Friday, March 29, 2024
Homeព័ត៌មានជាតិផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ អនុវត្ត២ខែ... ស្រីស្អាតបើកឡានបុកនិស្សិតស្រីស្លាប់

ផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ អនុវត្ត២ខែ… ស្រីស្អាតបើកឡានបុកនិស្សិតស្រីស្លាប់

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ យិន ម៉ាណា ដែលបានបើករថយន្តទំនើបបុកនិស្សិតស្រីម្នាក់កំពុងជិះម៉ូតូ បណ្តាលឱ្យស្លាប់យ៉ាង អាណោចអាធ័ម កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចផ្លូវលេខ៣១៧ កែង៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល១ឆ្នាំ អនុវត្តតែ២ខែប៉ុណ្ណោះ សល់ប៉ុន្មានត្រូវព្យួរ ហើយតុលាការបានព្យួរទោសសាកល្បងចំនួន៣ឆ្នាំ លើជនជាប់ចោទ។

យុវតី យិន ឃុនម៉ី ហៅយិន ម៉ាណា ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ ពន្ធនាគារជាបណ្តោះអាសន្ននៅពន្ធនាគារ PJ ពីបទបើកបរដោយធ្វេសប្រហែសខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន បណ្តាលឱ្យេស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានឪពុកនាំខ្លួនប្រគល់ឱ្យការិយាល័យនគរបាលចរាចរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ហើយត្រូវកម្លាំងសមត្ថកិច្ចបញ្ចូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃដដែលភ្លាមៗនោះ។

សពនារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២៣ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យផារ៉ាហ្គន មានស្រុកកំណើត នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានជនបង្កខាងលើ បើករថយន្តទំនើប ម៉ាក RANGE ROVER ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បុកស្លាប់យ៉ាងរន្ធត់ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៣១៧ កែង៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រីឯរថយន្តបានបន្ថែមល្បឿនគេចពីកន្លែងកើតហេតុបាត់ស្រមោល។ រហូតមកដល់ម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ទើបគេប្រទះឃើញរថយន្តស៊េរីទំនើបម៉ាក RANGE ROVER នេះ នៅមុខយានដ្ឋាន ឯក រិទ្ធី តាមបណ្តោយផ្លូវ លេខ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ពាក់ព័ន្ធករណីនេះ មហាជនក៏ដូចជាអ្នកនិយមប្រើប្រាស់លើបណ្តាញសង្គមហ្វេសប៊ុកធ្វើការប្រតិកម្មខ្លាំងៗ ឱ្យសមត្ថកិច្ចចាប់ជនបង្កយកមកទទួលទោសតាមច្បាប់។ ជាមួយគ្នានេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានការតាមរកជនបង្ក បើករថយន្ត Range Rover បុកនិស្សិតឆ្នាំទី៤ម្នាក់ ស្លាប់ឱ្យឃើញ។

សម្តេចហ៊ុន សែន បានថ្លែងថា ករណីគ្រោះថ្នាក់ចរាចរណ៍បុកនិស្សិតស្លាប់ខាងលើ គឺវាសុទ្ធតែកើតឡើងដោយសារតែការខ្វះ“គុណធម៌”៕

RELATED ARTICLES