Friday, March 29, 2024
Homeព័ត៌មានជាតិស្រីឱ្យស្រោចទឹកលើករាសី គ្រូតាត្រៀមយ័ន្តការពារ២ ចាប់រំលោភ

ស្រីឱ្យស្រោចទឹកលើករាសី គ្រូតាត្រៀមយ័ន្តការពារ២ ចាប់រំលោភ

ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ ដោយសារតែមួយរយៈចុងក្រោយនេះ ហាក់យីអ៊ុនដាក់ជួបរឿងមិនល្អ។ ចំណែកការរកស៊ី ក៏ចេះតែមានបញ្ហារាំងស្ទះមិនឈប់ ក៏ទៅពឹងពរហៅគ្រូហោម្នាក់ឱ្យមកជួយប្រោសព្រំ លើករាសីដល់បន្ទប់ ស្រាប់តែប៉ះចំគ្រូប៉ោកត្រឡិន គ្រាន់តែមកដល់ក៏បង្គាប់ឱ្យស្ត្រីរងគ្រោះដោះខោអាវ ដើម្បីស្រោចទឹក លុះឃើញសាច់ខាងស្រីសខ្ចី បែរជាគ្រូអឹកអី ស្រាតខោអាវខ្លួនឯងចេញអស់ រួចស្ទុះទៅចាប់បង្ខំរំលោភទាំងកំរោល តែមិនបានសម្រេច ដោយសារស្ត្រីរងគ្រោះស្រែកឆោឡោ និងប្រឹងរើបម្រះរហូតរួចផុតពីក្រញាំតណ្ហាគ្រូបោកប្រាស់។

ហេតុការណ៍គ្រូប៉ោកត្រឡិន ប៉ុនប៉ងចាប់រំលោភស្រីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។

ជនសង្ស័យល្មោភកាម ដែលបន្លំខ្លួនជាគ្រូទស្សន៍ទាយលើករាសី និងប៉ុនប៉ងរំលោភស្រី រហូតដល់ជាប់ខ្នោះនេះ មានឈ្មោះជុំ ជឿន អាយុ៦៧ឆ្នាំ មុខរបរកសិករ តែបន្លំធ្វើជាគ្រូទាយ និងលើករាសី មានលំនៅក្នុងភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ។ ចំណែកស្ត្រីរងគ្រោះ មានវ័យ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើ បានស្វែងរកគ្រូទស្សន៍ទាយ និងលើករាសី ដើម្បីឱ្យមកជួយស្រោចទឹកលើករាសីដល់នាង ដោយសារតែមួយរយៈចុងក្រោយនេះ នាងហាក់មានយីអ៊ុនដាក់ខ្លាំងណាស់ ចំណែកមុខរបររកស៊ី ក៏ចេះតែមានបញ្ហារាំងស្ទះមិនឈប់មិនឈរ មិនដំណើរការល្អ ទើបនឹកចង់រកគ្រូមកលើករាសីចេញម្តង។ បន្ទាប់មក មិនដឹងថាយ៉ាងម៉េច បែរជាទៅរកគ្រូប៉ះចំជនសង្ស័យ ដែលតាមពិតគឺជាគ្រូប៉ោកត្រឡិន គ្មានចេះអ្វីសោះ បែរជាបន្លំខ្លួន អួតអាងថា មានមន្តវិជ្ជាពូកែខាងស្រោចទឹកលើករាសីទៅវិញ។

ប្រភពដដែលបន្តថា ក្រោយពីអញ្ជើញ គ្រូទស្សន៍ទាយមកដល់បន្ទប់ហើយ ជនសង្ស័យដែលបន្លំខ្លួនជាគ្រូល្បីនោះ បានដើរពិនិត្យមើលក្នុងបន្ទប់មួយសន្ទុះ និងឃើញថា គ្មានមនុស្សណានៅក្នុងបន្ទប់ស្ត្រីរងគ្រោះ ក៏បង្គាប់ឱ្យស្ត្រីរងគ្រោះជាម្ចាស់បន្ទប់ ដោះខោអាវចេញ ចោមពុងសារុង ដើម្បីធ្វើពិធីស្រោចទឹករំដោះគ្រោះ និងលើករាសី។ លុះពេលស្ត្រីរងគ្រោះចោមពុងសារុងរួចហើយ ស្រាប់តែគ្រូជើងល្អ ក៏បានបិទទ្វារ ខ្ទាស់គន្លឹះបន្ទប់ជាប់ ដោយអះអាងថា កុំឱ្យអាគមហើរចេញក្រៅ សាបអស់ លែងស័ក្តិសិទ្ធិ បន្ទាប់មក ដោយសារតែឃើញស្ត្រីរងគ្រោះមានសាច់សខ្ចី ក៏ចាប់ផ្តើមកម្រើកតណ្ហា ស្រាតខោអាវខ្លួនឯងចេញអស់ រួចក៏ស្ទុះចូលទៅចាប់បង្ខំប្រុងរំលោភស្ត្រីរងគ្រោះទាំងកំរោលតែម្តង តែភ្លាមនោះ ស្ត្រីរងគ្រោះបានព្យាយាមរើបម្រះ និងស្រែកឆោឡោ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ស្ទុះមកជួយអន្តរាគមន៍ទាន់ពេល និងបានរាយការណ៍ទៅកម្លាំងអាវុធហត្ថចុះមក ចាប់ខ្លួនគ្រូកំហូចយកទៅចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ថា ការឃាត់ខ្លួនគ្រូទាយបោកប្រាស់ខាងលើនេះ ធ្វើឡើងដោយកម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរយុត្តិធម៌ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលនៅទីនោះថា មានករណីចាប់រំលោភកើតឡើង។

លោកមេបញ្ជាការបានបញ្ជាក់ថា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើតហេតុនៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះជុំ ជឿន ដែលបន្លំធ្វើជាគ្រូទាយ និងលើករាសី ហើយបានធ្វើសកម្មភាពចាប់រំលោភទៅលើស្ត្រីរងគ្រោះ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិឃុំខាងលើ តែមិនបានសម្រេច ដោយស្ត្រីរងគ្រោះបានស្រែកឱ្យគេជួយ។

ក្រោយឃាត់ខ្លួន កម្លាំងអាវុធហត្ថដកហូតបានស្រោមអនាម័យចំនួន២ (យ័ន្តការពារ) ចានធូបទៀន យ័ន្តចំនួនមួយសម្រាប់ ខោអាវជនសង្ស័យ១ កំផ្លេ (ជនបង្កបានដោះចេញពីខ្លួនរួចហើយ ពេលធ្វើសកម្មភាព) ស្រាបៀរចំនួន០២កំប៉ុង ទូរស័ព្ទចំនួន៣គ្រឿង ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ 1AY-1987។

លោកមេបញ្ជាការ បានឱ្យដឹងទៀតថា បន្ទាប់មកនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅតុលាការហើយ ដោយលោកសៅ សុភ័ក្រ ព្រះរាជអាជ្ញារង បានចោទពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ តាមមាត្រា២៧ និងមាត្រា២៣៩ ហើយលោកស៊ុយ សុភា ចៅក្រមស៊ើបសួរបានចោទពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ និងចេញដីកាបង្គាប់ឱ្យឃុំខ្លួន លេខ២៦៧ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។ បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនទៅដាក់នៅពន្ធនាគារខេត្តកំពង់ចាម៕

RELATED ARTICLES