Friday, April 19, 2024
Homeតារាខ្មែរសុគន្ធ និសា មិនខ្វល់ស្តារកេរ្តិ៍ឈ្មោះឡើងវិញ?

សុគន្ធ និសា មិនខ្វល់ស្តារកេរ្តិ៍ឈ្មោះឡើងវិញ?

សុគន្ធ និសា ត្រូវបានគេរំពឹងថា នាងនឹងក្តាប់តំណែងជាគណៈកម្មការធំណាមួយរបស់ហង្សមាស ជាមិនខានឡើយ ដើម្បីប៉ះប៉ូវផ្លូវចិត្តឡើងវិញ បន្ទាប់ពីនាងត្រូវបានគេដកចេញពីកម្មវិធី The Voice Kids Cambodia រដូវកាលទី2 គួរឱ្យភ្ញាក់ផ្អើល និងត្រូវដាក់ជំនួសវិញ ដោយសួស វីសា ដែលមានបទពិសោធន៍ក្នុងសិល្បៈតិចជាងនាងនោះ។

ប៉ុន្តែផ្ទុយពីការរំពឹងបែបនេះ ព្រោះថ្មីៗនេះ ហង្សមាស បានបញ្ចោញកម្មវិធីប្រលងចម្រៀងដែលទើបទិញ License ពីបរទេស ឈ្មោះថា X Factor Cambodia រដូវកាលទី1នោះ ឈ្មោះគណៈកម្មការទាំង4 ដែលត្រូវគេដាក់បញ្ចូល គឺគ្មានឈ្មោះរបស់សុគន្ធ និសា ឡើយ គឺមានតែខេមរៈ សិរីមន្ត, ណុប បាយ៉ារិទ្ធ, ឱក សុគន្ធកញ្ញា និងសុខ សីឡាលីន ទៅវិញ។

មានការលើកឡើងថា ការមើលរំលងសុគន្ធ និសា របស់ហង្សមាស ដោយដាក់សុខ សីឡាលីន ដែលគេយល់ថា សមត្ថភាពរបស់នាងនៅមានកម្រិតនេះ គឺច្បាស់ណាស់ថា ហង្សមាស មិនបានប៉ះប៉ូវផ្លូវចិត្តរបស់សុគន្ធ និសា ឡើងវិញឡើយ គឺផ្ទុយពីការសន្និដ្ឋានរបស់មហាជនមុននេះថា ហង្សមាស នឹងប្រគល់តំណែងថ្មីធំណាមួយជូននិសា វិញ ដើម្បីកុំឱ្យនាងបាក់មុខនោះ តែពេលនេះ គឺហង្សមាស មិនចាំបាច់ដាក់និសា ចូលកម្មវិធីថ្មីនេះឡើយ ហើយហង្សមាស បានបន្ថែមតំណែងថ្មីនេះ ឱ្យទៅឱក សុគន្ធកញ្ញា បន្ថែមពីលើតំណែង3ថែមទៀត ខណៈដែលតារាចម្រៀងរូបនេះកាន់តែកៀកក្លាយទៅជាប្អូនថ្លៃលោកថៅកែហង្សមាស ទៅហើយ។

សុគន្ធ និសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងបានសុំឈប់ពីកម្មវិធី The Voice kids Cambodia រដូវកាលទី2នោះ ដោយខ្លួនឯង គឺមិនមែនហង្សមាស ដកនាងចេញនោះ ទេ។ ប៉ុន្តែ និសា ទទួលស្គាល់ថា ការចាកចេញពីកម្មវិធីនោះ គឺអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាងខ្លះៗមែន ព្រោះអ្នកខ្លះអាចម៉ៃថា មកពីនាងធ្វើមិនកើតបានគេដកចេញ។

ទោះជាយ៉ាងណា និសា បានបើកចិត្តយ៉ាងទូលាយស្វាគមន៍សិស្សប្អូន សួស វីសា ដែលចូលកាន់​តំណែងរបស់នាង ​ដោយនាងថែមទាំងជំរុញនិងលើកទឹកចិត្តវីសា ឱ្យខិតខំប្រឹងប្រែងធ្វើកិច្ចការនោះឱ្យបានល្អទៀតផង។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 ជាមួយលោកពៅ សម្បត្តិ ហៅសាំបា អាណិកជនខ្មែរ មកពីរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក តែពេលនេះនាងមិនទាន់ពពោះកូនលើកដំបូងឡើយ ព្រោះអាចចាំវីសាពីស្ថានទូតអាមេរិក ធ្លាក់មកសិន មានន័យថា និសា នឹងសម្រាលកូននៅលើទឹកដីអាមេរិក ដែលភ្ជាប់ជាមួយសញ្ជាតិអាមេរិក ដោយស្វ័យប្រវត្តិតែម្តង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ផងដែរ ក្រោយរៀបការសុគន្ធ និសា ហាក់មានភាពស្ងប់ស្ងាត់ជាងមុនបន្តិច ទើបធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងរូបនេះ មានការព្រួយបារម្ភថា ខ្លាចតែនិសា ដើរជាន់ដានតារាមួយចំនួន ដែលមានប្តីហើយពិបាកស្តារកេរ្តិ៍ឈ្មោះ។ ប៉ុន្តែអ្នកខ្លះទៀតបានលើកឡើងថា សុគន្ធ និសា មានស្វាមីជាអ្នកមានទ្រព្យស្តុក ហេតុនេះហើយ ទោះជាមិនសូវត្រូវប៉ាន់អាជីពសិល្បៈដូចមុន ក៏នាងគ្មានវិបត្តិសេដ្ឋកិច្ចឡើយ។

សុគន្ធ និសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងបានត្រៀមចិត្តកាយាអស់ទៅហើយថា ទោះជាមានស្វាមីហើយចុះខ្សោយ យ៉ាងណាក៍នាងហ៊ានប្រឈមដែរ។ ប៉ុន្តែអាជីពសិល្បៈដែលនាងតស៊ូជាង10ឆ្នាំនេះ គឺនាងនៅតែបន្តរហូតទាល់តែលែងមានទស្សនិកជនគាំទ្រ ទើបនាងលែងច្រៀង៕

RELATED ARTICLES