួមក្នុងពិធីគម្រប់ខួបមេម៉ាយ៣ឆ្នាំនេះ បានសម្តែងនូវអារម្មណ៍រីករាយ និងភ្ញាក់ផ្អើលថា នេះគឺជាលើកទី១ហើយ ដែលពួកគាត់បានចូលរួមនៅក្នុងពិធីខួបលែងប្តីបែបនេះ។ យ៉ាងណា ពិធីនេះគឺមានភាពអធិកអធមណាស់ ដោយមានការអញ្ជើញសាច់ញាតិ និងមិត្តភក្តិជិតឆ្ងាយមកចូលរួមយ៉ាងច្រើនកុះករ មិនចាញ់ពិធីមង្គលការប៉ុន្មានឡើយ។

នាងទេស ស្រីនាង ដែលជាម្ចាស់កម្មវិធី ខួបលែងប្តី៣ឆ្នាំ ដែលបានតុបតែងខ្លួនស្រស់ស្អាត ឡើងខ្ញង់មិនចាញ់ក្រមុំ បានរៀបរាប់ប្រាប់ថា នាងពិតជាមេម៉ាយមែន និងថែមទាំងធ្លាប់មានប្តី២ដងមកហើយ តែសព្វថ្ងៃ នាងរស់នៅតែជាមួយកូនស្រីម្នាក់អាយុ៩ឆ្នាំប៉ុណ្ណោះ រីឯប្តីទាំង២នាក់នោះ គឺបានលែងលះដាច់ដោចគ្នាអស់ទៅហើយ ហើយក្នុងនោះ នាងទើបលែងប្តីទី២ បានរយៈពេល៣ឆ្នាំ ចំថ្ងៃដែលនាងរៀបចំកម្មវិធីនេះតែម្តង។

នាងទេស ស្រីនាង បន្តថា មូលហេតុដែលនាងសម្រេចរៀបចំកម្មវិធីខួបមេម៉ាយគម្រប់៣ឆ្នាំនេះ គឺដើម្បីចង់ឱ្យមនុស្សស្រីដែលលែងលះប្តី ត្រូវតាំងចិត្តឱ្យរឹងមាំឡើង កុំបាក់ទឹកចិត្ត ត្រូវប្រឹងរៀនរស់ដោយខ្លួនឯង បើទោះបីជាគ្មានប្តី ក៏យើងត្រូវតែខិតខំរកស៊ីចិញ្ចឹមកូនខ្លួនឯងឱ្យធំ និងមានចំណេះដឹង មិនត្រូវបាក់ទឹកចិត្តធ្វើរឿងផ្តេសផ្តាសនោះទេ គង់តែមានបុរសណាម្នាក់គេយល់ចិត្ត ចង់រស់នៅជាមួយយើង ហើយបើយើងមានសំណាងល្អ ពិតជាមានគូថ្មីទៀត។ ដូច្នេះបើយើងនៅមានជីវិត ត្រូវតែតស៊ូឡើង ត្រូវខិតខំរកស៊ី ដើម្បីកូនៗជាទីស្រឡាញ់ និងបងប្អូនឪពុកម្តាយមិនមែនអត់ប្តី គឺយើងរស់មិនបាននោះទេ។

យ៉ាងណា ពិធីជប់លៀងដ៏ប្លែកមួយនេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានភ្ញៀវចូលរួមជាបន្តបន្ទាប់ ខណៈដែលម្នាក់ៗស្លៀកពាក់តុបតែងខ្លួន ដូចចូលរួមពិធីមង្គលការអ៊ីចឹងដែរ និងថែមទាំងបាននាំគ្នាជូនពរឱ្យអ្នកមេម៉ាយរូបនេះ រស់នៅប្រកបដោយភាពរឹងមាំ មានសុភមង្គល ពិសេស សូមឱ្យជួបគូព្រេងពិត អាចដឹកដៃគ្នាដើរដល់វ័យចាស់កោងខ្នងរៀងខ្លួន ក្នុងពេលឆាប់ៗនេះ៕

RELATED ARTICLES