Wednesday, April 24, 2024
Homeព័ត៌មានជាតិ៧ថ្ងៃហើយកូនមាសម្តាយ កូនទៅណា... ឪពុកម្តាយរកគ្រប់ទិសទីហើយ

៧ថ្ងៃហើយកូនមាសម្តាយ កូនទៅណា… ឪពុកម្តាយរកគ្រប់ទិសទីហើយ

ភ្នំពេញ ៖ យុវតីម្នាក់បាត់ចេញពីផ្ទះអស់ រយៈពេល៦ថ្ងៃ ទោះជាក្រុមគ្រួសារដើរតាមស្វែងរកសព្វកន្លែងយ៉ាងណា ក៏នៅតែគ្មានដំណឹង ទើបធ្វើឱ្យឪពុកម្តាយព្រួយបារម្ភភ័យខ្លាចកូនស្រី ត្រូវមនុស្សមិនល្អបោកបញ្ឆោតនាំយកទៅធ្វើបាប ទើបសម្រេចកាន់រូបថតដើរតាមស្វែងរកកូនស្រី ព្រមទាំងដើរដាក់ពាក្យបណ្តឹងនៅតាមបណ្តាប៉ុស្តិ៍នគរបាល ដើម្បីឱ្យជួយអន្តរាគមន៍ តាមរកកូនស្រីត្រឡប់មកផ្ទះវិញ។

ករណីឪពុកម្តាយ កាន់រូបថតដើររកកូនស្រីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាប១ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

យុវតីដែលបាត់ខ្លួនចេញពីផ្ទះ ដោយគ្មានដំណឹង មានឈ្មោះយឿន សុខជាតិ អាយុ១៤ឆ្នាំ ជាកូនពៅ ក្នុងចំណោមបងប្អូន៦នាក់ (ប្រុស ២ ស្រី៤) មានឪពុកឈ្មោះជឿន យីម អាយុ៥២ ឆ្នាំ មុខរបរលក់ត្រី និងកំពឹស នៅផ្សារឈូកមាស ម្តាយឈ្មោះសេង អ៊ុន អាយុ៥៣ឆ្នាំ មុខ របរលក់ត្រី។ ក្រុមគ្រួសារខាងលើនេះ ស្នាក់នៅផ្ទះជួល ក្នុងភូមិជ្រេស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិត្រពាំងលាភ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមប្រភពពីឪពុកម្តាយយុវតីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់បានបាត់ខ្លួនតាំងពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃ០៩ ខែមីនា ឆ្នាំ២០១៩ មកម៉្លេះ ហើយរហូតមកដល់ពេលនេះ នៅពុំទាន់ដឹងដំណឹងថា កូនស្រីនៅឯណាសុខទុក្ខយ៉ាងណានៅឡើយ ជាហេតុធ្វើឱ្យពួកគាត់ជាឪពុកម្តាយ កំពុងខ្វល់ខ្វាយ និងព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពកូនស្រី។

ឪពុកម្តាយយុវតីខាងលើ បន្តថា  នៅមុនពេលកើតហេតុ កូនស្រីរបស់គាត់ត្រូវបានកូនស្រីគាត់ម្នាក់ទៀត ឱ្យចេញពីផ្សារកន្លែងលក់ត្រី ឱ្យទៅផ្ទះជួយមើលក្មួយ តែបែរជាមិនបានដល់ផ្ទះ មិនដឹងថាទៅណាបាត់ខ្លួនរហូត ទើបធ្វើឱ្យក្រុមគ្រួសារគាត់ឆោឡោ ដើរតាមស្វែងរកសព្វកន្លែង និងប្តឹងប៉ូលិសតាមបណ្តាប៉ុស្តិ៍រដ្ឋបាលក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិសែនជ័យ​ អស់ហើយ ដើម្បីសូមឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកកូនស្រីគាត់ផង ប៉ុន្តែនៅមិនទាន់ទទួលបានលទ្ធផលនៅឡើយ។

ក្រុមគ្រួសារយុវតីខាងលើ បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ កូនស្រីរបស់ពួកគាត់បានបាត់ខ្លួនអស់រយៈពេល៦ថ្ងៃហើយ នៅតែមិនលេចឮដំណឹងអ្វីសោះ។ ជាមួយនេះ ពួកគាត់ជាក្រុមគ្រួសារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចមេត្តាជួយដល់គ្រួសារគាត់ កាលបើប្រទះឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមជួយឃាត់ទុក និងផ្តល់ព័ត៌មានទៅសមត្ថកិច្ចមូលដ្ឋាន ដោយក្តីអនុគ្រោះ៕

RELATED ARTICLES