Friday, April 19, 2024
Homeព័ត៌មានជាតិម្តាយអស់ភាពអត់ធ្មត់ហើយ ហៅសមត្ថកិច្ចអូសកកូនចូលប៉ុស្តិ៍

ម្តាយអស់ភាពអត់ធ្មត់ហើយ ហៅសមត្ថកិច្ចអូសកកូនចូលប៉ុស្តិ៍

ខេត្តកណ្តាល ៖ យុវជនឈាមរាវម្នាក់ ព្រោះតែវក់នឹងការប្រើប្រាស់ថ្នាំញៀន ទើបធ្វើឱ្យបាត់បង់សតិស្មារតី លែងដឹងខុសត្រូវ តែងរករឿងអុកឡុកក្នុងផ្ទះ វាយបំផ្លាញទ្រព្យសម្បត្តិខ្ទេចអស់ជាញឹកញាប់ លុះចុងក្រោយ បានមកសុំលុយម្តាយ បំណងយកទៅជក់ថ្នាំញៀន តែម្តាយគ្មានលុយឱ្យ បែរជាមួម៉ៅក្តៅចិត្ត ស្ទុះទៅយកចំណីជ្រូក៥បាវ បោះចោលក្នុងទឹក រួចក៏យកម៉ូតូរបស់ម្តាយដុតបំផ្លាញចោល ធ្វើឱ្យឆេះខ្ទេចសល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ រហូតដល់ស្ត្រីជាម្តាយទ្រាំលែងបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចឱ្យចាប់អូសកកូនប្រុសបំផ្លាញរូបនេះ យកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសខឹងសុំលុយម៉ែអត់បាន បែរជាទៅយកម៉ូតូរបស់ម្តាយ យកមកដុតចោលឆេះហ្មត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងី កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ។

កូនប្រុសចិត្តក្តៅខាងលើនេះ មានឈ្មោះវុទ្ធី មករា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះប៊ិន វណ្ណា អាយុ៤៨ឆ្នាំ មុខរបរមេផ្ទះ។ ម្តាយកូនខាងលើនេះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកសម្ភារដែលរងការខូចខាត រួមមាន ម៉ូតូ១គ្រឿង និងចំណីសត្វជ្រូក៥បាវ។

តាមសម្តីរបស់ស្ត្រីរងគ្រោះជាម្តាយ បានរៀបរាប់ប្រាប់ថា កន្លងមកកូនប្រុសរូបនេះ (ជនសង្ស័យ) តែងបង្កហិង្សាវ៉ៃបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះជាញឹកញាប់ ដូចជា ចាន ឆ្នាំង វិទ្យុ ទូរទស្សន៍…ជាដើម និងពុំស្តាប់ការអប់រំទូន្មានរបស់ឪពុកម្តាយនោះទេ។ លុះមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ជនសង្ស័យក៏បានមកសុំលុយពីម្តាយបំណងយកទៅទិញថ្នាំញៀនជក់ លុះម្តាយអត់មានលុយឱ្យ ក៏រអ៊ូរទាំក្នុងផ្ទះ និងបានយករករឿងឪពុកម្តាយ រួចក៏ទៅយកចំណីសត្វជ្រូកចំនួន៥បាវ ទៅបោះចោលក្នុងទឹកព្រែក បន្ទាប់មកក៏យកកូនកាំបិត គប់ជញ្ជាំងផ្ទះទៀត។

ស្ត្រីរងគ្រោះជាម្តាយ បន្តថា លុះមកដល់វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល ដោយមិនទាន់អស់កំហឹងក្នុងខ្លួន ទើបជនសង្ស័យក៏បានយកម៉ូតូរបស់គាត់ជាម្តាយ ១គ្រឿង ដុតបំផ្លាញចោលខូចខាតទាំងស្រុង។ ដោយសារតែទ្រាំនឹងទង្វើកោងកាចរបស់កូនប្រុសរូបនេះតទៅទៀតលែងបាន ទើបគាត់ជាម្តាយបានសម្រេចចិត្តប្តឹងសមត្ថកិច្ចឱ្យធ្វើការចាប់ខ្លួនកូនប្រុសកំណាចរូបនេះ យកចាត់ការតាមច្បាប់តែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះជាម្តាយរួចមក នគរបាលជំនាញស្រុកកោះធំ បានធ្វើការឃាត់ខ្លួនយុវជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើការចាប់ខ្លួនយុវជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានធ្វើការពិនិត្យ តេស្តទឹកនោម ជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀន)៕

RELATED ARTICLES