Thursday, April 25, 2024
Homeតារាខ្មែរកែវ និសា វិលវិញទាំងភ្ញាក់ផ្អើល សម្រស់នៅតែស្រស់ស្អាតដូចពីអីចឹង

កែវ និសា វិលវិញទាំងភ្ញាក់ផ្អើល សម្រស់នៅតែស្រស់ស្អាតដូចពីអីចឹង

កែវ និសា ដែលបាត់មុខមួយរយៈធំពីឆាកតន្ត្រី និងចង្កោមអ្នកសិល្បៈនោះ ស្រាប់តែវិលត្រឡប់មកវិញគួរឱ្យភ្ញាក់ផ្អើល តាមរយៈការចាប់ដៃគូធ្វើ MC ជាមួយលោកសាហារ៉ា ក្នុងកម្មវិធីសម្ពោធអ៊ីណារីតា នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីរាត្រីថ្ងៃទី៧ ខែមេសា នេះ ធ្វើឱ្យទាំងភ្ញៀវចូលរួម និងអ្នកសារព័ត៌មានជាច្រើនចាប់អារម្មណ៍លើពិធីការិនី CNC នេះ ព្រោះនិសា នៅតែមានសម្រស់ផូរផង់ ហើយថែមទាំងពូកែវោហារស័ព្ទជាងមុនទៅទៀត។

ទាំងសិល្បកររួមអាជីព និងភ្ញៀវជាច្រើនដែលសម្រុកចូលកម្មវិធីនោះ សរសើរថា កែវ និសា ពូកែថែសម្រស់មិនចាស់ ហើយសាច់កាន់តែសខ្ចីជាងមុន ទើបធ្វើឱ្យនិសា សប្បាយចិត្តក្រែលែង។

ដោយឡែក សម្រាប់តារាចម្រៀងដែលឡើងបង្ហើសំនៀងក្នុងកម្មវិធីនោះវិញ គេឃើញមានអតីតម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ និងតារាហង្សមាស កញ្ញាផន ស្រីខួច ក៏បានឡើងច្រៀងជូនភ្ញៀវទស្សនាជាច្រើនរយនាក់ដែលចូលរួមផងដែរ។ ចំណែកតារាប្រមាណជាង៦០ដួង ក៏បានសម្រុកដឹកដៃគ្នាចូលរួមព្រមគ្នាដែរ ក្នុងនោះ មានបែងចែកជា ២ក្រុម គឺក្រុមតារាមកជាភ្ញៀវ និងតារាដែលមកសម្តែងឱ្យភ្ញៀវទស្សនាសប្បាយៗ។

តារាល្បីដែលទៅបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធក្រុមហ៊ុនអ៊ីណារីតា ដែលផ្តោតលើសេវាកម្មពុះដីឡូតិ៍លក់, ផលិតទឹកសុទ្ធ និងសេវាកម្មផលិតស្ពត ជាដើមនោះ មានដូចជា នាយ BIG, ឃុន វត្ថា, ពិសាល ម៉ារ៉ូ, ច័ន្ទ ណារ័ត, ពុធ វុទ្ធី, ស៊ីសុវត្ថិ ឯលរ៉ូរាឌ, ចាន់ សម័យ, ម៉ៃ សុគន្ធ, សន សុវណ្ណារ៉ា, ង៉ែត សុភ័ក្រ, លន់ ស៊ីឡូ, លី ណាកូ, ម៉ាដូណា, ពិស្តាស័ក្ត, យេន សុភ័ក្រ, រុនណាកូ, ឯករា វ័ណ្ឌ, ស៊ឹម ស៊ីណាត, អ្នកនាងសាង សុរិយា, ញឹម សុខា, អ៊ឹម ផល្លា, ចាន់ ផល្លា, វ៉ាន់ លីលី, ចូចូ, រីយា មីសែលត្រាណេ, ព្រះអាទិត្យតូច ជាដើម ដែលតារាភាគច្រើនមកពីសមាជិករបស់ “គ្រួសារតារាកម្ពុជា”។

លោកឌីម សួនណាត អគ្គនាយកក្រុមហ៊ុនអ៊ីណារីតា បានថ្លែងថា ក្រុមហ៊ុននេះមានយុទ្ធសាស្ត្រច្បាស់លាស់ណាស់ ដូចជាការលក់ដីឡូតិ៍នៅតំបន់ត្រាកុដិ ដែលជារមណីយដ្ឋាននៅខេត្តសៀមរាប គឺគ្រាន់តែប្រកាសលក់ភ្លាម លក់ដាច់អស់រាប់រយឡូតិ៍ទៅហើយ។

ជាការលើកទឹកចិត្ត ក្រុមហ៊ុនក៏បានបញ្ចុះតម្លៃដីក្នុង១ឡូតិ៍ ២ពាន់ដុល្លារភ្លាមៗ និងអមដោយខ្សែកមាសទម្ងន់មួយជី សម្រាប់អ្នកទិញ ក្នុងថ្ងៃសម្ពោធនេះ។ ចំពោះភ្ញៀវដែលចូលរួមសម្ពោធនេះ ក៏មានការចាប់រង្វាន់ ទទួលបានទូរស័ព្ទ ប័ណ្ណបញ្ចុះតម្លៃដី និងរង្វាន់មួយឡូតិ៍ តម្លៃ១២០០០ដុល្លារទៀតផង។

តាមព័ត៌មានថា ក្រោយពេលលេចមុខ ធ្វើជា MC នៅពេលនេះ កែវ និសា ក៏ត្រៀមបង្ហាញខ្លួនក្នុងភាពយន្ត និងខារ៉ាអូខេសាជាថ្មីឡើងវិញដែរ៕

RELATED ARTICLES