Friday, April 26, 2024
Homeព័ត៌មានជាតិស្រីស្អាត ជា ស្រីរ័ត្ន អភិវឌ្ឍខ្លួនពីអ្នកនិពន្ធ ក្លាយជាតួឯក

ស្រីស្អាត ជា ស្រីរ័ត្ន អភិវឌ្ឍខ្លួនពីអ្នកនិពន្ធ ក្លាយជាតួឯក

ស្រីស្រស់ជា ស្រីរ័ត្ន បានក្លាយជាតួឯកក្នុងរឿង ”បុប្ផាស្រុកស្រែ” ចាប់ដៃជាមួយប្រុសរូបសង្ហា លាង ឈែ របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដែលបានធ្វើពិធីសែនក្រុងពលី កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

ជា ស្រីរ័ត្ន បានឲ្យដឹងថា នេះជាលើកទី២ហើយ សម្រាប់នាង ដែលប៉ះជាមួយលោកឈែ ដោយសារកន្លងមក នាងធ្លាប់ថតរឿង ”ទាយាទអសុរ” ជាមួយគ្នាម្ដងរួចមកហើយ ហេតុនេះហើយ ការថតរឿងថ្មីនេះ គ្មានឧបសគ្គធំចំពោះរូបនាងឡើយ។

ជា ស្រីរ័ត្ន ថ្លែងថា ”រឿង ”បុប្ផាស្រុកស្រែ” នេះ ខ្ញុំលេងជាតួក្លាហានកាងក្នុងភូមិ ពាក់តែមួកទេ ហើយឈុតដែលពិបាក គឺត្រង់ជិះម៉ូតូជ្រែគេហ្នឹងតែម្ដង។

ចំណែកលោកលាង ឈែ វិញ អះអាងថា រឿងនេះលោកក៏ត្រូវលេងឈុតស្នេហាខ្លះៗដែរ ជាមួយស្រីរ័ត្ន ប៉ុន្ដែមិនស៊ីជម្រៅទេ ហើយលោកពេញចិត្តក្នុងការចាប់ដៃជាមួយស្រីស្អាតនេះ។

ក្រៅពីជា ស្រីរ័ត្ន និងលាង ឈែ ជាតួឯកនោះ រឿង ”បុប្ផាស្រុកស្រែ” ក៏មានតារាល្បីៗជាច្រើនដួងទៀត ចូលរួមសម្ដែងផងដែរ ដូចជា លោកសេង រតនៈ, ស្រេន វុធថា, ស្វែង សុជាតា , ដាលីន , លី រីណា និងទ្រី ឃឹម ជាដើម។

ស្រីស្អាតជា ស្រីរ័ត្ន បានឲ្យដឹងដែរថា ក្រៅពីអាជីពសម្ដែង និងបង្ហាញម៉ូដ នាងក៏ជាអ្នកនិពន្ធ និងដឹកនាំរឿងម្នាក់ផងដែរ ហើយកន្លងមកធ្លាប់និពន្ធរឿង ”ចៅធុងចៅសាំង”, ”អាតីវង្សាស៊ីយោវង្ស”។

ស្រីរ័ត្ន បន្ថែមថា ការចេះនិពន្ធ និងដឹកនាំរឿងនេះ ដោយសារនាងមានឪពុកជាអ្នកនិពន្ធ និងដឹកនាំសម្ដែងភាពយន្ដផងដែរ គឺលោកជា វណ្ណា។

អតីតបេក្ខភាព Freshie Girls ជំនាន់ទី១១ ជា ស្រីរ័ត្ន អាយុ២៤ឆ្នាំ អះអាងថា ទាំងអាជីពសម្ដែង បង្ហាញម៉ូដ និងអ្នកនិពន្ធ នាងស្រលាញ់ដូចគ្នា ហេតុនេះហើយធ្លាប់មានក្ដីសុបិន្តថា នឹងបានសម្រេចបំណងនៅថ្ងៃណាមួយ ពេលនេះនាងធ្វើវាបានខ្លះៗហើយ ពិសេស ការថតរឿង ”បុប្ផាស្រុកស្រែ” ដែលមានអ្នកដឹកនាំថៃ និងខ្មែរ សហការគ្នានេះ នាងជឿថា វានឹងផ្ដល់បទពិសោធន៍ថ្មីល្អៗដល់នាងជាមិនខានឡើយ។

ដោយឡែក ទាក់ទងរឿងគូស្នេហ៍វិញ ស្រីរ័ត្ន ថា នាងមិនទាន់មានម្ចាស់បេះដូងឡើយ៕

RELATED ARTICLES