Saturday, April 20, 2024
Homeតារាខ្មែរណូម័រ ស្រក់ទឹកភ្នែក មុនដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំនៅថៃ

ណូម័រ ស្រក់ទឹកភ្នែក មុនដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំនៅថៃ

តារាសម្ដែង និងពិធីការិនីតូចច្រឡឹង អ្នកនាងណូម័រ បានដឹកដៃ Vj សុភា រៀបការតាមគម្រោង កាលពីថ្ងៃទី២៨ ខែឧសភា ដែលមង្គលរបស់តារាវ័យក្មេង១គូនេះ ធ្វើតាមប្រពៃណីខ្មែរ ដោយពេលព្រឹករៀបចំនៅផ្ទះរបស់ពួកគេ ដែលទើបទិញម្ដុំចោមចៅ និងពេលល្ងាច បន្ដទៅជប់លៀងនៅមជ្ឈមណ្ឌល Capital Wedding Hall សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្រីស្រស់ណូម័រ បានឲ្យដឹងថា ”ខ្ញុំជប់លៀង៧០តុ ក្នុងនោះ ហៅភ្ញៀវតារាៗ២០០នាក់ ប៉ុន្តែកម្មវិធីទាំងមូលមិនអាចសន្និដ្ឋានបានថា ចាយលុយអស់ប៉ុន្មានទេ ព្រោះអាល័យតែរវល់ពេក អត់ទាន់បានគិតគូលុយ។ មូលហេតុដែលខ្ញុំជ្រើសរើសស្វាមីជាតារាដូចគ្នា ព្រោះខ្ញុំគិតថា មានតែអ្នកសិល្បៈដូចគ្នាទេ ទើបចេះយល់ចិត្តគ្នាច្បាស់។ ខ្ញុំស្រលាញ់គាត់ ត្រង់គាត់មុខប៉ោងៗហ្នឹងហ្មង សើច…។ និយាយឲ្យត្រង់ទៅ ខ្ញុំស្រលាញ់បងភា ត្រង់ការងាររបស់គាត់ច្បាស់លាស់ណាស់ ខ្ញុំពេញចិត្តត្រង់ហ្នឹងជាងគេ។ ខ្ញុំរីករាយដែលបានរៀបការជាមួយមនុស្សដែលខ្ញុំស្រលាញ់ហើយគាត់ក៏ស្រលាញ់ខ្ញុំដែរ”។

ដោយឡែក VJ សុភា វិញ និយាយទាំងរីករាយដែរថា ”ខ្ញុំស្រលាញ់ណូម័រ ខ្លាំង នៅរយៈពេលជាង១ឆ្នាំចុងក្រោយនេះ។ ប៉ុន្ដែបើសាច់ស្រលាញ់ គឺជាង៥ឆ្នាំមកហើយ។ គាត់ធ្វើការនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ នៅទូរទស្សន៍ MyTV ហើយខ្ញុំឃើញគាត់ល្អ ក៏ស្រលាញ់ និងចង់រៀបការជាមួយគាត់។ ពួកយើងតស៊ូច្រើនដែរ ទើបមានថ្ងៃនេះ”។

មុនដឹកដៃគ្នារៀបការ អ្នកនាងណូម័រ និងVj សុភា បានទិញផ្ទះទ្រនំស្នេហ៍ចូលគ្នា តម្លៃជាង៥ម៉ឺនដុល្លារ នៅម្ដុំចោមចៅ ទើបធ្វើឲ្យពួកគេបង្ខំចិត្តចុះអេតាស៊ីវិលមុនរៀបការ។

ដោយឡែក ទាក់ទងរឿងគម្រោងចេញទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) វិញ ស្វាមីរបស់ណូម័រ គឺ Vj សុភា បានឲ្យដឹងថា លោកបានគិតគូរអស់ទៅហើយ គឺរៀបការរួច និងនាំភរិយាទៅដើរលេងកម្សាន្ដនៅប្រទេសថៃ មួយរយៈពេលខ្លី ព្រោះចង់ទៅទីនោះយូរដែរហើយ។

ចំណែកអ្នកនាងណូម័រ វិញ បានឲ្យដឹងដែរថា នាងមិនខ្លាចក្នុងការពពោះទេ គឺអាចនឹងយកកូនឆាប់ៗនេះដែរ ប៉ុន្ដែការដែលនាងបារម្ភខ្លះៗនោះ គឺបើសិនជានាងពពោះ មានតែស្វាមីជាអ្នករ៉ាប់រងការរកប្រាក់តែម្នាក់ឯង ហើយអីចឹងនាងអាណិតប្ដី។

ប៉ុន្ដែបើតម្រូវយកកូនពេលនេះមែន នាងមានតែអាចងាកមករកស៊ីលក់ផលិតផលតាម Online ប៉ុណ្ណោះ។

ណូម័រ បានឲ្យដឹងទៀតថា នាងបានផ្អាកអាជីពសម្ដែងភាពយន្ដមួយរយៈទៅហើយ គឺនៅតែការធ្វើពិធីការិនី និងថត MV ប៉ុណ្ណោះ។ ចំណែកស្វាមីរបស់នាង Vj សុភា អះអាងថា លោកមិនហាមឃាត់ភរិយាទេ ក្នុងការលេងសិល្បៈ ប្រសិនបើចិត្តនាងចង់អាចបន្ដបានដូចមុន ព្រោះថា លោកជាអ្នកសិល្បៈដូចគ្នា អីចឹងប្រាកដជាយល់ច្បាស់ណាស់ ជាមួយការងារមួយនេះ។

គួរបញ្ជាក់ថា នៅពេលដែលកូនក្រមុំណូម័រ ដើរឡើងឆាក ដោយមានភ្ញៀវ និងតារារួមអាជីពឈរអមជារបងនោះ VJ សុភា​នៅលើឆាកកាន់ក្បាលមីក្រូច្រៀងចម្រៀងមួយបទ​ដែលបទនោះ លោកជាអ្នកនិពន្ធផ្ទាល់ទាក់ទងរឿងស្នេហាផ្ទាល់ខ្លួន ហើយអត្ថន័យក៏ត្រូវនឹងស្នេហាមនុស្សមួយចំនួនទៀតដែរ គឺបទ “ភពស្នេហ៍” ធ្វើឲ្យណូម័រ រំភើបរហូតស្រក់ទឹកភ្នែករលេងរលោងនៅលើឆាកតែម្ដង។

ទាំងណូម័រ និងVj សុភា​សុទ្ធតែបង្ហាញពីភក្ដីស្នេហ៍ចំពោះគ្នា និងរក្សាការពារចំណងស្នេហ៍របស់ពួកគេឲ្យបានរហូតដល់ចាស់កោងខ្នង៕

RELATED ARTICLES