Saturday, April 20, 2024
Homeព័ត៌មានជាតិបញ្ចេញកំហឹងលើស្រីក្មេង ទាំងនាងកំពុងអង្គុយលើជណ្តើរម្នាក់ឯង

បញ្ចេញកំហឹងលើស្រីក្មេង ទាំងនាងកំពុងអង្គុយលើជណ្តើរម្នាក់ឯង

ខេត្តកំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ បុរសម្នាក់បានផ្ទុះជម្លោះជាមួយប្រពន្ធ រហូតដល់ទាញកាំបិតផ្គាក់ដេញកាប់ ធ្វើឲ្យប្រពន្ធភ័យរត់គេចខ្លួនទាំងព្រលឹងចុងសក់ លុះដេញកាប់ប្រពន្ធអត់បាន ស្រាប់តែបុរសរូបនេះកាប់ស្ត្រីជាអ្នកជិតខាងម្នាក់ បណ្តាលឱ្យរងរបួសជើងយ៉ាងធ្ងន់ធ្ងរ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចុះចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់ កើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះជ្រឿន បូ ស្ថិតក្នុងភូមិសាស្ត្រភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី។

ជនបង្កពុលកំហឹង មានឈ្មោះសូត្រ សេត អាយុ៥៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះជ្រឿន គឹមមួយ ភេទស្រី អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិឃុំជាមួយគ្នា ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយលេងនៅលើជណ្តើរតែម្នាក់ឯង ស្រាប់តែជនបង្កខាងលើដែលស្ថិតក្នុងស្រវឹងស្រាជោកជាំ បានរករឿងស្រែកឡូឡាបានយកកាំបិតកកុក ប្រវែង០,៩០ម៉ែត្រ ដេញកាប់ស្ត្រីជាប្រពន្ធទាំងកំរោល ធ្វើឱ្យស្ត្រីជាប្រពន្ធភ័យពេកក៏ព្យាយាមរត់គេចខ្លួនទាំងព្រលឹងចុងសក់ ដោយបានរត់កាត់មុខផ្ទះជនរងគ្រោះ។ លុះក្រោយពីរត់ដេញកាប់ប្រពន្ធអត់ទាន់ ស្រាប់តែបុរសជាប្តីកំណាចរូបនេះ ទៅជាផ្ទុះកំហឹងកាន់តែខ្លាំង និងរកអ្វីបញ្ចេញកំហឹងអត់បាន ក៏ទាញកាំបិតកាប់ទៅជនរងគ្រោះចំលើកំភួនជើងខាងឆ្វេង បណ្តាលឱ្យមុតរយះចេញឈាម រងរបួសយ៉ាងធ្ងន់។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពព្រៃគ្រី។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន នាំយកទៅអធិការដ្ឋានស្រុកជលគិរី ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES