Saturday, April 20, 2024
Homeព័ត៌មានជាតិដឹងទេ សម្តេចហ៊ុន សែន ខ្សឹបអ្វី ប្រាប់ស្វាមីឱក សុគន្ធកញ្ញា?

ដឹងទេ សម្តេចហ៊ុន សែន ខ្សឹបអ្វី ប្រាប់ស្វាមីឱក សុគន្ធកញ្ញា?

ភ្នំពេញ ៖ ពិធីមង្គលការកំពូលតារាចម្រៀងស្រីល្បីឈ្មោះលំដាប់ប្រទេស កញ្ញាឱក សុគន្ធកញ្ញា ជាមួយលោកអ៊ឹង សុខលី ប្អូនប្រុសថៅកែផលិតកម្មហង្សមាស និងជាអគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាស បានប្រព្រឹត្តទៅយ៉ាងរលូន និងអធិកអធមបំផុត កាលពីព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៩ នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សុខាភ្នំពេញ ស្ថិតនៅត្រើយម្ខាងទល់មុខព្រះបរមរាជវាំង ហើយអ្វីដែលកាន់តែធ្វើឱ្យគូស្វាមីភរិយាថ្មោងថ្មី១គូនេះ រំភើបចិត្ត រហូតញញឹមបិទមាត់លែងជិតនោះ គឺវត្តមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមពិធីមង្គលការនេះ ហើយក្នុងឱកាសពិធីកាត់សក់បង្កក់សិរី សម្តេចនាយករដ្ឋមន្ត្រី បានឱនខ្សឹបប្រាប់កូនកំលោះ លោកអ៊ឹង សុខលី ដែលនាំឱ្យមហាជនមានចម្ងល់ថា តើសម្តេចហ៊ុន សែន ខ្សឹបរឿងអ្វី ប្រាប់ស្វាមីឱក សុគន្ធកញ្ញា?។

កម្មវិធីមង្គលការតារាចម្រៀងលំដាប់ជួរមុខក្នុងប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបានរៀបចំឡើងជាមួយនឹងបរិយាកាស និងការតែងលម្អយ៉ាងល្អឥតខ្ចោះ អមដោយផ្កាស្រស់រាប់ពាន់ទង ។

ដោយឡែក នៅក្នុងពិធីហែជំនូន គេឃើញមានវត្តមានចាស់ទុំ និងញាតិមិត្តទាំងសងខាង បានចូលរួមយ៉ាងកុះករ ប្រកបដោយស្នាមញញឹម ព្រមទាំងមានមុខអ្នកសិល្បៈប្រុសស្រីល្បីឈ្មោះ រួមនិងមន្ត្រីរដ្ឋាភិបាលធំៗទៀតផង។ អ្វីដែលកាន់តែវិសេសវិសាល និងធ្វើឱ្យពិធីទាំងមូលកាន់តែអធិកអធមថែមទៀតនោះ គឺវត្តមានសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីកាត់សក់បង្កក់សិរីជូន គូស្វាមីភរិយាថ្មោងថ្មី ជាហេតុធ្វើឱ្យកូនកំលោះក្រមុំ បានបង្ហាញនូវទឹកមុខរំភើបរីករាយ និងមានសុភមង្គលយ៉ាងខ្លាំង ដោយសារមានការផ្តល់កិត្តិយសអញ្ជើញចូលរួមផ្តល់ភាពកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំកំពូល។

អ្វីដែលធ្វើឱ្យមហាជនទូទៅ មានការចាប់អារម្មណ៍ ងឿងឆ្ងល់ និងចង់ដឹងបំផុតនោះ គឺនៅត្រង់ថា តើសម្តេចហ៊ុន សែន បានខ្សឹបអ្វីដាក់ត្រចៀកស្វាមីឱក សុគន្ធកញ្ញា? បានជាធ្វើឱ្យកូនកំលោះរូបនេះ ញញឹមបិទមាត់មិនជិត ទំនងជាមានអ្វីពិសេសហើយមើលទៅ!!!

ក្រៅពីវត្តមានសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏មានវត្តមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូប បនាអញ្ជើញចូលរួមពិធីមង្គលការតារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជា រូបនេះផងដែរ។

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា អតីតតារាចម្រៀងផលិតកម្មរស្មីស្ទឹងសង្កែ សាន់ដេ បានចូលច្រៀងនៅហង្សមាស កាលពីឆ្នាំ២០១០ ហើយបានសាងស្នេហ៍ជាមួយលោកអ៊ឹង សុខលី កាលពីឆ្នាំ២០១១ រហូតឈានមកភ្ជាប់ពាក្យ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ និងបានកំណត់ថ្ងៃរៀបមង្គលការ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ ក្រោយពីពួកគេបានស្វែងយល់ចិត្តគ្នា៨ឆ្នាំមក។

មុនសម្រេចចិត្តលាភាពនៅលីវនេះ ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី បានទិញផ្ទះវីឡាទ្រនំស្នេហ៍ តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីអ័រគីដេវីឡា (ផ្លូវ២០០៤) ហើយសុគន្ធកញ្ញា ក៏បានទទួលកាដូលើកទឹកចិត្តពីលោកសុខលី នូវរថយន្តទំនើប ម៉ាក Audi មួយគ្រឿង យ៉ាងស្រស់ស្អាតផងដែរ។

មង្គលការឱក សុគន្ធកញ្ញា ដែលរៀបចំនៅសណ្ឋាគារផ្កាយ៥ សុខាភ្នំពេញ នេះ ត្រូវបានគេប៉ាន់ប្រមាណថា ចំណាយលុយមិនក្រោម១០ម៉ឺនដុល្លារឡើយ ហើយភ្ញៀវតារាល្បីៗរាប់រយនាក់ បានចូលរួមជប់លៀងធំនៅល្ងាចថ្ងៃទី ១៦ ឧសភា ខណៈដែលភ្ញៀវខាងស្វាមីរបស់សុគន្ធកញ្ញា ភាគច្រើនជាអ្នកជំនួញ និងឧកញ៉ាៗមួយចំនួនទៀត ដែលបងថ្លៃរបស់សុគន្ធកញ្ញា (លោកឧកញ៉ាអ៊ឹង ឆៃងួន) បានអញ្ជើញ។

មនុស្សជាច្រើនបានលើកឡើងថា ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងល្បីជួរមុខគេ នៅហង្សមាស ជិត១០ឆ្នាំមកហើយនោះ នឹងកាន់តែមានជំហររឹងមាំថែមទៀត ព្រោះនាងមានប្តីជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ខណៈបងថ្លៃនាងជាម្ចាស់ផលិតកម្ម និងទូរទស្សន៍ហង្សមាស។ ប៉ុន្តែអ្នកខ្លះទៀត ហាក់ស្រពេចស្រពិល ចំពោះអាជីពចម្រៀងរបស់ឱក សុគន្ធកញ្ញា ដោយពួកគេយល់ថា តារាល្បីៗឱ្យតែរៀបការហើយ ប្រឈមការធ្លាក់កូដ ហេតុនេះហើយ គេរង់ចាំមើលថា សុគន្ធកញ្ញា នឹងនៅតែខ្លាំងទៀត ឬចុះខ្សោយ ក្រោយមានប្តី?

ប្រភពមួយបានឱ្យដឹងថា សុគន្ធកញ្ញា គ្រោងដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅបរទេសម្តងទៀត ខណៈដែលមុនរៀបការ ពួកគេបានចេញទៅដើរលេងនៅប្រទេសជប៉ុន ចិន និងម៉ាល់ឌីវ ជាដើម។

ប្រភពបានឱ្យដឹងថា សុគន្ធកញ្ញា នឹងយកកូនប្រើឆាប់ៗ ព្រោះ នាងនិងស្វាមី សុទ្ធតែជាអ្នកស្រលាញ់ក្មេងដូចគ្នា ជាមួយនេះ ក៏មានមជ្ឈដ្ឋានខ្លះទាយទុកថា សម្តេចហ៊ុន សែន ខ្សឹបប្រាប់ស្វាមីឱក សុគន្ធកញ្ញា ក្នុងពិធីកាត់សក់សិរីនោះ គ្មានអ្វីក្រៅពីការជូនពរឱ្យមានសុភមង្គល និងឆាប់មានកូនឱ្យតាយាយពនោះទេ…៕

RELATED ARTICLES