Thursday, April 25, 2024
Homeព័ត៌មានជាតិប្តីរន្ធត់ចិត្តជាខ្លាំង ប្រពន្ធបាញ់សម្លាប់ខ្លួនក្នុងឡាន

ប្តីរន្ធត់ចិត្តជាខ្លាំង ប្រពន្ធបាញ់សម្លាប់ខ្លួនក្នុងឡាន

កណ្តាល៖ ស្ត្រីម្នាក់បានធ្វើអត្តឃាតខ្លួនឯង ដោយយកកាំភ្លើងខ្លីបាញ់ត្រង់សៀតផ្កា បណ្តាលឲ្យហូរឈាមស្រោចពេញខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និងនាទីល្ងាច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចកំពង់ទឹកទន្លេ ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

ស្ត្រីរងគ្រោះមានឈ្មោះ ណុប វណ្ណី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ មានស្វាមីឈ្មោះ អ៊ុក ជីវ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ឋានៈនាយផ្នែកការិយាល័យសើុបអង្កេត និងអនុវត្តន៍នីតិវិធី នៃនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងមានកូនចំនួន៣នាក់ ទី១. ឈ្មោះង៉ែត ជីវ៉ា វ៉ាន់នីតា ភេទស្រី អាយុ១៣ឆ្នាំ ទី២. ង៉ែត វ៉ាន់នីកា ភេទស្រី អាយុ៩ឆ្នាំ និងទី៣. ង៉ែត ជីវ៉ាយុត្ថាគង្គ ភេទប្រុស អាយុ៧ឆ្នាំ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានដូចជា អាវុធខ្លីចំនួន០១ដើម ម៉ាក CT98.9 លេខ០០១១៦៩ មានគ្រាប់ចំនួន១២។

 តាមប្រភពពីក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះ និងប្តី បាននាំកូនទាំង៣នាក់ និងកូនស្រីអ្នកជិតខាងចំនួន២នាក់ បាននាំគ្នាទៅលេងទឹកកោះខ្សាច់ ចំណុចកើតហេតុ។ ប៉ុន្តែពេលទៅដល់ ស្ត្រីរងគ្រោះមិនបានចុះលេងទឹកនោះទេ ដោយសម្រាកក្នុងរថយន្តតែម្នាក់ឯង ទុកឲ្យប្តី និងកូន ជាមួយកូនស្រីអ្នកជិតខាង លេងទឹកសប្បាយរីករាយនោះ ប្តីរបស់ស្ត្រីរងគ្រោះបានឡើងពីទឹកមុន ហើយបានដើរមករថយន្ត បានឃើញស្ត្រីរងគ្រោះដេក ដោយមានហូរឈាមលើ ដៃខាងស្តាំ ដោយដៃស្តាំគងលើភ្លៅឆ្វេង កាំភ្លើងអែបភ្លៅឆ្វេង និងមានស្នាមគ្រាប់កាំភ្លើងលើសៀតផ្កាខាងស្តាំ ដោយមានគ្រាប់កាំភ្លើងបៀមជាប់ចំណុចថ្ងាស។

ប្រភពបានបន្តថា ពេលឃើញស្ត្រីរងគ្រោះមានសភាពដូច្នេះ ប្តីរបស់ជនរងគ្រោះបានដឹកប្រពន្ធមកផ្ទះ ហើយបានរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍អរិយក្សត្រ។

ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹង ចុះមកដល់ផ្ទះកើតរបស់ស្ត្រីរងគ្រោះ សមត្ថកិច្ចបានសួរនាំប្អូនស្រីបង្កើតឈ្មោះ ណុប ស្រីរ័ត្ន បានអះអាងថា កន្លងមក ជនរងគ្រោះមានជម្ងឺវះក ពេលជម្ងឺធ្វើទុក្ខម្តងៗ គឺពិបាកពិបាកទ្រាំណាស់។ ហើយបងស្រីរបស់ខ្លួន (ស្ត្រីរងគ្រោះ) បានព្យាយាមសម្លាប់ខ្លួនជាច្រើនលើកមកហើយ។

ចំណែកតាមចម្លើយបំភ្លឺរបស់ឈ្មោះហុីម មាន ជាអាចារ្យវត្តអរិយក្សត្រ ក៏បានអះអាងថា ជនរងគ្រោះប្រាកដជាមានជម្ងឺរាំរ៉ៃប្រាកដមែន ហើយធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យញឹកញាប់ផងដែរ។ ហើយរយៈពេលកន្លះខែមុន ស្ត្រីរងគ្រោះមានបំណងចងក និងលេបថ្នាំសម្លាប់ខ្លួន ។

ដោយឡែក បើតាមការស្តាប់ចម្លើយបំភ្លឺរបស់កូនស្រីទាំង៣របស់ស្ត្រីរងគ្រោះ បានបំភ្លឺថា ពេលកំពុងមុជទឹក ម្តាយរបស់ខ្លួន បានឡើងមកសម្រាន្តនៅក្នុងរថយន្តតែម្នាក់ឯង។ បន្ទាប់ពីបានមុជទឹករួច ក៏នាំគ្នាឡើងមករថយន្ត ក៏បានឃើញម្តាយរបស់ខ្លួនដេកស្លាបក្នុងរថយន្ត ដោយឈាមហូរស្រោចខ្លួន។

សមត្ថកិច្ចជំនាញ បានធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យបានបញ្ជាក់ថា នៅលើខ្លួនសាកសពមានស្នាមរបួសចូល ទំហំ២.៥សង់ទីម៉ែត្រ នៅចំសៀតផ្កាស្តាំ មានក្បាលគ្រាប់បៀមលើត្រចៀកឆ្វេង ត្រង់សៀតផ្កា របួសកាត់ទទឹងស្មើ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាបានបាញ់សម្លាប់ខ្លួនឯងប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពស្ត្រីរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES