Thursday, April 25, 2024
Homeតារាខ្មែររឿងចំណងដៃ៥០០ដុល្លារ!!! ឌួង ហ្សូរីដា ប្រតិកម្មតបទៅអ្នករិះគន់

រឿងចំណងដៃ៥០០ដុល្លារ!!! ឌួង ហ្សូរីដា ប្រតិកម្មតបទៅអ្នករិះគន់

ពិធីការិនីឌួង ហ្សូរីដា ត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់រឿងផ្ញើចំណងដៃ ទឹកប្រាក់ចំនួន៥០០ដុល្លារ ចងដៃការតារាចម្រៀងឱក សុគន្ធកញ្ញា ជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ឧសភា។

អ្នកលេងហ្វេសប៊ុកមួយចំនួន បានលើកឡើងថា ហ្សូរីដា ចង់អួតរឿងនាងចងដៃច្រើនដល់ទៅ២លានរៀល និងខ្លះទៀតថា វាមិនដែលគ្រាន់តែចងដៃការ មកអួតប្រាប់គេដែរទេ ហើយចាំបាច់បង្ហោះ៥០០ដុល្លារ អ៊ីចឹងធ្វើអី?

យ៉ាងណា ក្រោយមានការរិះគន់បែបនេះ ឌួង ហ្សូរីដា និងក្រុមគ្រួសារ ហាក់មិនសប្បាយចិត្តទេ ហើយក្នុងនោះ ប្អូនស្រីហ្សូរីដា បានប្រតិកម្មជំនួសបងស្រីរបស់នាងទៀតផង ដោយនិយាយការពារបងស្រីនាងថា ជាទម្លាប់ ឲ្យតែគាត់ចងដៃការ និងចូលរួមបុណ្យផ្សេងៗ គឺហ្សូរីដា តែងតែបង្ហោះជានិច្ច។

កញ្ញាឌួង កូហ្សូណា ត្រូវជាប្អូនស្រីទី២ របស់ឌួង ហ្សូរីដា បានថ្លែងសារថា ”វាជាទម្លាប់ដែលបង្ហាញពីភាពច្បាស់លាស់ ម៉ត់ចត់នៃបងស្រីរបស់ខ្ញុំ ក្នុងនាមជាសហគ្រិនស្រី្ដមួយរូប។ រាល់ការចំណាយលើអ្វីមួយ ឬការចងដៃការចូលបុណ្យ និងការចូលវិភាគទាន មិនថាជារបស់គាត់ ជាសប្បុរសជនដែលចូលតាមរយៈគាត់ទេ គឺគាត់តែងតែបង្ហោះយ៉ាងច្បាស់ នូវចំនួនទឹកលុយ ចៀសវាងនូវការបាត់បង់ និងមិនទុកចិត្ត ដោយប្រការណាមួយ។​វាមិនមែនជាលើកទី១ទេ សម្រាប់ក្រុមគ្រួសារខ្ញុំដែលធ្វើដូចនេះ តាំងពីពួកយើងនៅក្មេងៗម្ល៉េះ ប៉ុន្ដែជាលើកទីមួយ ដែលមានការរិះគន់។ អរគុណសម្រាប់ការរិះគន់ តែវាជាទម្លាប់គ្រួសារនីមួយៗទេ”។

ឌួង ហ្សូរីដា បានអាក់ខានមិនបានចូលរួមមង្គលការរបស់ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ព្រោះនាងបានកំណត់យកថ្ងៃនោះ នាំម្ដាយរបស់នាង អ្នកស្រីលឹម យ៉ាលីន និងប្អូនស្រីរបស់នាង២នាក់ គឺកញ្ញាឌួង កូហ្សូណា និងឌួង ហ្សូរីម៉ា ទៅដើរលេងនៅកោះម៉ាល់ឌីវ ។

ប៉ុន្ដែហ្សូរីដា បានអះអាងថា នាងបានប្រាប់ប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី ហើយថា នាងរវល់មិនបានទៅចូលរួមទេ។

ហ្សូរីដា ថ្លែងសារពីកោះ Maldives ចំថ្ងៃការសុគន្ធកញ្ញា និងលោកសុខលី​ ថា ”សុំទោសពូលី Lee Lee និងកញ្ញា ដែលអត់បានចូលរួមថ្ងៃពិសេស ព្រោះបានជម្រាបទៅកូនកំលោះហើយថា ជាប់នាំម៉ែមកលេងនៅម៉ាល់ឌីវ ជូនពរអ្នកទាំងពីរឲ្យស្រលាញ់គ្នា ប្រកបដោយសុភមង្គល រហូតចាស់កោងខ្នងណា សូមឲ្យមានដំណឹងល្អឆាប់ៗផង”។

អ្នកលេងបណ្ដាញសង្គមមួយចំនួន បានលើកឡើងផងដែរថា មើលទៅ ឌួង ហ្សូរីដា ពេលនេះហាក់ក្រៀមក្រំប្លែក ហើយនាងទៅដើរលេងនៅកោះម៉ាល់ឌីវ ហាក់ដូចជាចង់បំភ្លេចស្នាមស្នេហ៍បុរសណាម្នាក់…៕

RELATED ARTICLES