Friday, March 29, 2024
Homeព័ត៌មានជាតិចេញពីច្រៀងខារ៉ាអូខេ អស់ម៉ូតូ១គ្រឿងហើយ រយះមុខទៀត

ចេញពីច្រៀងខារ៉ាអូខេ អស់ម៉ូតូ១គ្រឿងហើយ រយះមុខទៀត

ភ្នំពេញ ៖ បុរសម្នាក់បានខ្ចីម៉ូតូមិត្តភក្តិទៅស៊ីការគេ លុះចេញពីហូបការ ក៏ឆ្លៀតចូលខារ៉ាអូខេច្រៀងលេង ស្តាប់ភ្លេង ស្ទាបភ្លៅសិន រហូតដល់ពាក់កណ្តាលអធ្រាត្រ ទើបជិះម៉ូតូត្រឡប់មកផ្ទះវិញតែម្នាក់ឯង ក៏ត្រូវជនសង្ស័យ១ក្រុម ស្ទាក់កាប់១ដាវ បណ្តាលឱ្យរយះមុខ ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ចំណែកជនរងគ្រោះបានត្រឹមទូរស័ព្ទហៅមិត្តភក្តិជាម្ចាស់ម៉ូតូ មកជួយដឹកទៅពេទ្យ។

ករណីកាប់ប្លន់ម៉ូតូខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិលេខ២ ក្បែររង្វង់មូលកួរស្រូវ ស្ថិតក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ។

បុរសរងគ្រោះដែលត្រូវចោរកាប់១ដាវប្លន់ម៉ូតូទៅបាត់ មានឈ្មោះសិន អាយុ៣៣ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ។ ចំណែកម៉ូតូដែលក្រុមចោរប្លន់យកទៅបាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HA-2052 ជាកម្មសិទ្ធិរបស់មិត្តភក្តិម្នាក់របស់ជនរងគ្រោះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបានខ្ចីម៉ូតូមិត្តភក្តិទៅស៊ីការគេនៅម្តុំក្បាលថ្នល់។ លុះចេញពីស៊ីការវិញ ក៏ឆ្លៀតជុំជើងគ្នាចូលច្រៀងខារ៉ាអូខេយ៉ាងសប្បាយអស់ដៃ រហូតដល់ពាក់កណ្តាលអធ្រាត្រ ទើបបែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញ។

ឥប្រភពដដែលបន្តថា បន្ទាប់មក ជនរងគ្រោះក៏បានជិះម៉ូតូតែម្នាក់ឯង សំដៅទៅផ្ទះវិញ ស្រាប់តែពេលធ្វើដំណើរដល់ចំណុចរង្វង់មូលកួរស្រូវ ទីតាំងកើតហេតុ ក៏លេចមុខជនសង្ស័យ១ក្រុម មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយដាវ១ដើម បានជិះម៉ូតូតាមមកស្ទាក់កាប់ជនរងគ្រោះ១ដាវចំមុខខាងឆ្វេង បណ្តាលឱ្យរងរបួស រួចក៏ប្លន់យកម៉ូតូជិះគេចចេញបាត់ពីកន្លែងកើតហេតុ ដោយសុវត្ថិភាព។

 ក្រោយកើតហេតុ ជនរងគ្រោះបានទូរស័ព្ទទៅមិត្តភក្តិជាម្ចាស់ម៉ូតូ ឱ្យមកជួយដឹកខ្លួន (ជនរងគ្រោះ) យកទៅមន្ទីរពេទ្យបង្អែកជ័យជំនះ ដើម្បីឱ្យគ្រូពេទ្យជួយដេរមុខរបួស។ ក្រោយមកផ្អើលព័ត៌មានដល់ប៉ូលិសប៉ុស្តិ៍ស្ពានថ្ម ចុះទៅមើលសាកសួរជនរងគ្រោះដល់មន្ទីរពេទ្យ និងត្រូវបានជនរងគ្រោះប្រាប់ហើយ កើតហេតុលើផ្លូវជាតិលេខ២ ភូមិព្រះធាតុ សង្កាត់រលួស។

ពេលនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមប្រមាញ់ក្រុមជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES