Thursday, March 28, 2024
Homeតារាខ្មែរសោកស្តាយណាស់!!! ព្រាប សុវត្ថិ ខកខានចូលរួមមង្គលការ ឱក សុគន្ធកញ្ញា

សោកស្តាយណាស់!!! ព្រាប សុវត្ថិ ខកខានចូលរួមមង្គលការ ឱក សុគន្ធកញ្ញា

តារាចម្រៀងព្រាប សុវត្ថិ នឹងមិនបានចូលរួមមង្គលការរបស់តារាចម្រៀងរួមទ្រនំ ឱក សុគន្ធកញ្ញា នៅថ្ងៃទី១៦ ខែឧសភា នេះឡើយ។ នេះបើយោងតាមតារាចម្រៀងផលិតកម្មរស្មីហង្សមាស ដែលស្និទ្ធព្រាប សុវត្ថិ បានបង្ហើបប្រាប់។

ប្រភពនោះបានឱ្យដឹងថា ព្រាប សុវត្ថិ ដែលនាំកូនប្រុសទាំង៣ ទៅច្រៀង សម្តែងនៅអាមេរិក រយៈពេល១ខែកន្លះនោះ នឹងចេញពីអាមេរិក មកស្រុកវិញ នៅថ្ងៃទី២៨ ខែឧសភា ហេតុនេះហើយបានជាអាក់ខាន ចូលរួមអបអរសាទរដល់ថ្ងៃពិសេសរបស់សុគន្ធកញ្ញា និងស្វាមីរបស់នាង លោកអ៊ឹង សុខលី។

ទោះជាយ៉ាងណា ព្រាប សុវត្ថិ និងភរិយាអ្នកស្រីឡុង ស្រីមុំ ដែលកំពុងនៅអាមេរិក នោះ ធ្លាប់បានចូលរួមពិធីភ្ជាប់ពាក្យជាមួយសុគន្ធកញ្ញា និងលោកសុខលី ម្តងរួចទៅហើយ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ហេតុនេះហើយ ទោះជាមិនបានមកចូលរួមមង្គលការនៅពេលនេះ ក៏តារាជើងចាស់នៅហង្សមាស បានផ្ញើសារជូនពរដល់សុគន្ធកញ្ញា ដែលក្លាយជាប្អូនថ្លៃថៅកែហង្សមាស ជាផ្លូវការនៅពេលនេះដែរ។

ព្រាប សុវត្ថិ បានដឹកដៃកូនប្រុសទាំង៣ គឺ សុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ទៅច្រៀងសម្តែងរួមគ្នាជាលើកទី១ លើទឹកដីអាមេរិក កាលពីថ្ងៃទី២១ ខែមីនា ហើយតាមគម្រោងមានរយៈពេល១ខែកន្លះ ដោយមានម្ចាស់ Sponsor ជាអតីតតារាសម្តែង ហង្ស ឈា។

យ៉ាងណា មុនជាន់ដីអាមេរិក ព្រាប សុវត្ថិ ទទួលបានសារព្រមានរបស់អាណិកជនខ្មែរ នៅអាមេរិក មួយចំនួន ដោយពួកគេធ្វើពហិការមិនទៅទស្សនាការច្រៀងសម្តែងរបស់លោកឡើយ ព្រោះហេតុផលថា ព្រាប សុវត្ថិ ជាតារាដង្ហែបក្ស។

ប៉ុន្តែផ្ទុយស្រឡះពីការប្រកាសព្រមាននោះ ព្រោះពេលព្រាប សុវត្ថិ ទៅច្រៀងសម្តែងនៅអាមេរិក នោះ ស្រាប់តែមានអាណិកជនខ្មែរនៅទីនោះ ចូលមើលការសម្តែងរបស់លោកណែនៗសាលតែម្តង ដែលអាចបញ្ជាក់ថា ការស្រលាញ់គាំទ្រលោកច្រើនជាងគេមិនចូលចិត្ត។

ព្រាប សុវត្ថិ បានយកបទល្បីៗរបស់លោក ជាង១០ឆ្នាំមុន បកស្រាយសាជាថ្មីនៅលើដីអាមេរិក ដូចជាបទ “ស្រក់ទឹកភ្នែក មិនមែនគ្មានបញ្ហា”ហើយលោកបានចាប់ដៃកូនប្រុសទាំង៣ច្រៀងរួមគ្នា ដូចជាបទ “មាន់ស្រែបន្លែស្រស់”, “រាំកូរណាស់ចែ” ជាដើម ដែលធ្វើឱ្យអាណិកជនខ្មែរ នៅអាមេរិក កាន់ទូរស័ព្ទថតលោកច្រូងច្រាង។

ក្រៅពីព្រាប សុវត្ថិ មង្គលការរបស់ឱក សុគន្ធកញ្ញា ក៏គ្មានការចូលរួមពីតារាចម្រៀងមាស សុខសោភា ផងដែរ ព្រោះសោភា ត្រូវច្រៀងសម្តែងនៅកាណាដា ៣ខែ។ ដោយឡែក ព្រាប សុវត្ថិ វិញ ការចេញទៅសម្តែងច្រៀងនៅអាមេរិក រយៈពេលជាង១ខែនេះ គេជឿថា តារាជើងចាស់របស់ហង្សមាស រូបនេះ រកបានប្រាក់ចំណូលមិនក្រោម១០ម៉ឺនដុល្លារឡើយ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ មុនវិលត្រឡប់មកស្រុកវិញនេះ ព្រាប សុវត្ថិ ថែមទាំងបានកុម្មង់ទិញរថយន្តទំនើបពីអាមេរិក ឱ្យកូនប្រុសទៀតផង។

មហាជនបានលើកឡើងថា ការចេញទៅច្រៀងសម្តែងនៅអាមេរិក ជើងនេះ ព្រាប សុវត្ថិ ក្រៅពីជម្នះបានការធ្វើពហិការមិនទៅទស្សនាការច្រៀងសម្តែងរបស់លោកនោះ សុវត្ថិ ក៏បានផ្តល់បទពិសោធន៍ឱ្យកូនប្រុសទាំង៣ យល់ដឹងពីការច្រៀងសម្តែងនៅក្រៅប្រទេសបន្ថែមទៀតដែរ មុនពេលដែលលោកចូលនិវត្តន៍ពីអាជីពចម្រៀង ខណៈដែលកន្លងមក តារាហង្សមាស រូបនេះ ក៏ធ្លាប់នាំកូនប្រុសទាំង៣ ទៅសម្តែងនៅជប៉ុន ផងដែរ៕

RELATED ARTICLES