ផ្ទុះភ្លើងប្រចណ្ឌ ប្រុសដកកាំភ្លើង បាញ់ស្រីស្នេហ៍ធ្លាយភ្លៅ

0
375

ភ្នំពេញ ៖  ស្ត្រីម្នាក់ត្រូវបានក្រុមជនសង្ស័យ២នាក់ ដកកាំភ្លើងបាញ់ បណ្តាលឱ្យរងរបួសធ្ងន់ធ្លាយភ្លៅ សង្ស័យផ្តើមចេញពីរឿងប្រចណ្ឌ ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងក្លឹបលុច្សសារី ផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសនៅក្នុងក្លឹបលុច្សសារី។ ភ្លាមនោះ កម្លាំងជំនាញបានចុះដល់មន្ទីរពេទ្យកាល់ម៉ែត ជួបជនរងគ្រោះ និងបានបំភ្លឺជាបន្តបន្ទាប់។

ជនរងគ្រោះឈ្មោះនឹម លីណា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រងរបួសចំភ្លៅខាងស្តាំចំនួន១គ្រាប់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកជនសង្ស័យមានគ្នា២នាក់ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាក ចំនួន២ដើម (ម្នាក់១ដើម) ធ្លាប់ទំនាក់ទំនងដើរលេងស្គាល់គ្នាជាមួយជនរងគ្រោះ។

តាមការឆ្លើយបំភ្លឺរបស់នារីរងគ្រោះ បានឱ្យដឹងថា ករណីផ្ទុះអាវុធបណ្តាលរងរបួសនេះ គឺផ្តើមចេញពីភ្លើងប្រចណ្ឌ។

បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌកំពុងសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវតាមប្រមាញ់ជនសង្ស័យ ដើម្បីឈានដល់ការឃាត់ខ្លួនផ្តន្ទាទោសតាមច្បាប់៕