Thursday, April 25, 2024
Homeតារាខ្មែរលី ម៉ារីណា រឹតចំណងស្នេហ៍ ថ្ងៃខួបអាយុ៣៩ឆ្នាំ

លី ម៉ារីណា រឹតចំណងស្នេហ៍ ថ្ងៃខួបអាយុ៣៩ឆ្នាំ

តារាកូនមួយ លី ម៉ារីណា នៅតែមានស្បែកសាច់សខ្ចី រលើបរលោងម៉ដ្ឋខៃដដែល ក្នុងពិធីដែលនាងប្រារឰខួបគម្រប់៣៩ឆ្នាំ កាលពីរាត្រីថ្ងៃទី២៦ ខែឧសភា នៅហាងវីហ្វ្រេនបឹងត្របែក  ដែលពិធីនេះមានតែតារាសិល្បករជិតដិតប៉ុណ្ណោះ ដែលត្រូវបានម្ចាស់កម្មវិធីហៅឱ្យចូលរួម។

អ្នកសិល្បៈដែលជិតដិត លី ម៉ារីណា មួយចំនួន និយាយបែបលេងសើចថា ម៉ារីណា ធ្វើកម្មវិធីខួបកំណើតរាល់ឆ្នាំ ដល់អ៊ីចឹងទៅ ទោះជាវ័យក្បែរ៤០ឆ្នាំទៅហើយមែន តែមិនព្រមចាស់សោះ។

ទោះជាយ៉ាងណា អ្នកនាងលី ម៉ារីណា ថា នាងធ្វើខួបរាល់ឆ្នាំនោះ មិនមែនបួងសួងចង់បានក្មេងជាងវ័យនោះឡើយ គឺពិធីដែលនាងរៀបចំនោះ សំខាន់បំផុត គឺការជួបជុំមិត្តភក្តិ និងតារាសិល្បករដែលជិតដិតប៉ុណ្ណោះ។

ប៉ុន្តែអ្វីដែលពិសេសបំផុតនោះ គឺនាងកាន់តែរំភើបថែមទៀតនៅពេលដែលមានការចូលរួមពីស្វាមី លោកសាត ចាន់ថន ខណៈដែលកាលពីខួបកំណើតកូនប្រុសរបស់នាងកន្លងមក លោកចាន់ថន មានភារកិច្ចមិនបានចូលរួមរាល់ឆ្នាំឡើយ។

ការចំណាយលុយធំធ្វើខួបកំណើតដោយជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយរបស់លី ម៉ារីណា នៅពេលនេះ ចំពេលដែលមានដំណឹងលេចឮថា ម៉ារីណា និងប្តី ច្រើនរស់នៅមិនជុំគ្នាច្រើនជាងជួបគ្នា ព្រោះថា លោកចាន់ថន ជាប់រកស៊ីដាក់អីវ៉ាន់ពីបរទេសផ្ញើមកស្រុកខ្មែរ ហើយលោកច្រើននៅអាមេរិក ច្រើនជាងមកភ្នំពេញ ចំណែកម៉ារីណា នៅស្រុកខ្មែរ តែពីរនាក់កូនប្រុស។

មានការខ្សឹបខ្សៀវថា ពេលខ្លះ ស្វាមីរបស់ម៉ារីណា បានចុះមកស្រុកខ្មែរយ៉ាងតក់ក្រហល់ទៀតផង ព្រោះតែមានដំណឹងថា មានមន្ត្រីធំៗតាមឆ្វែលភរិយារបស់លោក តែកន្លងមក ម៉ារីណា ធ្លាប់អះអាងថា ទោះជារស់នៅឆ្ងាយពីគ្នាមែន តែនាងនិងស្វាមី តែងតែមានទំនុកចិត្តចំពោះគ្នាជានិច្ច។

លី ម៉ារីណា បានរៀបការជាមួយអាណិកជនខ្មែរ មកពីអាមេរិក លោកសាត ចាន់ថន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ គឺមង្គលការបស់នាងចំពេលដែលមានដំណឹងល្បីសុសសាយពេញផ្ទៃប្រទេសថា នាងត្រូវប្រពន្ធរបស់មន្ត្រីធំផ្កាយ៣ម្នាក់តាមព្រមាន ដោយសារតែលោកធំនោះមានទំនាក់ទំនងស្នេហាជាមួយនាង។ ម៉ារីណា ខកចិត្តមិនតិចឡើយ ព្រោះក្រោយរៀបការភ្លាម នាងត្រូវបានគេចោទថា រៀបការក្លែងក្លាយ ខណៈដែលម៉ារីណា ត្រូវបង្ខំចិត្តចេញទៅរស់នៅតាមប្តីនៅអាមេរិក រយៈពេល៣ឆ្នាំ ហើយនាងសម្រាលបានកូនប្រុសដំបូង ឈ្មោះសាត ថៃសាន់ ដែលពេលនេះអាយុជាង៥ឆ្នាំ។

ម៉ារីណា បានសម្រេចចិត្តចូលមកស្រុកខ្មែរវិញ និងបន្តអាជីពចាស់ថតសម្តែងឡើងវិញនៅឆ្នាំ២០១៦ តាមរយៈផលិតកម្មហង្សមាស រឿង “កូនពស់កេងកង”, “រាជិនីភូមិគ្រឹះ” និងរឿងដែលកំពុងថត “ភរិយាឆ្នាំ២០១៩”។

តាមរយៈការវិលរកអាជីពចាស់ នាពេលនេះ បញ្ជាក់ថា ម៉ារីណា មិនមានការព្រួយបារម្ភពីសុវត្ថិភាពដូចមុនទៀតឡើយ ហើយអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងនោះ គឺ ម៉ារីណា កាន់តែបង្ហាញភាពហ៊ឺហាដល់ចំណុចកំពូល ដូចជាពេលខ្លះនាងពាក់គ្រឿងពេជ្រទាំងឈុតៗ និងថែមទាំងទិញរថយន្តទំនើប Lexus LX 570 ជិះយ៉ាងកាលីពមិនចាញ់ជំទាវឡើយ។

លី ម៉ារីណា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ស្វាមីរបស់នាងចង់បានកូនម្នាក់ថែមទៀត ទោះជាប្រុសក៏បានស្រីក៏បាន តែពេលនេះនាងមិនទាន់ពពោះទៀតទេ ព្រោះជាប់ថតរឿងថ្មីឱ្យចប់សិន៕

RELATED ARTICLES