Friday, April 26, 2024
Homeព័ត៌មានជាតិប្រពន្ធទ្រាំមិនបាន... ជាំសុសពេញខ្លួនដោយសារស្នាដៃលោកប្តី

ប្រពន្ធទ្រាំមិនបាន… ជាំសុសពេញខ្លួនដោយសារស្នាដៃលោកប្តី

ខេត្តតាកែវ ៖ កាលពីវេលាម៉ោង១ និង៤០នាទី រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩  បុរសស្រវឹងធ្លាក់ភ្នែកម្នាក់ បានបង្ករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ខណៈពេលដែលទើបនឹងមកពីផឹកស៊ី រហូតផ្ទុះជាអំពើហិង្សា ទាញដែកបំពង់ទីបវាយប្រពន្ធ បណ្តាលឱ្យរងរបួសរយះក្បាល និងជាំសុសពេញខ្លួន រងរបួសជាទំងន់។ ហេតុការណ៍នេះបានកីតឡើងនៅត្រង់ចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់។

ជនបង្កជាប្តី មានឈ្មោះតៅ សុធា ហៅតុញ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះមៀច ស្រីនាង អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធអ្នកទាំង២ខាងលើ រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ចេះតែកើតមានជំលោះ មិនឈប់ ។ លុះមកដល់ថ្ងៃកើតហេតុ ជនបង្កជាប្តី បានចេញទៅផឹកស៊ីតាំងពីព្រឹក រហូតដល់ថ្ងៃរសៀល ទើបត្រឡប់មកផ្ទះវិញ ស្រាប់តែពេលចូលដល់ផ្ទះ ក៏ចាប់ផ្តើមស្រែកជេរបញ្ចោរប្រពន្ធផ្អើលភូមិ ទើបធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំមិនបាន ក៏តមាត់ទៅប្តីវិញ២-៣ម៉ាត់ ស្រាប់តែបុរសជាប្តីកំណាចបានស្ទុះទៅទាញដំបងឬស្សី និងដែកបំពង់ទីប វាយសំពងប្រពន្ធយ៉ាងចាស់ដៃ បណ្តាលឱ្យស្ត្រីរងគ្រោះរបួសត្រូវក្បាលខាងឆ្វេងបែក ស្មាខាងឆ្វេងមានស្នាមជាំខ្មៅ និងភ្លៅខាងឆ្វេងមានស្នាមជាំខ្មៅ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅមណ្ឌលសុខភាពដើម្បីធ្វើការព្យាបាលភ្លាមៗ។ ចំណែកជនបង្កជាប្តី ត្រូវបានសមត្ថិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES