ទារលុយប្រពន្ធមិនបាន វាយបំផ្លាញទ្រព្យ ឪពុកម្តាយចូលឃាត់ គំរាមសម្លាប់១ពូជ

0
109

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានសុំលុយប្រពន្ធត្ញិថ្នាំញៀនជក់ លុះប្រពន្ធមិនឱ្យលុយ ក៏បង្ករឿងវ៉ៃបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់ ឃើញដូច្នេះ ឪពុកម្តាយបានចេញមកឃាត់ ស្រាប់តែបុរសរូបនេះ គំរាមសម្លាប់១ពូជ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ។

ជនសង្ស័យមានឈ្មោះសេ ដាលីន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្រពន្ធឈ្មោះហង្ស សុឃីម អាយុ២៨ឆ្នាំ និងមានកូនស្រី២នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យរូបនេះគឺជាមនុស្សញៀនថ្នាំ ទោះជាអាណាព្យាបាលនិងប្រពន្ធនែណាំយ៉ាងណា ក៏មិនព្រមស្តាប់ដែរ ហើយជនសង្ស័យរូបនេះតែងតែរករឿងនិងអុកឡុកក្នុងផ្ទះឥតល្ហែ ធ្វើឱ្យឪពុកម្តាយបងប្អូន និងប្រពន្ធកូនមានផលលំបាកស្ទើររាល់ថ្ងៃ ទើបទ្រាំពុំបាន ក៏រាយការណ៍សមត្តកិច្ច។

ប្រភពដដែលបន្តថា លុះនៅថ្ងៃកើតហេតុ ជនសង្ស័យរូបនេះបានទារលុយប្រពន្ធ ដើម្បីយកទៅជក់ថ្នាំញៀន តែប្រពន្ធអត់ឱ្យ ក៏ចាប់ផ្តើមបង្ករឿងអុកឡុកពេញផ្ទះ ដោយទាញពូថៅវាយបំផ្លាញកញ្ចក់ទ្វារបង្អួច ធ្វើឱ្យបែកបាក់ខូចខាតអស់ជាច្រើន លុះឪពុកម្តាយចេញមកឃាត់ ក៏ផ្ទុះកំហឹងគំរាមសម្លាប់ផ្តាច់ពូជទៀតផង ទើបធ្វើឱ្យក្រុមគ្រួសារទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចតែម្តង។

តាមការពិនិត្យរបស់សមត្ថកិច្ច ជនសង្ស័យខាងលើមានសារធាតុញៀន លទ្ធផលវិជ្ជមាន ហើយបច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕