Friday, March 29, 2024
Homeព័ត៌មានជាតិវាសនាពួកគេនឹងបែបណាទៅ??? សុំទានគេមិនបាន អត់បានញុាំ យប់ឡើងដេករាលវាលហាលខ្យល់ កណ្តាលក្រុងកំពង់ឆ្នាំង

វាសនាពួកគេនឹងបែបណាទៅ??? សុំទានគេមិនបាន អត់បានញុាំ យប់ឡើងដេករាលវាលហាលខ្យល់ កណ្តាលក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កុមារអនាថា ចំនួន៣នាក់ ត្រូវបានគេប្រទះឃើញដេកហាលវាលនៅលើវិមានឯករាជ្យ កណ្តាលក្រុងកំពង់ឆ្នាំង កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដែលបញ្ហានេះ ប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរជំនាញពាក់ព័ន្ធជួយ គិតគូរ និងដោះស្រាយឱ្យពួកគេមានជម្រកស្នាក់នៅត្រឹមត្រូវ បានចូលរៀនសូត្រក្នុងសាលារៀន ទើបអនាគតរបស់ពួកគេបានល្អប្រសើរឡើង។

ក្មេងប្រុសទាំង៣នាក់ខាងលើ រួមមាន ទី១-ឈ្មោះភន ភ័ណ អាយុ១៣ឆ្នាំ ទី២-ឈ្មោះ សុខ ហាវ អាយុ១០ឆ្នាំ និងទី៣-ឈ្មោះ បញ្ញា អាយុ៩ឆ្នាំ។ ក្មេងប្រុសទាំង៣នាក់ បានអះអាងថា ត្រូវឪពុកម្តាយស្លាប់ចោលអស់ទៅហើយ សព្វថ្ងៃរស់នៅពឹងលើបាយបាតក្នុងវត្តខ្សាម សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

តាមសម្តីក្មេងប្រុសទាំង៣នាក់ខាងលើ បានរៀបរាប់ប្រាប់ថា តាំងពីឪពុកម្តាយពួកគេស្លាប់ចោលអស់ទៅ ពួកគេទាំង៣នាក់ គ្មានទីពឹងអ្វី ក៏សុំព្រះសង្ឃស្នាក់នៅក្នុងវត្តខ្សាម។ ប៉ុន្តែនៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ពួកគេបាននាំគ្នាដើរសុំទានពីប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត នៅសួនច្បារដើមពោធិ៍ វិមានឯករាជ្យ ដើម្បីបានប្រាក់ទិញបាយហូប តែអត់បានលុយ១រៀលទេ ទើបគ្មានលុយទិញអីហូបតាំងពីល្ងាច រហូតដល់យប់ជ្រុល ក៏នាំគ្នាដេកនៅលើវិមានឯករាជ្យនេះតែម្តង។

តាមរយៈពាក្យសម្តីរបស់ក្មេងប្រុសទាំង៣នាក់ខាងលើនេះ គេមិនដឹងថា មានការពិតកម្រិតណាទេ ប៉ុន្តែដោយសារមានចិត្តអាណិតអាសូរ ទើបក្រុមអ្នកសារព័ត៌មាន ដែលប្រទះឃើញសួរនាំ បានជួយឧបត្ថម្ភប្រាក់ក្នុងម្នាក់១ម៉ឺនរៀល ដើម្បីឱ្យពួកគេបានទិញបាយហូប ដោះស្រាយការស្រេកឃ្លានមួយគ្រាសិនទៅ។ ប៉ុន្តែថវិកាបន្តិចបន្តួចនេះ មិនអាចឱ្យពួកគេរស់នៅដោយសុខស្រួលបានទេ ទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយជួយពួកគេជាបន្តទៀត។

ដោយឡែក តាមសម្តីស្ត្រីម្នាក់ដែលជាបុគ្គលិកបណ្តែតរបស់មន្ទីរសាធារណការ និងជាអ្នកបោសសំរាមប្រចាំថ្ងៃនៅជុំវិញវិមានឯករាជ្យ កណ្តាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា សព្វថ្ងៃនេះមានកុមារ២ទៅ៣ក្រុម បាននាំគ្នាដើរសុំទាននៅតាមសួនច្បារ ទាំងយប់ ទាំងថ្ងៃ ហើយយប់ឡើង ពួកគេតែងដេកតាមសួនច្បារនានា និងនៅលើវិមានឯករាជ្យ មិនដឹងថា ជាក្មេងកំព្រា ឬក្មេងមានឪពុកម្តាយទេ ដែលរឿងនេះ រូបគាត់ក៏សំណូមពរអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយគិតគូរដោះស្រាយពួកគេឱ្យមានអនាគតល្អផង។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរក្រុង និងខេត្ត ជាពិសេស មន្ទីរជំនាញពាក់ព័ន្ធ សូមមេត្តាជួយស្រាវជ្រាវប្រមូលយកកុមារកំព្រា ឬកុមារអនាថា ដែលកំពុងដើរសុំទាន ដើរដេកតាមទីសាធារណៈ នៅក្នុងក្រុងកំពង់ឆ្នាំង មកធ្វើការដោះស្រាយឱ្យពួកគាត់មានកន្លែងស្នាក់នៅ ដូចជាមណ្ឌលកុមារកំព្រារបស់ខេត្ត តាមវត្តអារាម ដោយមានអ្នកគ្រប់គ្រងត្រឹមត្រូវ និងបានចូលសាលារៀនសូត្រ ទើបអនាគតពួកគេបានល្អប្រសើរ នៅក្នុងសង្គមជាតិ។

ប៉ុន្តែប្រសិនបើគ្មានការគិតគូរពីចំណុចនេះទេ អ្វីដែលសង្គមយើងទទួលបានមកវិញនាពេលខាងមុខនោះ គឺក្រុមក្មេងទំនើង ក្មេងពាល បង្កអសន្តិសុខ និងភាពវឹកវរនៅក្នុងភូមិឃុំនៅក្នុងមូលដ្ឋាន និងនៅក្នុងសង្គមជាតិទាំងមូល ដែលរឿងនេះ គឺជារឿងទាំងអស់គ្នាត្រូវតែរួមគ្នាដោះស្រាយ៕

RELATED ARTICLES