Friday, March 29, 2024
Homeតារាខ្មែរស្រេង ឈៀងឡេង ចូលសិល្បៈតែមួយភ្លែតសោះ ក្លាយជាថៅកែទៅហើយ

ស្រេង ឈៀងឡេង ចូលសិល្បៈតែមួយភ្លែតសោះ ក្លាយជាថៅកែទៅហើយ

តារាសម្ដែងវ័យក្មេងរូបសង្ហា ស្រេង ឈៀងឡេង ឆ្នាំថ្មី ពិតជាមានរាសីឡើងមែន ដោយលោកបានចាប់ដៃជាមួយលោកសែន ណារ៉ា ជាថៅកែពុះដីឡូតិ៍លក់ធ្លាប់ទទួលបានជោគជ័យជាច្រើនគម្រោងមកហើយនោះ ពេលនេះ អ្នកទាំង២ បានបើកលក់រួមគ្នាលើគម្រោងទី១០ របស់ក្រុមហ៊ុនសែន ណារ៉ា នៅតាមបណ្ដាយផ្លូវជាតិលេខ៣ ជាប់ផ្លូវរទេះភ្លើង ក្នុងភូមិព្រៃទទឹង ឃុំព្រះនិពាន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយ១១គីឡូម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលចោមចៅ។

តារាសម្ដែងស្រេង ឈៀងឡេង និងលោកសែន ណារ៉ា បានលេចមុខរួមគ្នាក្នុងកម្មវិធីក្រុងពលីលើផ្ទៃដីជាច្រើនហិកតានៅខេត្តកំពង់ស្ពឺនេះ កាលពីព្រឹកថ្ងៃទី៦​ខែមេសា ខណៈដែលក្នុងពិធីនោះក៏មានការប្រកាសថា លក់អស់៦០ភាគរយ មុនពេលដែលកាត់ខ្សែបូម្ល៉េះ។

លោកស្រេង សៀងឡេង បានប្រាប់ថា លោកស្រលាញ់អាជីពសិល្បៈ ប៉ុន្តែបើឲ្យលោកប្រឡូកផ្ដាច់មុខជាមួយការងារតែមួយនេះ គឺមិនអាចទេ ហេតុនេះហើយ ទើបលោកងាកមកចាប់ជំនួញដីធ្លីដោយដំបូងឡើយ លោកផ្ដើមពីការធ្វើជាទីផ្សាររបស់ក្រុមហ៊ុនសែន ណារ៉ា ប៉ុណ្ណោះ ប៉ុន្តែពេលនេះ លោកមានលទ្ធភាពចូលភាគហ៊ុនលើសម្រាប់គម្រោងទី១០នេះ ជាមួយលោកសែន ណារ៉ា ហើយលោកពេញចិត្តចំពោះអ្វីដែលបានប្រឹងប្រែងកន្លងមក។លោកថា គម្រោងថ្មីទី១០ របស់ក្រុមហ៊ុនសែន ណារ៉ា ជាដីហ៊ុមព័ទ្ធទៅដោយរោងចក្រ ហើយលក់១ឡូតិ៍ តម្លៃប្រមាណ៣ពាន់ដុល្លារប៉ុណ្ណោះ ទើបលក់ដាច់រហ័សបែបនេះ។

លោកបន្តថា ទោះជាពេលនជមមាញឹកខាងលក់ដីឡូតិ៍មែន តែលោកមិនចោលអាជីពសិល្បៈឡើយ គឺនៅតែបន្ដសម្ដែងហើយ នាពេលខាងមុខនេះ លោកត្រៀមចេញបទចម្រៀងថ្មីៗផ្ទាល់ខ្លួនផងដែរ។

ដោយឡែក លោកសែន ណារ៉ា វិញ បានអះអាងដែរថា លោកបានផ្ដល់ឱកាសឲ្យលោកស្រេង ឈៀងឡេង ចូលហ៊ុន៤០% សម្រាប់គម្រោងថ្មីទី១០នេះ ដោយសារតែលោកឈៀងឡេង គឺជាអតីតបុគ្គលិកដែលមានសមត្ថភាព ហេតុនេះហើយ លោកយល់ថា ការចាប់ដៃគូគ្នានៅពេលនេះ គឺធ្វើឲ្យទីផ្សារលក់ដីឡូតិ៍របស់ក្រុមហ៊ុនលោកនឹងមានសន្ទុះថែមទៀត ដើម្បីឈានទៅជោគជ័យនាពេលខាងមុខនេះ តាមគម្រោងដែលលោកចង់បាន។

តារាសម្ដែងស្រេង ឈៀងឡេង បន្ថែមថា នៅពេលដែលទំនេរពីមុខជំនួញ លោកនឹងឆ្លៀតធ្វើសកម្មភាពសិល្បៈ តាមរយៈការចូលរួមកិច្ចការសប្បុរសធម៌ ដើម្បីជួយដល់សង្គម ឲ្យព្រមគ្នាទៅនឹងមុខជំនួញរបស់លោកពេលនេះផងដែរ៕

RELATED ARTICLES