Thursday, April 25, 2024
Homeព័ត៌មានជាតិសំណាងផ្ទុះគ្រាប់ចំខ្លួនឯង ពុំដូច្នោះទេ ប្រពន្ធប្រហែលជាត្រូវស្លាប់ហើយ

សំណាងផ្ទុះគ្រាប់ចំខ្លួនឯង ពុំដូច្នោះទេ ប្រពន្ធប្រហែលជាត្រូវស្លាប់ហើយ

ខេត្តកណ្តាល ៖ ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារ រហូតឈានដល់ការផ្ទុះអាវុធ ប្តីប្រុងបាញ់សម្លាប់ប្រពន្ធ តែត្រូវឪក្មេកប្រតាយប្រតប់ដណ្តើមកាំភ្លើង បែរជារាលកៃផ្ទុះរបួសកូនប្រសាជាម្ចាស់កាំភ្លើង រង របួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ជនសង្ស័យមានឈ្មោះគង់ ចាន់ថន អាយុ៣៨ឆ្នាំ មុខរបរកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋានន្តរសក្តិវរសេនីយ៍ត្រី អត្តលេខ ១៩៥៥៣១ រងរបួសក្រោមដោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។ ចំណែកជនរងគ្រោះមានចំនួន២នាក់ ទី១-ឈ្មោះឈួន ជេស ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ (ឪពុកក្មេកជនសង្ស័យ) និងទី២-ឈ្មោះឈួន រ៉ានី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ប្រពន្ធរបស់ជនសង្ស័យ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានជិះឡានឈ្នួលពីភ្នំពេញ មកផ្ទះឪពុកបង្កើតរបស់ខ្លួនឈ្មោះឈួន ជេស ស្ថិតក្នុងភូមិឃុំកើតហេតុ រួចក៏ឱ្យបងស្រី ឈ្មោះឈួន រ៉ាឌី ជូនទៅរកគ្រូទាយ។ មួយសន្ទុះក្រោយមកក៏លេចមុខជនសង្ស័យជាប្ត្តី ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកដល់ផ្ទះឪពុកក្មេកដែរ ពេលនោះឈ្មោះឈួន រ៉ាឌី ក៏បានឌុបស្ត្រីប្រពន្ធរបស់ជនសង្ស័យមកដល់ល្មម ស្រាប់តែជនសង្ស័យនៅពេលបានជួបមុខប្រពន្ធភ្លាម ក៏ជេរបញ្ចោរប្រពន្ធ រហូតកើតជាជម្លោះជាមួយគ្នា បន្ទាប់មកជនសង្ស័យជាប្តីនោះបានដកកាំភ្លើងខ្លីចេញពីចង្កេះ បម្រុងបាញ់សម្លាប់ប្រពន្ធ ប៉ុន្តែភ្លាមនោះ ត្រូវបានបុរសជាឪពុកក្មេក ស្ទុះទៅចាប់ដៃជនសង្ស័យជាកូនប្រសានិងបានប្រវាយប្រតប់ជាមួយគ្នា ដើម្បីដណ្តើមយកកាំភ្លើង ភ្លាមនោះ ក៏ឮស្នូរផ្ទុះអាវុធ១គ្រាប់ ត្រូវចំក្រោមដោះខាងស្តាំជនសង្ស័យ បណ្តាលឱ្យដួលដេកលើដីតែម្តង។

ក្រោយកើតហេតុ បុរសជាឪពុកក្មេករបស់ជនសង្ស័យ បានទូរស័ព្ទប្តឹងកម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោងធំ ឱ្យចុះជួយអន្តរាគមន៍។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងបានឱ្យស្ត្រីជាប្រពន្ធជនសង្ស័យ បញ្ជូនជនសង្ស័យជាប្តី ទៅមន្ទីរពេទ្យព្រះកេតុមាលា ជាមួយកម្លាំងប៉ុស្តិ៍ចំនួន២នាក់ផងដែរ។ ចំណែកនៅកន្លែងកើតហេតុ បានដកហូតវត្ថុតាង រួមមាន អាវុធខ្លី K54 ១ដើម លេខ៥៤៦៧០ មានគ្រាប់ចំនួន៧គ្រាប់ សំបកគ្រាប់ចំនួន១គ្រាប់ បង់ដែក១។

ជាមួយនេះ សមត្ថកិច្ចក៏បានចុះធ្វើការសាកសួរ និងស្រាវជ្រាវដល់មន្ទីរពេទ្យព្រះកេតុមាលា ហើយបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES