Thursday, April 25, 2024
Homeតារាខ្មែរទឹម រដ្ឋា មិនខ្លាចមានប្តី លែងត្រូវប៉ាន់

ទឹម រដ្ឋា មិនខ្លាចមានប្តី លែងត្រូវប៉ាន់

ទឹម រដ្ឋា ដែលមិនសូវកាក់កបរឿងស្នេហា ព្រោះបរាជ័យជាបន្តបន្ទាប់ ដោយចុងក្រោយ ដំបៅបេះដូងព្រោះស្នាដៃប្រុសប៉ាគីស្ថាន លោក Zak Ky នោះ ពេលនេះកំពុងសាងស្នេហ៍ស្អិតល្មួតជាមួយប្រុសអាមេរិក កាត់អេស្ប៉ាញ លោក Jovany Antonio ប៉ុន្តែរដ្ឋា មិនហ៊ានរៀបការឡើយ ក្រោយចាប់ដៃគ្នា៣ឆ្នាំមកនេះ ព្រោះនាងត្រូវការពិនិត្យតាមដានគូស្នេហ៍ឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីកុំឱ្យជាន់ដានចាស់ នាំឱ្យខ្មាសគេ ពុំមែនដូចគេថា នាងខ្លាចមានប្តី លែងត្រូវប៉ាន់នោះទេ…។

“បើខ្ញុំនិយាយថា រៀបការពេលណា តែបែរជាមិនបានរៀបការនោះ ខ្ញុំត្រូវគេសើចចំអកឱ្យ នាំតែខ្មាសគេទេ អ៊ីចឹងរឿងហ្នឹងពិបាកនិយាយណាស់បង”។ នេះជាលើកឡើងរបស់តារាសម្តែង ទឹម រដ្ឋា ចំពោះសំណួររបស់អ្នកយកព័ត៌មានយើងថា ហេតុអីបានជានាងមិនព្រមរៀបការជាមួយលោក Jovany Antonio ឬមួយខ្លាចរៀបការ ហើយប្រឈមការធ្លាក់កូដ លែងមានការងារសិល្បៈ ធ្វើដូចមុនទៀត?”។

ទឹម រដ្ឋា អះអាងបន្ថែមទៀតថា “មិនមែនខ្ញុំភ័យថា ខ្លាចការហើយ មានប្តីទៅ លែងមានការងារសិល្បៈធ្វើនោះទេ។ ខ្ញុំអត់ភ័យទេ រឿងអស់នេះ ព្រោះទស្សនិកជន បើគាត់ស្រលាញ់ គាំទ្រយើងហើយ ទោះជាមានប្តី ក៏គេនៅតែគាំទ្រដដែលហ្នឹង។ ប៉ុន្តែរឿងដែលខ្ញុំខ្លាចបំផុតត្រង់ថា បើខ្ញុំប្រាប់អ្នកសារព័ត៌មានថា យើងការថ្ងៃណាច្បាស់លាស់ ហើយស្រាប់តែដល់ថ្ងៃរៀបការ បែរជាមិនអាចធ្វើបាន អាហ្នឹងជារឿងខ្មាសគេ ពិបាកប្រឈមណាស់”។

ការថ្លែងរបស់ទឹម រដ្ឋា នៅពេលនេះ ដោយសារតែតារាខ្ពស់ស្រឡះរូបនេះ ធ្លាប់បាក់ស្បាតម្តងរួចទៅហើយ នៅពេលដែលនាងបានភ្ជាប់ស្នេហាជាមួយប្រុសប៉ាគីស្ថាន លោក Zak Ky ជាច្រើនឆ្នាំ ហើយប្រកាសថា នឹងដឹកដៃប្រុសស្បែកខ្មៅនោះ រៀបការជាមួយគ្នាទៀតផង ប៉ុន្តែទីបំផុត ចំណងស្នេហាប្រែក្រឡាប់ចាក់ ធ្វើឱ្យពួកគេបែកបាក់គ្នាទាំងចម្រូងចម្រាស ដោយសារតែប្រុសបរទេសរូបនោះ ប្រចណ្ឌនាងជាមួយលោកអេឡិច ចាន់ត្រា រហូតដល់ចាក់សោបង្ខាំងនាងទុកក្នុងឡានទៀតផង ទើបធ្វើឱ្យចំណងស្នេហាពួកគេមិនអាចផ្សះផ្សាបាន បើទោះជាលោក Zak Ky ព្យាយាមសុំត្រូវរ៉ូវគ្នាវិញក៏ដោយ។

ចំណែកការភ្ជាប់ស្នេហ៍ថ្មីជាប្រុសបរទេសម្តងទៀត របស់ទឹម រដ្ឋា នៅពេលនេះ ត្រូវបានតារារូបនេះអះអាងថា រយៈពេល៣ឆ្នាំនេះ នាងនិងគូស្នេហ៍ មានភាពចុះសម្រុងគ្នាល្អណាស់ ដោយថែមទាំងទទួលបានការគាំទ្រពីឪពុកម្តាយទាំងសងខាងទៀតផង។

ប៉ុន្តែការស្វែងយល់ចិត្តគ្នា៣ឆ្នាំនេះ រដ្ឋា ថា នៅតិចណាស់ ហេតុនេះហើយនាងត្រូវការពេលវេលាមើលចិត្តគ្នា ឱ្យបានច្រើនឆ្នាំតទៅទៀត ចៀសវាងជួបរឿងចាស់ នាំឱ្យពិបាកប្រឈម។

ទឹម រដ្ឋា ត្រូវបានមន្ត្រីធំៗជាច្រើន ធ្លាប់តាមស្នេហានាងរាប់មិនអស់ឡើយ ដែលក្នុងនោះ មានទាំងលោកផ្កាយ៤ ដ៏មានឥទ្ធិពលម្នាក់ផងដែរ ដែលចង់ឧបត្ថម្ភនាងឱ្យរស់នៅដោយសុខសាន្ត និងមិនចាំបាច់រវីរវល់លេងសិល្បៈ។

ប៉ុន្តែរដ្ឋា មើលរំលងប្រុសខ្មែរ ដោយសម្រេចចិត្តភ្ជាប់ស្នេហាតែជាមួយប្រុសបរទេសជាបន្តបន្ទាប់ ហើយនាងអះអាងថា មិនមែននាងមិនចូលចិត្តប្រុសខ្មែរទេ តែមិនដឹងជាធ្វើម៉េចទេ មាននិស្ស័យជាមួយប្រុសបរទេស អ៊ីចឹងរឿងស្នេហាត្រូវពឹងលើនិស្ស័យដែរ។

យ៉ាងណា នាងថា ការចូលសិល្បៈនេះ មិនមែនដើម្បីរកស៊ីអ្វីផ្សេង ឬអាងមានសម្រស់ហើយ ចង់ឱ្យអ្នកធំស្រលាញ់ទេ ព្រោះនាងមិនដែលមានចិត្តចង់ធ្វើជំទាវឡើយ។

ប៉ុន្តែអ្នកសិល្បៈដែលជិតស្និទ្ធទឹម រដ្ឋា បែរជាថា តារាស្វែលខ្ពស់ស្រឡះនេះ នឹងមិនហ៊ានរៀបការជាមួយប្រុសបរទេសនេះ ឆាប់ៗឡើយ ដោយសារនាងមានជម្រើសស្នេហ៍ច្រើន ពោលគឺទោះជានាងនិងសង្សារ សាងស្នេហ៍ក្រោមដំបូលជាមួយគ្នាក្តី ប៉ុន្តែមន្ត្រីធំៗនៅតែព្យាយាមចង់ឆ្មក់ស្នេហ៍៕

RELATED ARTICLES