Friday, April 19, 2024
Homeព័ត៌មានជាតិកូនស្រីស្នាក់នៅប៉ុស្តិ៍ប៉ូលិសតែ១ម៉ោង ម្តាយរត់មកឱបទាំងទឹកភ្នែក

កូនស្រីស្នាក់នៅប៉ុស្តិ៍ប៉ូលិសតែ១ម៉ោង ម្តាយរត់មកឱបទាំងទឹកភ្នែក

ភ្នំពេញ ៖ ក្មេងស្រីម្នាក់បានដើរវង្វេងផ្ទះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដើរតាមផ្លូវតែឯងទាំងកណ្តាលយប់ លុះសួរនាំផ្ទះសម្បែងចាំ មិនបានទៀត ទើបព្រួយបារម្ភអំពីសុវត្ថិភាព ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំយកទៅសាកសួរ និងជូនទៅផ្ទះ តែដោយក្មេងស្រីវង្វេង ចំណាំផ្ទះមិនបាន ទើបសមត្ថកិច្ចនាំទៅសំរាកនៅស្នាក់ការប៉ុស្តិ៍នគរបាល ១យប់សិន និងផ្តល់ដំណឹងទៅវិទ្យុ ABC ជួយផ្សាយប្រកាសរកឪពុកម្តាយមកទទួល។

ករណីប្រទះឃើញក្មេងស្រីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុងមួយកន្លែងក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ក្មេងស្រីដែលដើរវង្វេងផ្ទះ មានឈ្មោះស្រី រត្ន័ អាយុ៩ឆ្នាំ មានម្តាយឈ្មោះហឿន ហើយរស់នៅម្តុំផ្សាររាត្រី ខណ្ឌដូនពេញ។

លោកឆាយា វិជ័យ មន្ត្រីនគរបាលប៉ុស្តិ៍ឬស្សីកែវ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្មេងស្រីខាងលើត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញដើរតាមផ្លូវតែឯង ដោយព្រួយបារម្ភអំពីសុវត្ថិភាព ណាមួយពាក់កណ្តាលយប់ទៅហើយ ទើបប្រជាពលរដ្ឋហៅនាងមកសួរនាំ តែនាងឆ្លើយប្រាប់មកមិនច្បាស់លាស់ ហើយខ្លាចមានបញ្ហាអ្វី ទើបរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ ចុះមកនាំយកទៅស្នាក់ការប៉ុស្តិ៍ដើម្បីសួរនាំបន្ថែម។

ប្រភពដដែល បន្តថា លុះមកដល់ស្នាក់ការប៉ុស្តិ៍ សមត្ថកិច្ចបានសាកសួរក្មេងស្រីខាងលើ ហើយនាងបានប្រាប់ថា នាងមានឈ្មោះស្រី រត្ន័ មានម្តាយឈ្មោះហឿន ឪពុកឈ្មោះសារឿន ស្នាក់នៅម្តុំផ្សាររាត្រី ខណ្ឌដូនពេញ។ ក្រោយពីសួរនាំរួចភ្លាម កម្លាំងប៉ុស្តិ៍ឬស្សីកែវ បានជូនក្មេងស្រីទៅដល់ម្តុំផ្សាររាត្រីតែម្តង ខណៈពេលទៅដល់ហើយ តែបែរជានាងប្រាប់ថា មិនសូវស្គាល់ផ្ទះទៀត ដោយសារតែពាក់កណ្តាលអធ្រាត្រហើយ និងស្ងាត់ទៀតនោះ កម្លាំងសមត្ថកិច្ចបាននាំប្អូនស្រីមកសម្រាកនៅស្នាក់ការប៉ុស្តិ៍នគរបាលឬស្សីកែវ មួយយប់សិន និងផ្តល់ដំណឹងទៅវិទ្យុ ABC ដើម្បីជួយប្រកាសរកឪពុកម្តាយ ឬអ្នកដែលស្គាល់ប្អូនស្រី ដែលមានភិនភាគដូចក្នុងរូបខាងលើនេះ អាចមកយកទទួលយកទៅផ្ទះវិញបាន។

បច្ចុប្បន្ន ក្មេងស្រីដែលវង្វងឈ្មោះ ស្រីរ័ត្ន រកឪពុកម្តាយមិនទាន់ឃើញ កំពុងស្នាក់នៅបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ និងរង់ចាំប្រកាសរកឪពុកម្តាយផងដែរ តែ១ម៉ោងក្រោយមក ស្រាប់តែម្តាយរបស់នាងបានមកដល់ប៉ុស្តិ៍ រួចរត់មកឱបកូនទាំងទឹកភ្នែក និងថ្លែងអំណរគុណដល់កម្លាំងនគរបាលប៉ុស្តិ៍ឬស្សីកែវ និងបណ្តាញផ្សព្វផ្សាយទាំងអស់ និងវិទ្យុ ABC ដែលបានសហការគ្នាជួយផ្សាយ។ បច្ចុប្បន្នម្តាយក្មេងស្រីខាងលើ បាននាំកូនត្រឡប់ទៅផ្ទះវិញហើយ៕

RELATED ARTICLES