Wednesday, April 24, 2024
Homeព័ត៌មានជាតិលោកសង្ឃបិណ្ឌបាត Lexus LX 570 2019 ញោមណាមានសទ្ធាទម្លាក់លេខ

លោកសង្ឃបិណ្ឌបាត Lexus LX 570 2019 ញោមណាមានសទ្ធាទម្លាក់លេខ

ភ្នំពេញ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ដែលត្រូវបានពុទ្ធបរិស័ទ្ធស្គាល់ច្បាស់ថា ព្រះអង្គគឺជាព្រះសង្ឃគង់នៅវត្តនាគវ័ន បានបង្ហោះរូបភាពរថយន្តទំនើប ប្រភេទ Lexus LX-570 2019 ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ នៅលើគណនីហ្វេសប៊ុកផ្ទាល់ ខ្លួនរបស់ព្រះអង្គ និងថែមទាំងភ្ជាប់ជាមួយសារ ដែលមានខ្លឹមសារថា ប្រសិនបើមានញាតិញោមណាមានសទ្ធា ចង់ទិញរថយន្តទំនើបនេះប្រគេនព្រះអង្គ សូមទម្លាក់លេខទូរស័ព្ទ ឱ្យបានឆាប់ៗ។

ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន បានបង្ហោះរូបភាពរថយន្តទំនើប និងសារមួយ កាលពីពេលកន្លងទៅថ្មីៗថា “៤១ ៤១ ៤២ ខ្ជិលបិណ្ឌបាតញាតិញោមកសាងអីទេ? ខ្លាចចិត្តញាតិញោមណាស់ ឥឡូវនេះសុំបិណ្ឌ ៥៧០ (២០១៩) តែម្តងទៅ មានញាតិញោមណាមានសទ្ធា? បើមានញាតិញោមចង់ជួយ ឥឡូវនេះ ទម្លាក់លេខៗៗៗ…”។

លោកខ័ណ្ឌ ច័ន្ទសុផល បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោកថា “ករុណា ចាប់ផ្តើមឃើញលោកបង កំពុងតែវង្វេងទៅក្នុងរបស់កាមគុណ ទោសៈ មោហៈ ទាំងអស់នោះ ហើយរូបក្នុងចិត្តលោកបង ទាំងអស់នេះហើយ ជាគ្រឿងអូសទាញឱ្យអ្នកប្រព្រឹត្តបដិបត្តិធម៌ មានចិត្តជ្រួលច្របល់ ចង់បានរបស់ទាំងនោះ ដោយការរកគ្រប់សីលវិធីបានវាមកបំពេញមហិច្ឆតា។ តើការផ្សាយមេត្តាធម៌ ប្រោសសត្វ និងឱវាទអប់រំ របស់ព្រះពុទ្ធជាម្ចាស់ទៅណាបាត់អស់ហើយ? បើព្រះតេជគុណគ្រប់អង្គចាប់ផ្តើមបង្ហោះតែបែបនេះ តើមានពុទ្ធបរិស័ទ្ធណាខ្លះ គេហ៊ានទៅវត្ត? តើត្រូវនិមន្តទៅប្រោសព្រំផ្ទះ សូត្រមន្ត ឬបុណ្យអ្វីផ្សេងៗ តើត្រូវប្រគេនបច្ច័យប៉ុន្មានទៅ ទើបស័ក្តិសមនឹងព្រះតេជគុណ ដែលមានរថយន្តទំនើបៗ ថ្មីៗ និងមានអ្នកបើកបរ ព្រមទាំងអង្គរក្សសង្ឃផងដែរនោះ?…”។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានទេ កាលពីម្សិលមិញ។

យ៉ាងណា អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា ការបង្ហោះសារខាងលើនេះ របស់ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត គ្រាន់តែជាការបង្កើនបរិយាកាសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកប៉ុណ្ណោះ ខណៈដែលអំឡុងចុងខែមីនា ឆ្នាំ២០១៨កន្លងទៅ គេនៅចាំបានថា ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានសម្រេចព្រះទ័យលក់រថយន្តទំនើប Lexus-570 តាមហ្វេសប៊ុក  ដើម្បីយកបច្ច័យទៅកសាងកុដិ សម្រាប់ព្រះសង្ឃគង់ នៅក្នុងអារាមវត្តនាគវ័ន ទៀតផង។

រថយន្តទំនើបជាកម្មសិទ្ធិរបស់ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ដែលត្រូវបានព្រះអង្គប្រកាសលក់តាមហ្វេសប៊ុកកាលពីពេលកន្លងទៅនោះ ជាប្រភេទរថយន្ត Lexus-570 ពណ៌ស ពាក់ស្លាកលេខ 2Q-2222។ តាមថេរដីការបស់ព្រះអង្គ រថយន្តទំនើប១គ្រឿងនេះ គឺលោកឧកញ៉ាមួយរូបបានទិញមកប្រគេនព្រះសង្ឃ សម្រាប់និមន្តទៅទីជិតឆ្ងាយ។

យោងតាមគណនីហ្វេសប៊ុករបស់ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានបង្ហោះសារមួយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ថា “ឆ្នាំថ្មី២០១៨ ខ្ញុំព្រះករុណា អាត្មាភាព នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន កុដិ២៤ អាត្មាភាពសម្រេចចិត្តលក់រថយន្ត ៥៧០ ដែលញាតិញោមប្រគេន ដើម្បីកសាងកុដិប្រគេនព្រះសង្ឃគង់នៅវត្តនាគវ័ន ដោយឃើញថា ព្រះអង្គពុំមានបច្ច័យដើម្បីកសាងឡើយ សល់ប៉ុន្មាន អាត្មាភាពនឹងបន្តធ្វើមនុស្សធម៌ ធ្វើទានដល់ញាតិញោម ទីទ័ល ចាស់ជរា បន្តទៀត Tel: 077 200001/077 5555 43 (លក់រថយន្ត)…”។

គួរបញ្ជាក់ថា ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ត្រូវបានពុទ្ធបរិស័ទ្ធស្គាល់ច្បាស់ថា ព្រះអង្គគឺជាព្រះសង្ឃគង់នៅវត្តនាគវ័ន និងមានព្រះកិត្តិនាមល្បី ព្រមទាំងបានជួយរួមចំណែកក្នុងការងារមនុស្សធម៌យ៉ាងច្រើនហូរហែរតាំងពី ពេលកន្លងមក រហូតដល់បច្ចុប្បន្ន៕

RELATED ARTICLES