Friday, March 29, 2024
Homeតារាខ្មែរនាយគ្រឿន សប្បាយចិត្តប៉ះស្រីស្អាត “ជួបស៊យ២”

នាយគ្រឿន សប្បាយចិត្តប៉ះស្រីស្អាត “ជួបស៊យ២”

នាយគ្រឿន បានក្លាយទៅជាតួឯកផង អ្នកដឹកនាំសម្តែងផង ក្នុងរឿង “ជួបស៊យ២” របស់ផលិតកម្ម LD Picture ដែលបានធ្វើពិធីសម្ពោធ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ នៅរោងភាពយន្ត Major Cineplex By Smart Aeon2 ដោយមានតារាល្បីៗ និងអ្នកសារព័ត៌មានជាច្រើនស្ថាប័នចូលរួម។

តារាកំប្លែង CTN នាយគ្រឿន បានឱ្យដឹងថា រឿង “ជួបស៊យ២” នេះ មិនខុសពី “ជួបស៊យ១”ទេ គឺថា ឱ្យតែជួប ដឹងតែវិនាសហិនហោច ចុងក្រោយអាលាយអស់តែម្តង។ លោកថា ទោះលោកជាអ្នកកំប្លែងមែន តែការសម្តែងផង នាំសម្តែងផង ក្នុងរឿង “ជួបស៊យ២” នេះ មិនមែនជាឧបសគ្គឡើយសម្រាប់រូបលោក ហើយនាយបានស្នើឱ្យមហាជនខ្មែរ ជួយលើកទឹកចិត្តដល់ផលិតករ និងតារាសម្តែងផង គឺសូមឱ្យមានការរិះគន់ចុះ តែកុំជាន់ពន្លិច ព្រោះភាពយន្តខ្មែរយើងនៅមានកម្រិត ដោយសារការចំណាយមិនដូចកុនបរទេសទេ។

នាយគ្រឿន បន្ថែមទៀតថា រឿង “ជួបស៊យ២”នេះ មានតារាល្បីៗជាច្រើនដួងណាស់ដែលចូលរួមសម្តែង ហេតុនេះហើយ លោកសង្ឃឹមថា នឹងមិនខកបំណងឡើយ ព្រោះសាច់រឿងមានការអប់រំ និងបង្កប់ដោយកំប្លែងសប្បាយរីករាយ តាំងពីដើមដល់ចប់។

ដោយឡែក ស្រីស្អាត គៀត សុវណ្ណាឡាង ដែលជាតួឯកស្រី ប៉ះនាយគ្រឿន វិញ អះអាងថា រឿង“ជួបស៊យ២” នេះ នាងពេញចិត្តសម្តែងខ្លាំងណាស់ ព្រោះត្រូវនឹងចរិតរបស់នាងដែលចូលចិត្តលេងតួកំប្លែង ឬបែបឡប់ៗ។

ស្រីស្រស់សុណ្ណាឡាង ថា នៅវគ្គ១ សម្រាប់រឿងនេះ នាងក៏បានចូលរួមសម្តែងដែរ ហេតុនេះហើយ នាងសង្ឃឹមថា នៅវគ្គ២នេះ ក៏ជោគជ័យដូចវគ្គ១ ជាមិនខានឡើយ។

ក្រៅពីនាយគ្រឿន និងគៀត សុវណ្ណាឡាង ជាតួឯកនោះរឿង “ជួបស៊យ២”មានតារាល្បីៗជាច្រើនដួងទៀតចូលរួមសម្តែង ដូចជា លោកទេព រិន្ទដារ៉ូ, ប៉ែន សុផានី, ឌីជេ កាកា, ងួន សុបិន្ត ជាដើម ហើយភាពយន្តនេះនឹងដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នេះតទៅ នៅគ្រប់រោងកុនទាំងអស់៕

RELATED ARTICLES