Friday, April 26, 2024
Homeតារាខ្មែរហង្ស ម៉ារីនី យកថ្ងៃខួប២៧ឆ្នាំ ធ្វើទានដល់ចាស់ជរា និងក្មេងកំព្រា ជាង១០០នាក់

ហង្ស ម៉ារីនី យកថ្ងៃខួប២៧ឆ្នាំ ធ្វើទានដល់ចាស់ជរា និងក្មេងកំព្រា ជាង១០០នាក់

តារាសម្ដែងតូចច្រឡឹង ហង្ស ម៉ារីនី បានយកអំណោយទៅចែកជូនដល់ចាស់ជរា គ្មានទីពឹង ចំនួន៧០នាក់ និងកំព្រាជាង៣០នាក់ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ដែលពិធីនេះធ្វើនៅផ្ទះរបស់នាងផ្ទាល់ នៅភូមិស្វាយទង ឃុំក្វាវ ស្រុករំរោង ខេត្តតាកែវ។

សម្ភារៈដែលម៉ារីនី យកទៅចែកជូនពលរដ្ឋនៅស្រុកកំណើតរបស់នាងនេះ មានដូចជា មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ថ្នាំពេទ្យ និងសម្ភារៈមួយចំនួនទៀត។

ហង្ស ម៉ារីនី បានឲ្យដឹងថា នេះមិនមែនជាលើកទីមួយឡើយ ដែលនាងបានយកថ្ងៃខួបកំណើត មកចែកអំណោយមួយចំនួន ដល់ពលរដ្ឋដែលខ្វះខាតនោះ ពោលគឺជាច្រើនលើកច្រើនសារមកហើយ ព្រោះនាងចង់យកថ្ងៃពិសេសនេះ ផ្ដល់ក្ដីស្រលាញ់ដល់អ្នកដែលខ្វះខាត ឲ្យពួកគាត់បានសប្បាយចិត្តផងដែរ។ ចំពោះថវិការដែលទិញសម្ភារៈវិញ នាងបានមកពីការលក់សៀវភៅ និងហាងលក់គ្រឿងសម្អាង Cosmetic របស់នាង ដែលប្រាក់ចំណេញមួយចំនួន សម្រាប់ធ្វើកិច្ចការសង្គម។ នាងថា ទោះជាសម្ភារៈទាំងនោះមិនច្រើនក្ដី ប៉ុន្តែវាមានអត្ថន័យណាស់សម្រាប់ពលរដ្ឋដែលខ្វះខាត ហើយនេះជាទឹកចិត្តរបស់នាងដែលកើតចេញពីបេះដូង។

តារាកូនមួយ ម៉ារីនី បន្ថែមថា ចំពោះការជ្រើសរើសយកថ្ងៃទី១៤ ខែឧសភា សម្រាប់ចែកអំណោយនៅពេលនេះ គឺជាខួបរបស់នាងផ្ទាល់គម្រប់២៧ឆ្នាំផង និងខួបកូនប្រុសរបស់នាង ឈ្មោះពោ ឥន្ទ្ររាជ គម្រប់អាយុ៧ខែផងដែរ។

លោកហង្ស សារី ឪពុករបស់ម៉ារីនី បានបង្ហាញមោទកភាពចំពោះកូនស្រី ដែលចេះបង្កើតកម្មវិធីវប្បធម៌នៃការចែករំលែកនេះ កូនស្រីលោកកាត់មករកលោក ព្រោះមួយជីវិតនេះ លោកធ្វើតែអំពើល្អទេ។ លោកថា នឹងគាំទ្រជានិច្ចចំពោះសកម្មភាពសប្បុរសធម៌របស់កូនស្រី ដែលចេះជួយដល់អ្នកអត់ឃ្លានក្នុងស្រុកភូមិ ក៏ដូចជានៅតាមបណ្ដាខេត្តផ្សេងៗទៀត។

ហង្ស ម៉ារីនី បានរៀបការជាមួយបុរសជាមន្រ្ដីរាជការម្នាក់ ដែលពេលនេះទទួលបានចំណងដៃកូនប្រុសម្នាក់ ជាចំណងដៃ។ នាងថា ស្វាមីនឹងក្រុមគ្រួសារទាំងមូល តែងលើកទឹកចិត្ត និងគាំទ្រឲ្យនាងធ្វើកិច្ចការសប្បុរសធម៌ ហើយកន្លងមក នាងធ្លាប់ធ្វើការងារនេះជាច្រើនខេត្តមកហើយ ប្ដេជ្ញាថា នឹងធ្វើតទៅមុខទៀត ដោយគ្មានដែនកំណត់៕

RELATED ARTICLES