Thursday, April 25, 2024
Homeព័ត៌មានជាតិស្មានតែរត់ទៅផ្ទះ ធ្វើអី... មួយសន្ទុះយុវជនម្នាក់ឈាមស្រោចខ្លួន

ស្មានតែរត់ទៅផ្ទះ ធ្វើអី… មួយសន្ទុះយុវជនម្នាក់ឈាមស្រោចខ្លួន

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាពកាប់ប្រហារយុវជនម្នាក់ រយះក្បាល ដោយគ្រាន់តែរឿងផឹកស៊ីស្រវឹង ក្លែមសម្តីដាក់គ្នាទៅវិញទៅមក ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឱ្យដឹងថា មានករណីហិង្សាដោយចេតនា (កាប់នឹងពូថៅ) កើតឡើង ត្រង់ចំណុចក្នុងផ្ទះជួលឈ្មោះ រាជ ភិន ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

លោកអធិការបន្តថា ក្នុងហេតុការណ៍អំពើហិង្សានោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះភា វីរៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតភូមិទី៩ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះ មានឈ្មោះសុខ ចិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិសង្កាត់កើតហេតុខាងលើ រងរបួសក្បាល កំពុងព្យាបាលនៅមន្ទីរពេទ្យ។

 លោកអធិការ បានបញ្ជាក់ថា មូលហេតុបង្កឡើងដោយសារផឹកស៊ីស្រវឹងជាមួយគ្នា មានទំនាស់ពាក្យសម្តី រួចជនសង្ស័យបានរត់ទៅយកពូថៅនៅផ្ទះរបស់ខ្លួន ទៅកាប់ជនរងគ្រោះតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកជនរងគ្រោះកំពុងព្យាបាលនៅមន្ទីរពេទ្យុ៕

RELATED ARTICLES