មានតិចឯណា ជាង១២លាន… ឥឡូវជាប់ខ្នោះ

0
236

ខេត្តឧត្តរមានជ័យ ៖ បុរសជាមន្ត្រីផ្នែកឥណទានធនាគារម្នាក់ បានដើរប្រមូលលុយពីអតិថិជនរបស់ខ្លួន បានជាង១២លានរៀល ស្រាប់តែបែកគំនិតមិនយកទៅប្រគល់ឱ្យធនាគារ  បែរជាព្យាយាមស៊ីដាច់យកទៅចាយវាយផ្ទាល់ខ្លួន លុះខាងធនាគារស៊ើបដឹង ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់វាយខ្នោះបុគ្គលិកមិនស្មោះត្រង់ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការឃាត់ខ្លួនមន្ត្រីឥណទានធនាគារ ខាងលើនេះ ធ្វើឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

ជនសង្ស័យដែលស៊ីដាច់លុយធនាគារ រហូតត្រូវសមត្ថកិច្ចចាប់វាយខ្នោះរូបនេះ មានឈ្មោះអ៊ូ ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាមន្ត្រីឥណទានធនាគារស្ថាបនា សាខាស្រុកត្រពាំងប្រាសាទ ស្នាក់នៅភូមិឃុំ ដែលសមត្ថកិច្ចចុះឃាត់ខ្លួនខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា  ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ធ្វើការឃាត់ខ្លួនតាមការបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ដែលបានជាប់ពាក់ព័ន្ធក្នុងករណីរំលោភលើទំនុកចិត្ត ដែលប្តឹងចោទប្រកាន់ពីតំណាងធនាគារស្ថាបនា សាខាស្រុកត្រពាំងប្រាសាទ។

ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលុយដែលអតិថិជនបង់ឱ្យធនាគារតាមរយៈខ្លួន ចំនួនជាង១២លានរៀល ប្រាកដមែន។

ជនសង្ស័យបន្តសារភាពថា តាមពិតខ្លួនជាបុគ្គលិកទទួលផ្នែកឥណទាន ហើយនៅមុនពេលកើតហេតុ មានអតិថិជនសរុប៧នាក់ បានបង់ប្រាក់ឱ្យធនាគារតាមរយៈរូបគេ  ចំនួនសរុប១២,៣៥០,០០០រៀល។ លុះក្រោយពីបានប្រាក់ជាង១២លានរៀលដល់ដៃហើយ រូបគេមិនបានយកទៅប្រគល់ឱ្យធនាគារនោះទេ ទើបធនាគារប្តឹងឱ្យប៉ូលិសចាប់ខ្លួនបែបនេះ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕