Friday, April 19, 2024
Homeព័ត៌មានជាតិខេមរៈ សិរីមន្ត ខាត១៥ម៉ឺនដុល្លារ គ្រាន់តែកាន់ទុក្ខប្អូនស្រី៣ខែ

ខេមរៈ សិរីមន្ត ខាត១៥ម៉ឺនដុល្លារ គ្រាន់តែកាន់ទុក្ខប្អូនស្រី៣ខែ

ខេមរៈ សិរីមន្ត នឹងចាប់ក្បាលមីក្រុឡើងឆាកសាជាថ្មីវិញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ បន្ទាប់ពីតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ កាន់ទុក្ខ១០០ថ្ងៃប្អូនស្រីរបស់គេ កញ្ញាខេមរៈ ស្រីពៅ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

សិរីមន្ត មិនមានការសោកស្តាយចំពោះការអាក់ខានឡើងឆាក ធ្វើឱ្យលុយដែលហៀបនឹងហូរចូលហោប៉ៅទៅហើយ រសាត់បាត់នោះទេ ព្រោះដើម្បីបង្ហាញពីភាពអាឡោះអាល័យ និងការសោកស្តាយចំពោះប្អូនស្រីគេ មិនអាចឡើងរាំច្រៀងសប្បាយ អំឡុងពេលមានទុក្ខនេះទេ តែនៅពេលអ្នកយកព័ត៌មានយើងសួរថា តើ៣ខែ សិរីមន្ត ចោលច្រៀងប៉ុន្មានកម្មវិធី? តារារូបនេះថា ខ្ទង់៥០កម្មវិធី។

ការអះអាងបែបនេះ មានន័យថា សិរីមន្ត ខាតប្រាក់ចំណូលខ្ទង់១៥០០០០ដុល្លារ ព្រោះការច្រៀង១កម្មវិធី ស៊ីថ្លៃចាប់ពី៣០០០ដុល្លារឡើង។

ខេមរៈ សិរីមន្ត ប្រាប់ថា “អំឡុងពេលដែលខ្ញុំកាន់ទុក្ខ៣ខែនេះ ខ្ញុំអរគុណដល់ក្រុមហ៊ុនហង្សមាស និងបណ្តាក្រុមហ៊ុនទាំងឡាយ ដែលតែងតែមានការយោគយល់ចំពោះខ្ញុំមិនទាន់អាចឡើងច្រៀងរាំបានពេលហ្នឹង។ ក្រុមហ៊ុនជាច្រើនដែលកក់ខ្ញុំហើយនោះ គាត់មានការយោគយល់ច្រើន គឺមិនទារសំណងអីទេ ហើយខ្ញុំគ្រាន់តែបង្វិលសងលុយកក់ឱ្យខ្ញុំវិញប៉ុណ្ណោះ។ ៣ខែហ្នឹង ខ្ញុំចោលកម្មវិធីគេ ប្រហែល៤០កម្មវិធី ហើយនៅមានការទាក់ទងមកជាច្រើនកម្មវិធីទៀត (ខ្ទង់៥០កម្មវិធី)។ ខ្ញុំនឹងធ្វើបុណ្យគម្រប់១០០ថ្ងៃ ឱ្យប្អូនស្រីរបស់ខ្ញុំនៅថ្ងៃទី០៥ ខែឧសភា ហើយចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះតទៅ ខ្ញុំនឹងវិលមកច្រៀងរាំបានដូចមុនវិញហើយ”។

អំឡុងពេលដែលខេមរៈ សិរីមន្ត បានផ្អាកឡើងឆាកតន្ត្រីតារាហង្សមាស រូបនេះ ក៏បានងាកទៅរកស៊ីផ្នែកអចលនទ្រព្យផងដែរ ហេតុនេះហើយបានជាមានការសង្ស័យថា សិរីមន្ត អាចនឹងបោះបង់អាជីពចាស់ មកកើបលុយធំពីមុខជំនួញវិញម្តង ព្រោះថា តាំងពីចូលហង្សមាស មក សិរីមន្ត មិនទាន់ល្បីល្បាខ្លាំងដូចកាលនៅសាន់ដេ ឡើយ៕

RELATED ARTICLES