Friday, April 19, 2024
Homeព័ត៌មានជាតិសំណាងហើយ!!! កូនទាំង៣ក្នុងផ្ទះរត់មកប្រាប់ទាន់ កុំអីក្លាយជាផេះបាត់

សំណាងហើយ!!! កូនទាំង៣ក្នុងផ្ទះរត់មកប្រាប់ទាន់ កុំអីក្លាយជាផេះបាត់

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងសល់ត្រឹមតែផេះផង់ ខណៈដែលបុរសជាម្ចាស់ផ្ទះ រវល់ចេញទៅធ្វើការ ចំណែកប្រពន្ធរវល់ជូនម្តាយបង្កើតរបស់ខ្លួនទៅពិនិត្យព្យាបាលជំងឺនៅឯប្រទេសថៃ។ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង នៅចំណុចក្រុមទី១០ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ១២ម៉ែត្រ គុណនឹង ១៦ម៉ែត្រ កំពស់៧ម៉ែត្រ ធ្វើពីឈើលើថ្មក្រោម ជាកម្មសិទ្ធិរបស់ឈ្មោះស ឈយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកអង្គការជប៉ុន មានប្រពន្ធឈ្មោះស៊ា ផល្លា អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ និងមានកូនចំនួន៣នាក់ (ប្រុស២ ស្រី១) សព្វថ្ងៃស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីសាច់ញាតិម្ចាស់ផ្ទះ ដែលមានផ្ទះនៅដីឡូតិ៍ជាមួយគ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់កំពុងអង្គុយលេងជាមួយក្រុមគ្រួសារ នៅខាងមុខផ្ទះ២ល្វែង ពីមុខផ្លូវចូលផ្ទះបងថ្លៃ (ផ្ទះដែលឆេះ)។ លុះបន្តិចក្រោយមក ក៏ត្រូវស្ត្រីជាម្តាយនិងកូនតូចៗរបស់ម្ចាស់ផ្ទះ បានចុះរត់មកប្រាប់ទាំងភ័យស្លន់ស្លោថា ភ្លើងឆេះផ្ទះហើយៗ ដោយភ្លើងឆេះចេញពីកន្លែងកុងម៉ាខាងលើផ្ទះ។ លុះឮបែបនេះ គាត់ក៏ប្រញាប់ទូរស័ព្ទសុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ដើម្បីទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមកជួយផង ព្រោះឃើញភ្លើងកំពុងតែឆេះយ៉ាងសន្ធោសន្ធៅទៅហើយ លុះមួយសន្ទុះក្រោយមក ក៏ឃើញមានរថយន្តជាច្រើនគ្រឿង បានចុះមកដល់ ប៉ុន្តែភ្លើងបានឆេះផ្ទះខាងលើចង់អស់ទាំងស្រុង ទៅហើយ ដោយសារតែផ្លូវចូលមកកាន់ទីតាំងកើតហេតុ មានសភាពបត់បែនច្រើនពេក។

លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលផែនការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលខេត្ត សៀមរាប បានបញ្ជាក់ប្រាប់ថា ករណីភ្លើងឆេះផ្ទះពលរដ្ឋអស់១ខ្នង នៅក្នុងសង្កាត់គោកចកនោះ ព្រោះម្ចាស់ផ្ទះមិននៅទាំងអស់គ្នាទៅធ្វើការបាត់ នៅតែម្តាយបង្កើតខាងប្រុស និងកូនតូចៗចំនួន៣នាក់ទុកឱ្យចាំផ្ទះ។ ចំណែកប្រពន្ធយកម្តាយទៅមើលជម្ងឺនៅឯប្រទេសថៃ។ ករណីអគ្គិភ័យនេះ បានខូចខាតទ្រព្យសម្បត្តិ និងសម្ភារ ជាមួយលុយកាក់ សរុបទាំងអស់ប្រមាណជាង៥ម៉ឺនដុល្លារ។ ចំណែកមូលហេតុ បង្កឡើងដោយសារទុស្សេខ្សែភ្លើង។

លោកស្នងការរង បានបញ្ជាក់ទៀតថា ក្នុងការជួយអន្តរាគមន៍ករណីភ្លើងឆេះផ្ទះខាងលើនេះ មានរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ដោយក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត ចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរជាតិអប្សរា ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់បេតិកភណ្ឌ ចំនួន១គ្រឿង ប្រើទឹកអស់ទាំងអស់ចំនួន៦ឡាន៕

RELATED ARTICLES