Friday, April 26, 2024
Homeព័ត៌មានជាតិម្តងនេះក្តៅគគុក... ប៉ុន្តែប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីបានទើបមានចំណាត់ការពេលនេះ?

ម្តងនេះក្តៅគគុក… ប៉ុន្តែប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីបានទើបមានចំណាត់ការពេលនេះ?

ខេត្តពោធិ៍សាត់ ៖ អាជ្ញាធរស្រុកភ្នំក្រវាញ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការក្តៅបង្ក្រាបការដឹកឈើគ្រប់ប្រភេទ ទាំងអនុផលព្រៃឈើតូចតាច មិនថាដឹកតាមម៉ូតូ រថយន្ត ឬគោយន្តនោះទេ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ មិនឃើញមានមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ ចូលរួមក្នុងការប្រតិបត្តិការដ៏ក្តៅគគុកនេះឡើយ។

ប្រជាពលរដ្ឋនៅតំបន់នោះ បានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺហាក់កំពុងវាយបំបែកឆ្នាំងបាយរបស់មន្ត្រីបរិស្ថាន និងរដ្ឋបាលព្រៃឈើ យ៉ាងដូច្នោះដែរ។ គេកត់សម្គាល់ឃើញថា ការបង្ក្រាបរថយន្ត រថយន្តកែច្នៃ ឬគោយន្តដឹកឈើនៅពេលនេះ កើតឡើងក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល ចេញវិធានការបញ្ជាឱ្យបង្ក្រាបបទល្មើសព្រៃឈើ។

ប្រជាពលរដ្ឋបានបន្តថា មុននេះគ្មានទេការបង្ក្រាបការដឹកជញ្ជូនឈើគ្រប់ប្រភេទនៅក្នុងស្រុកភ្នំក្រវាញ ហើយការដឹកជញ្ជូនឈើគ្រប់ប្រភេទ ត្រូវបានធ្វើជាចំហរ ហើយចរាចរណ៍នៃហ្វូងគោយន្ត គោយន្តកែច្នៃ ស្ទើរតែនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទៀតផង។ ពេលខ្លះ ហ្វូងគោយន្ត រថយន្តកែច្នៃ រ៉ឺម៉កដឹកឈើធ្វើចរាចរណ៍ បណ្តាលឱ្យស្ទះផ្លូវដូចនៅរាជធានីភ្នំពេញដែរ។ ការដឹកជញ្ជូនឈើដែលធ្វើឡើងជាចំហរនោះ ត្រូវបានអ្នករកស៊ីអះអាងថា បានបង់ប្រាក់ឱ្យសមត្ថកិច្ចគ្រប់ផ្នែក ទាំងរដ្ឋបាលព្រៃឈើ ក៏ដូចជាផ្នែកបរិស្ថានដែលនៅដើមទីក្នុងព្រៃ។ ប៉ុន្តែចាប់ពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ សកម្មភាពនៃការដឹកជញ្ជូនឈើត្រូវប្រឈមនឹងការបង្ក្រាប មិនថារថយន្តកែច្នៃ ឬគោយន្តដឹកឈើនោះទេ។

គេមិនដឹងថា តើវិធានការនោះគ្រាន់តែជាការអប់រំ ឬក៏ចាត់វិធានការផ្លូវច្បាប់ចំពោះអ្នករកស៊ីដឹកឈើនោះឬយ៉ាងណាទេ។ បើតាមប្រភពអះអាងថា សកម្មភាពបង្ក្រាបនេះបានធ្វើឡើងនៅភូមិព្រងិល ស្ថិតក្នុងស្រុកភ្នំក្រវាញ ហើយគេមិនទាន់ដឹងថា តើការបង្ក្រាបនេះ ធ្វើឡើងនៅគ្រប់ទីកន្លែងក្នុងទឹកដីខេត្តពោធិ៍សាត់ ឬក៏យ៉ាងណាទេ ប៉ុន្តែប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីបានទើបមានចំណាត់ការពេលនេះ?

លោកតាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានឱ្យដឹងថា ការចាប់បង្ក្រាបសកម្មភាពចរាចរណ៍ឈើខុសច្បាប់នេះ គឺអនុវត្តតាមបទបញ្ជាថ្នាក់លើ ហើយឈើដែលចាប់បានត្រូវប្រគល់ឱ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើ។ វិធានការជាបន្តទៀតយ៉ាងណានោះ លោកមិនដឹងទេ ប៉ុន្តែតាមបទបញ្ជា គឺបង្ក្រាបសកម្មភាពដឹកឈើគ្រប់ប្រភេទទាំងយប់ទាំងថ្ងៃ មិនលើកលែងនោះឡើយ ។

រថយន្តកែច្នៃ ក៏ដូចជាគោយន្តមានទាំងរ៉ឺម៉កដឹកឈើផង គិតទៅរាប់រយគ្រឿង ដែលធ្វើសកម្មភាពខុសច្បាប់ ហើយត្រូវសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បង្ក្រាបបាន។ ប៉ុន្តែអ្នករកស៊ីនៅតំបន់នោះឆ្ងល់ថា ហេតុអ្វីបានជាមិនបង្ក្រាបតាំងពីយូរមកហើយ ឬមួយដោយសារតែបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ទើបបានជាសមត្ថកិច្ច ជាពិសេស ថ្នាក់ដឹកនាំខេត្តចាត់វិធានការ? គេរំពឹងថា អាជ្ញាធរខេត្តពោធិ៍សាត់ នឹងចាត់វិធានការបង្ក្រាបចំពោះសកម្មភាពដឹកឈើនេះ ដោយមិនលើកលែងឡើយ៕

RELATED ARTICLES