Wednesday, April 24, 2024
Homeតារាខ្មែរចាន់ សម័យ រួចផុតពីនៅផ្ទះជួល ក្រោមការអាណិតអាសូររបស់សម្តេចទាំងទ្វេ

ចាន់ សម័យ រួចផុតពីនៅផ្ទះជួល ក្រោមការអាណិតអាសូររបស់សម្តេចទាំងទ្វេ

តារាចម្រៀងចាន់ សម័យ ទទួលបានផ្ទះយ៉ាងស្រស់ស្អាត សម្រាប់ឲ្យប្រព្ធកូនរស់នៅហើយ បន្ទាប់ពីមានការអាណិតអាសូរពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញផ្ទះឲ្យលោកសម័យ​ នៅបុរីឡេង ណាវ៉ាត់ត្រា។

លោកចាន់ សម័យ បានទទួលផ្ទះ ក្រោយពេលមានការប្រគល់កាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ក្រោមវត្តមានលោកឡេង ណាវ៉ាត់ត្រា និងហេង ឡុង ។

ផ្ទះដែលក្លាយជាកម្មសិទ្ធិរបស់លោកចាន់ សម័យ ក្រោមការទិញឲ្យពីសម្ដេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនោះ គឺជាវីឡាតឿដែលមានសល់ដីជុំវិញផ្ទះ ស្ថិតនៅបុរីឡេង ណាវ៉ាត់ត្រា គម្រោងទី៦ ផ្សារទួលពង្រ។

ចាន់ សម័យ បានបង្ហាញអារម្មណ៍រីករាយថា លោករំភើបខ្លាំងណាស់​ដែលមានផ្ទះយ៉ាងស្រស់ស្អាត រស់នៅក្នុងរាជធានីភ្នំពេញ ហើយកន្លងមក លោកមិនធ្លាប់ស្រម៉ៃថា មានផ្ទះផ្ទាល់ខ្លួនឲ្យប្រពន្ធកូនបានរស់នៅបែបនេះឡើយ។លោកសូមថ្លែងអំណរគុណដល់សម្ដេចទាំងពីរ ដែលមានចិត្តសណ្ដោសប្រណីដល់លោក​និងក្រុមគ្រួសារ ហើយចាប់ពីពេលនេះតទៅ លោកមានផ្ទះរស់នៅដូចគេ រួចផុតការរស់នៅផ្ទះជួលទៀតហើយ។

ម្ចាស់បទ ”សុំមេមាន់មួយ” លោកចាន់ សម័យ សូមជូនពរសម្ដេចទាំងពីរ សម្រេចនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជារៀងរហូតតទៅ។

ដោយឡែក លោកឡេង ណាវ៉ាត់ត្រា វិញ ក៏បានសម្ដែងអារម្មណ៍រីករាយជំនួសតារាចម្រៀងចាន់ សម័យ ផងដែរ ដែលមានភ័ព្វសំណាងបានសម្ដេចទាំងពីរអាណិតអាសូរ និងទិញផ្ទះឲ្យពេលនេះ ពិសេស គឺសម្ដេចបានទិញផ្ទះឲ្យលោកសម័យ នៅបុរីរបស់លោកពេលនេះ។

ចាន់ សម័យ បានប្រឡូកក្នុងអាជីពចម្រៀងជាង១០ឆ្នាំមកហើយ និងពេលនេះ លោកមានជំងឺរបេងឆ្អឹង ដែលលោកកើតជំងឺនេះ តាំងពីអាយុ១៤ឆ្នាំមកម្ល៉េះ ប៉ុន្តែបានធ្វើទុក្ខខ្លាំងនៅរយៈពេល៥ឆ្នាំក្រោយនេះ។

លោកសម័យ​បានធ្លាក់ចុះដុនដាបខ្លាំង​ហើយធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល​នៅពេលដែលលោកដើរស្ទូចត្រី ជាមួយសម្លៀកបំពាក់ចាស់ៗ រហូតលេចឮដល់សម្ដេចទាំង២ មានការអាណិតអាសូរ និងបានធ្វើឲ្យជីវិតរបស់លោកសម័យ មានសង្ឃឹមសារជាថ្មី តាមរយៈការទិញផ្ទះឲ្យលោកសម័យ នៅពេលនេះ។

ក្រៅពីរំភើបគ្មានអ្វីប្រៀបបានដែលមានផ្ទះរស់នៅសមរម្យនេះលោកសម័យ ក៏ត្រូវបានផលិតកម្ម Galaxy ទទួលលោកជាតារាចម្រៀង ដើម្បីឲ្យលោកបានបញ្ចេញសមត្ថភាព​ទេពកោសល្យឡើងវិញផងដែរ៕

RELATED ARTICLES