Thursday, April 25, 2024
Homeព័ត៌មានជាតិឈិត សុវណ្ណបញ្ញា គ្មានគំនុំជាមួយហង្សមាស

ឈិត សុវណ្ណបញ្ញា គ្មានគំនុំជាមួយហង្សមាស

ឈិត សុវណ្ណបញ្ញា ដែលធ្លាប់មានជម្លោះជាមួយផលិតកម្មរស្មីហង្សមាស រហូតដល់នាងចាកចេញទៅផលិតកម្មថោន នោះ នៅតែគ្មានគំនុំជាមួយផលិតកម្មនេះឡើយ តាមរយៈសកម្មភាពមង្គលការរបស់ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា នេះ។

សុវណ្ណបញ្ញា បានក្រោកពីព្រឹកព្រលឹមស្រាងៗ ទៅហែជំនូនតារាចម្រៀងឱក សុគន្ធកញ្ញា ដោយទឹកមុខរីករាយ ដែលធ្វើឱ្យតារាចម្រៀងរួមអាជីពមានការភ្ញាក់ផ្អើល ខណៈដែលនៅថ្ងៃចូលរោងការ សុគន្ធកញ្ញា នោះ បញ្ញា ក៏បានធ្វើឱ្យសុគន្ធកញ្ញា ស្រឡាំងកាំងផងដែរ ព្រោះតែនាងកាន់នំខេកទៅធ្វើខួបលាភាពនៅលីវឱ្យសុគន្ធកញ្ញា ដល់បន្ទប់ទៀតផង ដែលសូម្បីតែលោកសុខលី ក៏និយាយមិនចេញឡើយ។

តាមរយៈការរាប់អានគ្នាជាមួយប្អូនថៅកែហង្សមាស ឱក សុគន្ធកញ្ញា ដូចដើម មិនមានការប្រែប្រួលនេះ សុវណ្ណបញ្ញា នៅតែត្រូវបានគេសង្ស័យថា នាងនៅអាល័យហង្សមាស បើទោះជាពេលនេះ នាងលែងជាតារា ចម្រៀងរបស់ផលិតកម្មនេះទៀតក៏ដោយ។

គួរបញ្ជាក់ថា ឈិត សុវណ្ណបញ្ញា ធ្លាប់ច្រៀងនៅហង្សមាស ១១ឆ្នាំ តែអ្វីដែលនាងខកចិត្តបំផុតនោះ​ គឺផលិតកម្មនេះសន្យាថា ធ្វើ១វ៉ុលសុទ្ធ (Solo Album) ឱ្យនាងច្រៀង តែចាំបាត់ៗគ្មានស្រមោលឡើយ ទើបនាងសម្រេចចិត្តចេញពីហង្សមាស ចូលថោន។

លោកអ៊ឹង សុងលាភ អ្នកគ្រប់គ្រងផលិតកម្មហង្សមាស បានហៅសុវណ្ណបញ្ញា ថាភ្លេចកំណើត ព្រោះពីមុនជីវភាពខ្វះខាត តែពេលនេះមានបាន បែរជាចង់វាយប្រហារហង្សមាស។

ប៉ុន្តែពេលនេះ បញ្ញា មិនបានចងគំនុំជាមួយហង្សមាស ទេ ដោយនាងបង្ហាញខ្លួនក្នុងមង្គលការ សុគន្ធកញ្ញា ហើយរាប់អានតារាហង្សមាស ដូចកាលនាងនៅច្រៀងផលិតកម្មនេះដែរ៕

RELATED ARTICLES