Friday, March 29, 2024
Homeតារាខ្មែរម៉ៃ សុគន្ធ ចេញបទ ”វិប្បដិសារីក្មេងគ្រឿងញៀន” សង្ឃឹមអ្នកប្រើប្រាស់ថ្នាំញៀនកែខ្លួន

ម៉ៃ សុគន្ធ ចេញបទ ”វិប្បដិសារីក្មេងគ្រឿងញៀន” សង្ឃឹមអ្នកប្រើប្រាស់ថ្នាំញៀនកែខ្លួន

បទ ”វិប្បដិសារីក្មេងគ្រឿងញៀន” ដែលបង្ហើរសំនៀងដោយតារាជាប់រហ័សនាមថា ”កំពូលទើស” នោះ ត្រូវបានម្ចាស់បទផ្ទាល់ លោកម៉ៃ សុគន្ធ អះអាងថា ជាបទ Original Songs ដែលទើបចេញថ្មីៗ ដើម្បីឲ្យចំតាមស្ថានភាពជាក់ស្ដែងដែលអាជ្ញាធររាជធានីភ្នំពេញ បានចុះទៅចាប់យុវជនយុវតីសង្ស័យ ប្រើប្រាស់ និងចែកចាយថ្នាំញៀន ដល់ទៅជាង៣០០នាក់ នៅក្លឹបកម្សាន្ដ Rock។

តារាចម្រៀងដែលអ្នកណាធ្វើអី្វ ក៏មិនសូវត្រូវចិត្ត ម៉ៃ សុគន្ធ បានឲ្យដឹងថា “បទនេះមានការអប់រំជ្រៅណាស់ដល់យុវវ័យទាំងឡាយ ដែលដើរផ្លូវខុស សូមឲ្យមកដើរផ្លូវត្រូវវិញ ម្យ៉ាងទៀតវាក៏ឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថា គ្រឿងញៀនវាបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិយ៉ាងណានោះ”។

ទោះជាយ៉ាងណា ម៉ៃ សុគន្ធ ថា នេះមិនមែនជាលើកទី១ទេ ដែលលោកបានចេញបទចម្រៀង Original Songs នោះ គឺរាប់ភ្លេចទៅហើយ តែការចេញបទ ”វិប្បដិសារីក្មេងគ្រឿងញៀន” នេះ លោកសង្ឃឹមថា​នឹងជួយច្រើនដល់ក្មេងដែលប្រើប្រាស់គ្រឿងញៀន សូមកែខ្លួនវិញឲ្យទាន់ពេលវេលា។

គួរបញ្ជាក់ថា ម៉ៃ សុគន្ធ ដែលត្រូវគេស្គាល់ថា ជាម្ចាស់បទ ”សន្យាអាចម៍ឆ្កែ” នោះ មិនងាយត្រូវចិត្តផ្ដេសផ្ដាសចំពោះសកម្មភាពរបស់តារាណាឡើយ គឺតែងតែទើសចិត្តលោកជានិច្ច ទើបកន្លងមក អ្នកចម្រៀងរូបនេះត្រូវគេផ្ដល់ងារថា ”តារាកំពូលទើស”។

ម៉ៃ សុគន្ធ ផ្ទាល់​ក៏ធ្លាប់ត្រូវគេរិះគន់ស្ពឹកមុខវិញដែរថា ច្រៀងមិនកើត ឬចាំតែលួចចម្លងបទចម្រៀងពីតារាប្រទេសជិតខាង ហើយថា ជាបទថ្មីរបស់ខ្លួនឯង ឬជា Original​Songs ទៀតផង តែសុគន្ធ ដែលពូកែទើសគេនោះ បានបើកចិត្តទូលាយថា សូមរិះគន់ចុះក្នុងន័យស្ថាបនា កុំឲ្យតែជាន់ពន្លិច គឺលោកសូមស្វាគមន៍ជានិច្ច៕

RELATED ARTICLES