Saturday, April 20, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ឡើងគីឡូប្លែក ខណៈនៅសល់តែកន្លះខែទៀត​ ចូលរៀបការ

ឱក សុគន្ធកញ្ញា ឡើងគីឡូប្លែក ខណៈនៅសល់តែកន្លះខែទៀត​ ចូលរៀបការ

នៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ មង្គលការតារាចម្រៀងឱក សុគន្ធកញ្ញា និងប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី នឹងប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានភ្ញៀវជាតារាល្បីៗរាប់រយនាក់ចូលរួមអបអរសាទរ។

ប៉ុន្តែគេកត់សម្គាល់ថា ថ្ងៃរៀបការកាន់តែខិតចូលមកដល់នេះ ឱក សុគន្ធកញ្ញា ហាក់ឡើងគីឡូចម្លែកទៅៗ រហូតនាងលាន់មាត់ថា ខ្លួនឯងមុខដូចលោកខែទៀតផង ទើបធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងហង្សមាស រូបនេះ បារម្ភខ្លាចសុគន្ធកញ្ញា ខូចរាងរៅអស់ “ឡើងកាម៉ាប់ៗ”ដូចបទចម្រៀងរបស់នាង។

ឱក សុគន្ធកញ្ញា ថ្លែងថា “មិនបាច់ទៅថតព្រះចន្ទឯណាទេ ឥឡូវខ្ញុំហ្នឹងហើយមុខដូចលោកខែហ្នឹង។ សើច…! មិនដឹងម៉េចទេ កាម៉ាប់ៗហ្មង”។

ការវាចារបស់ សុគន្ធកញ្ញា នៅពេលនេះ គឺចំពេលដែលតារាចម្រៀងរូបនេះបានឡើងច្រៀងនៅឆាកតន្ត្រី Huawei នៅកោះពេជ្រ កាលពីពេលថ្មីៗនេះ ខណៈដែលសុគន្ធកញ្ញា ធ្វើជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនមួយនេះ ជំនួសមាស សុខសោភា។ សុគន្ធកញ្ញា បានឡើងច្រៀងជាច្រើនបទ តែបទដែលគេចាប់អារម្មណ៍ជាងគេ បទ “ម៉ាប់ៗ” ខណៈដែលអ្នកខ្លះថា សុគន្ធកញ្ញា ច្រៀងបទដដែលៗ។ ដោយអ្នកទស្សនាផ្ទាល់និយាយថា សុគន្ធកញ្ញា ញ៉ាំអីបានត្រូវ ហើយឡើងគីឡូប្លែកយ៉ាងនេះ?

ទោះជាយ៉ាងណា សាច់ញាតិរបស់ឱក សុគន្ធកញ្ញា ដែលហែហមនាងឡើងឆាកតន្ត្រី បានឱ្យដឹងថា សុគន្ធកញ្ញា សប្បាយចិត្តផង ភ័យផង ព្រោះថ្ងៃរៀបការជិតចូលមកដល់ ទើបពេលនេះ នាងស្រាប់តែឡើងគីឡូប្លែកបែបនេះយ៉ាងនេះ។ ពួកគេអះអាងថា មិនទាន់ដល់ពេលត្រូវប្រកាសអាសន្នទេ ព្រោះថា សុគន្ធកញ្ញា ឡើងគីឡូហ្នឹង អាចកែកុនបាន ហើយពួកគេថា តារាហង្សមាស នេះ មិនមែនផ្តោតតែលើទីផ្សារចម្រៀងទេ គឺជាតារាស្ពតផងដែរ អ៊ីចឹងការញ៉ាំ នាងប្រយ័ត្នប្រយែងខ្លាំងណាស់ ពិសេសឃើញអាហារឡើងគីឡូ គឺដូចជាឃើញខ្លាអ៊ីចឹង។

ឱក សុគន្ធកញ្ញា មិនបានសម្រាកបន្ទំស្បែកសាច់ឱ្យសដូចកូនក្រមុំផ្សេងៗឡើយ ព្រោះជិតដល់ថ្ងៃរៀបការ នាងកាន់តែមមាញឹកសម្រុកច្រៀងកម្មវិធីដែលកុងត្រាទាំងឡាយ ឱ្យចប់អស់សិន ដោយសារមង្គលការរបស់នាងនៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានមកដល់ហើយ។

នៅដើមសប្តាហ៍នេះដែរ សំបុត្រការរបស់សុគន្ធកញ្ញា ត្រូវរៀបចំ និងចាប់ផ្តើមយកហុចភ្ញៀវជាបណ្តើរៗហើយ ដែលតាមព័ត៌មានថា នាងហៅតែតារាណាដែលជិតស្និទ្ធបំផុតប៉ុណ្ណោះ។ ចំណែកភ្ញៀវរបស់អនាគតស្វាមីរបស់នាង លោកអ៊ឹង សុខលី ភាគច្រើនជាអ្នកជំនួញ និងដៃគូពាណិជ្ជកម្ម រកស៊ី ធ្វើ Concert ជាមួយលោក។

ឱក សុគន្ធកញ្ញា បានបង្ហោះរូបថត Pre-Wedding ដែលថតនៅអង្គរវត្ត ភ្ជាប់ជាមួយសារថា ចាប់ពីពេលនេះតទៅ នាងសូមផ្ញើជីវិតលើអនាគតប្តីទៅហើយ។ អ្នកគាំទ្រតារាចម្រៀងរូបនេះ បាននិយាយលើកទឹកចិត្តសុគន្ធកញ្ញា ថា ទោះជានាងមានប្តី និងកូនប៉ុន្មាន ក៏ពួកគេនៅតែគាំទ្រនាងដដែល កុំបារម្ភអី។

ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស ឧកញ៉ាអ៊ឹង ឆៃងួន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នឹងរៀបការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដែលមង្គលការរបស់នាងរៀបចំកម្មវិធីជប់លៀងធំនៅសណ្ឋាគារសុខាភ្នំពេញ នឹងត្រូវបានគេប្រមាណថា ចំណាយលុយមិនក្រោម១០ម៉ឺនដុល្លារឡើយ៕

RELATED ARTICLES