Wednesday, April 24, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា មិនហៅការសង្សារចាស់

ឱក សុគន្ធកញ្ញា មិនហៅការសង្សារចាស់

ឱក សុគន្ធកញ្ញា បានក្លាយជាប្អូនថ្លៃថៅកែហង្សមាស ជាផ្លូវការហើយ បន្ទាប់ពីនាងបានដឹកដៃលោកអ៊ឹង សុខលី រៀបការតាមប្រពៃណីខ្មែរ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ដោយជោគជ័យ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺមង្គលការរបស់ឱក សុគន្ធកញ្ញា ដែលធ្វើឲ្យផ្អើលអស់ស្រទាប់មហាជន និងសិល្បករជាច្រើន សម្រុកគ្នាទៅចូលរួមនោះ បែរជាគ្មានវត្តមានតន្រ្ដីករ រ៉េតធី ដូណា អតីតសង្សារសុគន្ធកញ្ញា ចូលរួមឡើយ។

តារាមួយចំនួននាំគ្នាខ្សឹបខ្សៀវគ្នាថា លោកដូណា ដេកសម្ងំនៅផ្ទះ ហើយពិបាកចិត្តជាងគេ សម្រាប់យប់មង្គលការរបស់សុគន្ធកញ្ញា នៅរាត្រីនោះ។

ប៉ុន្ដែតន្រ្ដីករមួយចំនួន នៅ CTN ដែលអ្នកយកព័ត៌មានយើងបានសួរកាលពីពេលថ្មីៗនេះ ពួកគេបែរជានិយាយថា លោកដូណា មិនទៅចូលរួមមង្គលការរបស់សុគន្ធកញ្ញា មិនមែនគេចវេះទេ ប៉ុន្តែមកពីគេមិនហៅទៅវិញ។

តន្រ្ដីករដែលស្និទ្ធឱក សុគន្ធកញ្ញា និយាយលាយឡំសំណើចថា ”ដូណា! ទៅការអាកញ្ញា ម៉េច បើគេមិនហៅផងហ្នឹង? ខ្ញុំមិនដឹងថា គាត់ពិបាកចិត្តឬអត់ទេ តែឃើញគាត់នៅធ្វើការធម្មតាតើ!”។

គួររំលឹកថា មុនមង្គលការរបស់ឱក សុគន្ធកញ្ញា មកដល់ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានយើង លោករ៉េតធី ដូណា បានបញ្ជាក់ថា លោកគ្មានអ្វីត្រូវភ្ញាក់ផ្អើលទេ ចំពោះដំណឹងរៀបការរបស់សុគន្ធកញ្ញា ព្រោះពេលនេះ​លោកនិងកញ្ញា រាប់អានគ្នាធម្មតា។

លោកដូណា ថែមទាំងសន្យាថា នឹងចូលរួមមង្គលការបស់សុគន្ធកញ្ញា​ដោយរីករាយថែមទៀតផង ប្រសិនហៅនាងហៅការ។

ប៉ុន្ដែតាមរយៈមង្គលការរបស់សុគន្ធកញ្ញា កាលពីថ្ងៃទី១៦ ខែឧសភា នេះ បញ្ជាក់ថា លោកដូណា មិនបានទៅក្បែរពិធីមង្គលការរបស់សុគន្ធកញ្ញា នៅសណ្ឋាគារសុខាភ្នំពេញ ឡើយ ដោយហេតុផលត្រូវបានមិត្តភក្ដិរបស់លោក បានឲ្យដឹងថា មកពីកញ្ញា មិនបានហៅការដូណា ។

ឱក សុគន្ធកញ្ញា បានរៀបការដោយជោគជ័យ គ្មានការអុកឡុកពីអ្នកណាឡើយ ទើបធ្វើឲ្យតារាហង្សមាស រូបនេះ រីករាយយ៉ាងខ្លាំង នៅពេលដែលឈរទទួលភ្ញៀវជាមួយស្វាមី កាលល្ងាចថ្ងៃទី១៦ ខែឧសភា នៅសណ្ឋាគារសុខាភ្នំពេញ។ មង្គលការរបស់សុគន្ធកញ្ញា ពិតជាកក្រើកខ្លាំង បើប្រៀបធៀបជាមួយតារាល្បីផ្សេងៗ ហើយនាងជប់លៀងដល់ទៅ២០០តុ និងចំណាយលុយអស់ជាង១០ម៉ឺនដុល្លារ។

យ៉ាងណា សុគន្ធកញ្ញា មិនទាន់បង្ហើបពីគគម្រោងដឹកដៃប្ដីទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅប្រទេសណាឡើយ។

មហាជនជាច្រើនបានលើកឡើងថា សុគន្ធកញ្ញា កាន់តែក្លាយទៅជាតារាដ៏មានឥទ្ធិពលថែមទៀត នៅផលិតកម្មរស្មីហង្សមាស បន្ទាប់ពីនាងរៀបការជាមួយប្អូនថៅកែហង្សមាស នេះ ខណៈដែលមនុស្សមួយចំនួនទៀតយល់ថា ហង្សមាស នឹងមិនឲ្យតារាស្រីណាល្បីជាងប្អូនថ្លៃលោកថៅកែឡើយ។

ក្រៅពីឱក សុគន្ធកញ្ញា តារាដែលបានរៀបចំមង្គលការនៅសណ្ឋាគារធំៗ ចំណាយប្រាក់អស់ជាច្រើនម៉ឺនដុល្លារនោះ មានដូចជា អ្នកនាងសឿ សុធារ៉ា , ស្រីតូច ចំណាន , ផាន់ ម៉ូលីកា , គង់ រ៉ាយុ , អែនជី , គង់ ច័ន្ទស្រីមុំ , សុគន្ធ និសា និងអេដា ជាដើម ដែលពិធីអាពាហ៍ពិពាហ៍របស់គេ មិនចាញ់តារានៅប្រទេសជិតខាងឡើយ៕

RELATED ARTICLES