Wednesday, April 24, 2024
Homeព័ត៌មានជាតិប្រពន្ធដើមព្រះរាជអាជ្ញា សុំសម្តេចហ៊ុន សែន ជួយរកយុត្តិធម៌រឿងប្តីលួចមានប្រពន្ធចុង

ប្រពន្ធដើមព្រះរាជអាជ្ញា សុំសម្តេចហ៊ុន សែន ជួយរកយុត្តិធម៌រឿងប្តីលួចមានប្រពន្ធចុង

ខេត្តកណ្តាល ៖ ស្ត្រីជាភរិយាដើមរបស់លោកព្រះរាជអាជ្ញាមួយរូប ដែលបានទម្លាយរឿងអាស្រូវក្នុងគ្រួសាររបស់ខ្លួនថា លោកព្រះរាជអាជ្ញាជាប្តី បានក្បត់ចិត្តលួចលាក់ទៅមានប្រពន្ធចុង មានទាំងកូន រស់នៅភូមិគ្រឹះធំស្កឹមស្កៃ និងមិនព្រមចូលខ្លួនដោះស្រាយជាមួយខ្លួនជាប្រពន្ធដើម ឱ្យបានដាច់ស្រេច ពេលនេះបានសម្រេចអំពាវនាវសុំដល់សម្តេចហ៊ុន សែន ជួយអន្តរាគមន៍លើករណីប្តីលួចមានប្រពន្ធចុង ដើម្បីផ្តល់យុត្តិធម៌ដល់ខ្លួនដែលជាប្រពន្ធដើមស្របច្បាប់។

លោកព្រះរាជអាជ្ញាដែលត្រូវប្រពន្ធដើម អះអាងថា លួចលាក់មានប្រពន្ធចុងនោះ មានឈ្មោះជា ពេជ្រ មានតួនាទីជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។ ចំណែកស្ត្រីជាប្រពន្ធដើម មានឈ្មោះហ៊ាន លក្ខិណា មានលំនៅក្នុងភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល។

ស្ត្រីឈ្មោះហ៊ាន លក្ខិណា ដែលអះអាងថា ជាប្រពន្ធដើមរបស់លោកព្រះរាជអាជ្ញា ជា ពេជ្រ បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ថា “នាងខ្ញុំសូមលំឱនកាយ សូមអភ័យទោសពីចម្ងាយ សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរតែងតែមានព្រហ្មវិហារធម៌ ជួយប្រជាជនស្លូតត្រង់ មេត្តាជួយរកយុត្តិធម៌ឱ្យរូបនាងខ្ញុំផង ដែលលោកព្រះរាជអាជ្ញា ជា ពេជ្រ (បម្រើការងារនៅខេត្តរតនគិរី) បានធ្វើបាបនាងខ្ញុំ ហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់។ លោកជា ពេជ្រ អាងខ្លួនឯងជាអ្នកច្បាប់ អាងខ្នងអ្នកធំ អាងអំណាច និងប្រាក់កាស និងអាងមានមិត្តភក្តិ សុទ្ធតែជាអ្នកច្បាប់ទាំងអស់ ចឹងគាត់មិនខ្លាចច្បាប់ទេ។ គាត់លួចមានប្រពន្ធចុង ខុសច្បាប់ឯកពន្ធភាព ហើយគាត់ថា គាត់មានលុយរាប់លានដុល្លារចឹង គ្មានអ្នកណាយកឈ្នះគាត់បានទេ ព្រោះច្បាប់នៅខាងគាត់អស់ហើយ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ១០ឆ្នាំទៀត គាត់ចាយលុយមិនអស់ផង លោក ជា ពេជ្រ គាត់ថានាងខ្ញុំមិនមានបងប្អូនមិត្តភក្តិ ជាអ្នកច្បាប់ដូចគាត់ទេ ចឹងមិនអាចឈ្នះគាត់បានឡើយ។ គួរពុំគួរ​សូមសម្តេចទាំងពីរមេត្តាអភ័យទោសដល់នាងខ្ញុំផងចុះ ដោយសារនាងខ្ញុំមិនបានរៀនសូត្រចេះដឹងជ្រៅជ្រះទេ…”។

ស្ត្រីជាប្រពន្ធដើមដដែលបានសរសេរបន្ថែមថា “ព្រះរាជអាជ្ញា គឺជាអ្នកច្បាប់ គឺឪច្បាប់ ដល់មកប្រព្រឹត្តទង្វើខុសច្បាប់ លួចមានប្រពន្ធចុង ជាក់ស្តែងអ៊ីចឹង វាហួសនឹងនិយាយហើយ បើសិនលោកព្រះរាជអាជ្ញា ជា ពេជ្រ ម្នាក់នេះ រួចខ្លួនទៀតនោះ គឺតុលាការអយុត្តិធម៌ពេក ហើយសម្រាប់ប្រជាជនស្លូតត្រង់ ដូចជារូបនាងខ្ញុំ។ ដូច្នេះ សូមមតិមហាជន និងសារព័ត៌មាន ព្រមទាំងទូរទស្សន៍ទាំងអស់ ជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផង។ នាងខ្ញុំរង់ចាំទទួលការសម្ភាសន៍ពីទូរទស្សន៍ទាំងអស់ជានិច្ច សូមទំនាក់ទំនងតាមឆាតរបស់នាងខ្ញុំ…”។

ជាមួយគ្នានេះ ស្ត្រីជាប្រពន្ធដើមរូបនេះ ក៏បានសំណូរពរឱ្យតុលាការ បន្តនិតិវិធីលើសំណុំរឿងបណ្តឹងរបស់គាត់ឱ្យបានលឿនផង។

អ្នកស្រី ហ៊ាន លក្ខិណា បានសរសេរក្នុងគណនីហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩​ ថា “សូមលោកតុលាការមេត្តាជួយបន្តនីតិវិធី ដោះស្រាយរឿងក្តីរបស់នាងខ្ញុំ ហ៊ាន លក្ខិណា ដែលជាប្រពន្ធស្របច្បាប់ និងលោកជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូង (ខេត្តរតនគិរី) ផង នាងខ្ញុំបានដាក់ពាក្យប្តឹងពីបទ (ឯកពន្ធភាព) ហើយតុលាការក៏បានទទួលយកសំណុំរឿងនាងខ្ញុំដែរ តែបែរជាយកសំណុំរឿងនាងខ្ញុំទៅទុកចោលទៅវិញ ហើយពន្យារពេលរហូត។ ចេះតែថាខ្វះនេះខ្វះនោះ មិនចេះចប់ មិនចេះហើយ រវល់រហូត ហាក់បីដូចជាចង់ឱ្យលោកព្រះរាជអាជ្ញា ជា ពេជ្រ ម្នាក់នេះរួចខ្លួនពីសំណាញ់ច្បាប់ចឹង បើមិនព្រមយករឿងនាងខ្ញុំមកដោះស្រាយទេនោះ នាងខ្ញុំនឹងប្តឹងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សាអង្គ ចៅក្រមហើយ…”។

គួរបញ្ជាក់ថា កន្លងមក កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធដើមលោកព្រះរាជអាជ្ញា ជា ពេជ្រ ធ្លាប់បានប្តឹងទៅលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីជួយអន្តរាគមន៍ស្វែងរកដំណោះស្រាយផងដែរ ដោយខ្លឹមសារនៃពាក្យបណ្តឹង មានដូចខាងក្រោម ៖

សូមគោរពជូន ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

កម្មវត្ថុ ៖ សំណើជួយអន្តរាគមន៍ឱ្យបុគ្គលលោកព្រះរាជអាជ្ញា ជា ពេជ្រ ឈប់ប្រើអំណាច បុណ្យស័ក្តិ អំណាចប្រាក់ គំរាមកំហែងរូបនាងខ្ញុំ ហ៊ាន លក្ខិណា ដែលជាភរិយាស្របច្បាប់ ហើយសូមឱ្យចូលខ្លួនមកដោះស្រាយបញ្ហាផ្ទៃក្នុងគ្រួសារ (ការលួចមានប្រពន្ធចុង) ដោយសន្តិវិធី។

យោង ៖ លិខិតបញ្ជាក់អាពាហ៍ពិពាហ៍លេខ០៤ ធ្វើនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០០៤។

តាមកម្មវត្ថុ និងយោងខាងលើ នាងខ្ញុំមានកិត្តិយស សូមគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី មេត្តាជ្រាបថា នាងខ្ញុំហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់របស់លោកជា ពេជ្រ មានលំនៅបច្ចុប្បន្ន ភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល សូមឯកឧត្តមរដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ជាបន្ទាន់ ចំពោះសកម្មភាពដ៏កំរោល និងអសីលធម៌របស់លោកព្រះរាជអាជ្ញា។ សូមឱ្យបុគ្គលលោកព្រះរាជអាជ្ញា ជា ពេជ្រ (បម្រើការនៅខេត្តរតនគិរី) ឈប់ប្រើអំណាចបុណ្យស័ក្តិ អំណាចទឹកប្រាក់ និងយកឈ្មោះថ្នាក់ដឹកនាំធំៗ មកគំរាមកំហែងនាងខ្ញុំ ហ៊ាន លក្ខិណា ដែលជាភរិយាស្របច្បាប់ ហើយសូមឱ្យចូលខ្លួនមកដោះស្រាយបញ្ហាផ្ទៃក្នុងគ្រួសារ ដោយសន្តិវិធី។ បញ្ហាទាំងនោះ មានជាអាទិ៍ ការលួចមានប្រពន្ធចុង មានកូន មានផ្ទះជាភូមិគ្រឹះជាច្រើនកន្លែង មានប្រាក់ច្រើន ក្នុងរយៈពេលដ៏ខ្លី និងបញ្ហាផ្សេងៗមួយួចំនួនទៀត…។

ជាការឆ្លើយតប នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៩ ក្រសួងយុត្តិធម៌ បានចេញលិខិត១ច្បាប់ ដែលចុះហត្ថលេខាដោយលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលមានខ្លឹមសារទាំងស្រុងថា “រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបមកលោកស្រីហ៊ាន លក្ខិណា អាសយដ្ឋានភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។

កម្មវត្ថុ ៖ ស្តីពីសំណើរបស់លោកស្រី សុំឱ្យក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ករណីរឿងរបស់លោកស្រី។

យោង ៖ ពាក្យសុំអន្តរាគមន៍ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ របស់លោកស្រី។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបលោកស្រីថា ៖ ក្រោយពីក្រសួងបានពិនិត្យលើពាក្យបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី ឃើញថា ករណីរឿងរបស់លោក ស្រី និងលោកជា ពេជ្រ នេះ លោកស្រីមានសិទ្ធិប្តឹងទៅតុលាការ ឱ្យធ្វើការដោះស្រាយជូនទៅតាមផ្លូវច្បាប់ ដោយត្រូវបញ្ជាក់អំពីការទាមទាររបស់ខ្លួន និងមូលហេតុនៃការទាមទារឱ្យបានច្បាស់លាស់…”។

ដោយឡែក យោងតាមពាក្យបណ្តឹងរបស់អ្នកស្រី ហ៊ាន លក្ខិណា ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ដែលបានដាក់ចូលទៅសាលាដំបូងរាជធានីភ្នំពេញ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

នាងខ្ញុំឈ្មោះហ៊ាន លក្ខិណា អាយុ៤៨ឆ្នាំ អាសយដ្ឋានភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។

សូមគោរពចូលមក លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សូមទានជ្រាប។

កម្មវត្ថុ ៖ សុំប្តឹងឈ្មោះជា ពេជ្រ ភេទប្រុស មុខរបរ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តរតនគិរី មានលំនៅបច្ចុប្បន្ន រស់នៅខេត្តរតនគិរី ពីបទផិត។

តបតាមកម្មវត្ថុ និងយោងខាងលើ នាងខ្ញុំមានកិត្តិយសសូមជម្រាបជូនលោកព្រះរាជអាជ្ញា មេត្តាជ្រាបថា នាងខ្ញុំបានរៀបអាពាហ៍ពិពាហ៍ជាមួយឈ្មោះជា ពេជ្រ តាំងពីឆ្នាំ១៩៩៣ និងបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់ និងមានកូនចំនួន២នាក់ គឺឈ្មោះលី ហាក់លឹម អាយុ២១ឆ្នាំ និងឈ្មោះលី កណ្ណិកា អាយុ១២ឆ្នាំ ដោយការរស់នៅជាមួយគ្នាកន្លងមក មិនដែលមានភាពរកាំរកូសជាមួយគ្នានោះទេ។ ប៉ុន្តែចាប់តាំងពីឈ្មោះជា ពេជ្រ បានផ្លាស់ប្តូរទៅបម្រើការងារនៅខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០០៩មក ការរស់នៅជាប្តីប្រពន្ធរបស់នាងខ្ញុំ និងឈ្មោះជា ពេជ្រ តែងតែមានភាពរកាំរកូស ហើយឈ្មោះជា ពេជ្រ មិនបានយកចិត្តទុកដាក់ជាមួយកូនៗ និងជីវភាពគ្រួសារឡើយ។ ក្រោយមកទៀត ឈ្មោះជា ពេជ្រ ត្រូវបានផ្លាស់ប្តូរទៅបម្រើការងារនៅខេត្តរតនគិរី នៅថ្ងៃមួយ នាងខ្ញុំបានទទួលដំណឹងថា ឈ្មោះជា ពេជ្រ បានដាក់ពាក្យបណ្តឹងលែងលះនាងខ្ញុំ នៅសាលាដំបូងខេត្តកណ្តាល តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មកម៉្លេះ។ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ លោកគឹម រ័ត្នណារិន ចៅក្រមសាលាដំបូងខេត្តកណ្តាល បានចេញលិខិតអញ្ជើញនាងខ្ញុំឱ្យបង្ហាញខ្លួនក្នុងនីតិវិធីត្រៀម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ធ្វើឱ្យនាងខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំង នឹកស្មានមិនដល់ថា ឈ្មោះជា ពេជ្រ ហ៊ានធ្វើបែបនេះ។ ដោយមិនអស់ចិត្ត និងមានការសង្ស័យ នាងខ្ញុំក៏បានស្រាវជ្រាវតាមរយៈមិត្តភក្តិរបស់ឈ្មោះជា ពេជ្រ និងបណ្តាញសង្គមហ្វេសប៊ុក ទើបដឹងកាពិតថា ឈ្មោះជា ពេជ្រ លួចមានស្រី (ឈ្មោះ Sokhak Mot) រហូតមានកូនប្រុសម្នាក់ ឈ្មោះ ជា លីខ័ង ថែមទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកព្រះរាជអាជ្ញា មេត្តាធ្វើការចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះជា ពេជ្រ ឱ្យបានធ្ងន់ទៅតាមផ្លូវច្បាប់ ដោយក្តីអនុគ្រោះ…។

ក្រៅពីបណ្តឹងខាងលើនេះ អ្នកស្រីហ៊ាន លក្ខិណា ក៏បានបញ្ជាក់កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ អ្នកស្រីក៏បានដាក់ពាក្យបណ្តឹងទៅសាលាឃុំរកាកោង១ ដោយប្តឹងសុំរក្សាទុកឈ្មោះជា ពេជ្រ ជាប្តីដែលចុះចោលផ្ទះនោះផងដែរ។

ពាក្យបណ្តឹងនោះ មានខ្លឹមសារថា “នាងខ្ញុំ ឈ្មោះហ៊ាន លក្ខិណា មុខរបរលក់ដូរ រស់នៅភូមិដើមជ្រៃ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

សូមគោរព ចូលមកលោកមេឃុំរកាកោងទី១

កម្មវត្ថុ ៖ សំណើសុំប្តឹងរក្សាទុកឈ្មោះជា ពេជ្រ ត្រូវជាប្តីរបស់នាងខ្ញុំ ពីបទចុះចោលលំនៅឋាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបលោកមេឃុំថា កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៣ ឈ្មោះជា ពេជ្រ បានចុះចោលលំនៅឋាន ដោយមូលហេតុនាងខ្ញុំជាប្រពន្ធ ទាមទារទៅរស់នៅជាមួយប្តី ដែលបានផ្លាស់ទៅបំពេញការងារ ជាព្រះរាជអាជ្ញារងអមតុលាការខេត្តស្ទឹងត្រែង ហើយគាត់បានបដិសេធនូវពាក្យសម្តីរបស់នាងខ្ញុំ។ ចាប់ពីពេលនោះមក គ្រួសារនាងខ្ញុំបានបង្ករឿងហេតុ មិនចេះចប់ មិនចេះហើយ និងប្រើពាក្យសម្តីទ្រគោះបោះសោក ខុសពីធម្មតា មកលើរូបនាងខ្ញុំ ហើយក៏បានចុះចោល ចាប់ពីពេលនោះរហូតដល់បច្ចុប្បន្ន។ នាងខ្ញុំជម្រាបជូនលោកមេឃុំ ដើម្បីរក្សាទុកនៅសាលាឃុំ ដើម្បីជូនជ្រាប…”។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES