Friday, March 29, 2024
Homeព័ត៌មានជាតិសាច់ជ្រូកជាង២០០គីឡូក្រាម នាំចូលពីយួន ប៉េអឹមស្រុកចន្ទ្រា ចាប់ដុតចោល

សាច់ជ្រូកជាង២០០គីឡូក្រាម នាំចូលពីយួន ប៉េអឹមស្រុកចន្ទ្រា ចាប់ដុតចោល

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ បានចាប់ក្រុមឈ្មួញដឹកជ្រូកតាមច្រករបៀង អង្គរម្តេញ ប្រគល់ឱ្យជំនាញពេទ្យសត្វដុតកម្ទេចចោល កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា។

ប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកចន្ទ្រា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុក បានចុះល្បាតតាមគោលដៅខាងលើ ស្រាប់តែប្រទះឃើញម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ បានដឹកសាច់ជ្រូកមួយបាវ។

ក្រោយពីប្រទះឃើញ សមត្ថកិច្ចបានឃាត់សួរនាំ ទើបគេប្រាប់ថា ខ្លួនបានដឹកពីប្រទេសវៀតណាម តាមច្រករបៀង អង្គរម្តេញ ដើម្បីយកទៅលក់ ហើយពេលនោះ សមត្ថកិច្ចអាវុធហត្ថឃាត់ទុក រង់ចាំជំនាញពេទ្យ សត្វមកពិនិត្យមើល។

បន្ទាប់ពីពិនិត្យរួច និងយោងតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ឱ្យមានការទប់ស្កាត់ការនាំសត្វជ្រូករស់ សាច់ជ្រូក និងផលិតផលពីសត្វចូលមកខេត្តស្វាយរៀង ទើបសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកចន្ទ្រា សហការជាមួយជំនាញ ដុតកម្ទេចចោល តែម្តង។

ដោយឡែក លោកប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មបុសសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានឱ្យដឹងថា ក្រោយពីកម្លាំងកងរាជអាវុធហត្ថស្រុកចន្ទ្រា បានឃាត់សាច់ជ្រូកបានចំនួន២៣២គីឡូក្រាមមកនោះ ជំនាញរបស់លោកបានចុះទៅពិនិត្យ ហើយរកឃើញថា សាច់ជ្រូកនាំចូលពីប្រទេសជិតខាង វាពិតជាខុសច្បាប់ បើគ្មានលិខិតស្នាមនោះ និងត្រូវដុតកម្ទេចចោល  ដើម្បីបង្ការរោគឆ្លងជាយថាហេតុ៕

RELATED ARTICLES