គូស្នេហ៍កម្សត់ រៀបការនៅឡឥដ្ឋ

0
202

ខេត្តព្រៃវែង ៖ គូស្វាមីភរិយាថ្មោងថ្មីមួយគូនេះ បាននិងកំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីអ្នកទាំងពីរដែលសុទ្ធតែមានជីវភាពទីទ័លក្រ និងជាកម្មករឡឥដ្ឋដូចគ្នា គ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបមង្គលការធំដុំដូចគេ សូម្បីតែរោងការក៏គ្មានលទ្ធភាពជួលគេសង់ បានត្រឹមរៀបតុទទួលភ្ញៀវក្នុងឡឥដ្ឋ និងមានភ្ញៀវចូលរួមត្រឹមតែ២៩នាក់ប៉ុណ្ណោះ។

គូស្វាមីភរិយាដ៏កម្សត់ខាងលើនេះ ត្រូវបានគេដឹងថា ភាគីកូនក្រមុំ មានឈ្មោះសុផាន់ម៉ៃ។ ចំណែកភាគីកូនកំលោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា គូស្នេហ៍នេះសុទ្ធតែជាកម្មករឡឥដ្ឋដូចគ្នា សព្វថ្ងៃបម្រើការងារក្នុងសិប្បកម្មឡឥដ្ឋមួយកន្លែង ម្តុំស្ពានអ្នកលឿង ស្ថិតនៅស្រុកពាមរក៍ ខេត្តព្រៃវែង។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ មានសេវាកម្មជួលឡាន ដែលអះអាងថា ត្រូវជាសាច់ញាតិរបស់គូស្នេហ៍កម្សត់ខាងលើ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ បានបង្ហោះរូបភាពចំនួន៣សន្លឹក បង្ហាញពីកម្មវិធីមង្គលការរបស់គូស្វាមីភរិយាអភ័ព្វមួយគូ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងរោងឡឥដ្ឋមួយកន្លែង ព្រមទាំងមានភ្ញៀវចូលរួមពិសាភោជនាហាយ៉ាងតិចតួចបំផុត ពោលគឺត្រឹមតែ៣តុប៉ុណ្ណោះ។

ជាមួយនេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា “មង្គលការរបស់ក្មួយកំសត់ពេកហើយ ពូគ្មានអ្វីជួយដល់ក្មួយទាំងពីរទេ តែនេះវាកំសត់ពេកហើយ សំរាប់អាពាហ៍ពិពាហ៍របស់ក្មួយទាំងពីរ រោងការរកគ្មាននឹងគេ ឡផលិតឥដ្ឋជារោងការបស់ក្មួយទាំងពីរហើយ កុំតូចចិត្តអីណា តែយ៉ាងហោចណាស់ ពួកក្មួយទាំងពីរបានគោរពប្រពៃណីខ្មែរយើង ទោះបីជាពិធីនេះ វាមិនបានល្អដូចគេ តែវាប្រពៃណាស់ សំរាប់ប្រពៃណីខ្មែរ”។

យោងតាមរូបភាពដែលបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក គេឃើញកូនកំលោះក្រមុំថ្មោងថ្មី ស្ថិតក្នុងឈុតសម្លៀកបំពាក់ពណ៌ក្រហម កំពុងអង្គុយទន្ទឹមគ្នាលើកៅអីជ័រ ក្រោមរោងសិប្បកម្មឡឥដ្ឋ ដើម្បីរង់ចាំទទួលភ្ញៀវទាំងទឹកមុខភ័យអរ។ ភ័យអរនៅត្រង់ថា នេះជាថ្ងៃជ័យមង្គល ដែលអ្នកទាំងពីរ បានក្លាយជាប្តីប្រពន្ធពេញមុខតាមបំណងប្រាថ្នា ប៉ុន្តែអ្វីដែលជារឿងភ័យបុកពោះនោះ គឺថា តើចប់ពិធីមង្គលការប្តីប្រពន្ធថ្មោងថ្មីមួយគូនេះ អាចមានលទ្ធភាពទូទាត់ថ្លៃចំណាយបានឬក៏អត់ ឬការចប់ជាប់បំណុល? ដោយឡែកនៅពីក្រោយខ្នងកូនកំលោះក្រមុំ គេឃើញមានតុចំនួន៣ ដែលត្រូវបានរៀបចំឡើង ដើម្បីទទួលភ្ញៀវ ដែលសុទ្ធសឹងតែជាកម្មករឡឥដ្ឋជាមួយគ្នា និងសាច់ញាតិជិតដិតប៉ុណ្ណោះ។

យោងតាមម្ចាស់គណនីខាងលើ ដែលត្រូវជាសាច់ញាតិ កូនកំលោះក្រមុំថ្មោងថ្មីខាងលើ បានបញ្ជាក់ឱ្យដឹងថា កូនកំលោះក្រមុំទាំង២ ធ្វើការនៅក្នុងឡឥដ្ឋជាមួយគ្នា រួចក៏បានចាប់ចិត្តប្រតិព័ទ្ធលើគ្នា ប៉ុន្តែយ៉ាងណា អ្នកទាំង២ មិនហ៊ានធ្វើអ្វីឱ្យរំលងហួសប្រពៃណី បំបាក់មុខឪពុកម្តាយចាស់ទុំទាំងសងខាងដែរ ពោលគឺ ទោះជាជីវភាពទីទ័លក្រយ៉ាងណា ក៏ប្រឹងប្រវេប្រវេ រៀបចំពិធីសែនព្រេនបំពេញខាន់ស្លាឱ្យបានត្រឹមត្រូវ។ ខុសប្លែកពីមង្គលការផ្សេងៗ ដែលមានការប្រគំតន្ត្រីសម័យ ឬចាក់ធុងបាស់ កំដរភ្ញៀវហូបចុកយ៉ាងអធិកអធម ព្រមទាំង មានភ្ញៀវចូលរួមរាប់រយនាក់នោះ ពិធីមង្គលការរបស់គូស្នេហ៍អភ័ព្វខាងលើ ប្រព្រឹត្តទៅយ៉ាងស្ងាត់ជង្រំ ដោយមានរៀបតុទទួលភ្ញៀវ ត្រឹមតែ៣តុ និងចំណែកភ្ញៀវ ដែលបានចូលរួមក្នុងពិធីមង្គលការដ៏សោះកក្រោះមួយនេះ មានត្រឹមតែ២៩នាក់ប៉ុណ្ណោះ។

យ៉ាងណាក្តី ក្រោយពីរឿងរ៉ាវមួយនេះ ត្រូវបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក គេឃើញអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បាននាំគ្នាចែករំលែកតៗគ្នា ព្រមទាំងបានសម្តែងនូវអារម្មណ៍អាណិតអាសូរចំពោះគូស្នេហ៍អភ័ព្វមួយគូនេះផងដែរ ដែលគ្មានលទ្ធភាពរៀបចំមង្គលការបានសមរម្យនឹងគេ ពោលគឺធ្វើឡើងយ៉ាងអត្តខាត់។ ប៉ុន្តែជាមួយនេះ មានអ្នកលេងហ្វេសប៊ុកខ្លះ បានព្យាយាមសួររកលេខទូរស័ព្ទគូស្វាមីភរិយាទាំង២ ដើម្បីផ្ញើថវិកាចងដៃតាមលទ្ធភាព ព្រោះតែមានចិត្តអាណិតអាសូរខ្លាំងពេក។ មិនតែប៉ុណ្ណោះ មហាជនជាច្រើន បានផ្ញើពាក្យពេចន៍ជូនពរឱ្យគូស្វាមីភរិយាខាងលើនេះ ជួបប្រទះតែសេចក្តីសុខសុភមង្គលតរៀងទៅ និងស្រលាញ់គ្នាដល់ចាស់កោងខ្នង៕