ខឹងប្រពន្ធរើបង្វេចមករស់នៅជាមួយម្តាយឪពុកបង្កើតវិញ ប្តីកាប់ស្លាប់

0
286

ត្បូងឃ្មុំ៖ ករណីឃាតកម្មសម្លាប់មិនញញើតដៃ ដោយប្តីប្រពន្ធ១គូ តែងតែឈ្លោះប្រកែកគ្នាសឹងរាល់ថ្ងៃ រហូតនារីជាប្រពន្ធរើបង្វេចមករស់នៅជាមួយឪពុកម្តាយបង្កើតវិញ ធ្វើឲ្យបុរសជាប្តីខឹងយ៉ាងខ្លាំង រហូតយកកាំបិតកាប់លើប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ហើយបុរសជាប្តីបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ។

ប្តីកំណាចដែលសម្លាប់ប្រពន្ធរួចរត់គេចខ្លួននេះ មានឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ ។ ចំណែកនារីរងគ្រោះជាប្រពន្ធ មានឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។

បើតាមការឲ្យដឹងពីឪពុកបង្កើតនារីរងគ្រោះ បានឲ្យដឹងថា បន្ទាប់ពីប្តីប្រពន្ធ១គូនេះ រៀបការរួចរាល់ បាននាំគ្នាទៅរស់នៅខាងប្រុស (ផ្ទះដន្លង) ដែលនៅក្បែរផ្ទះរបស់គាត់ដែរ ហើយពួកគេតែងតែឈ្លោះប្រកែកគ្នាញឹកញាប់ណាស់។

ប្រភពដដែលបានបន្តថា ដោយសារតែរស់នៅខាងឪពុកម្តាយក្មេក មិនចុះសម្រុងជាមួយប្តី កូនស្រីរបស់លោកបានរើបង្វេចត្រឡប់មកផ្ទះគាត់វិញ។ លុះនៅរសៀលថ្ងៃកើតហេតុនេះ ពួកគេបានជួបគ្នា ហលយបានទាស់សម្តីគ្នាយ៉ាងខ្លាំង រហូតដល់កូនប្រសាររបស់លោកទាញកាំបិតកាប់ប្រពន្ធរបស់ខ្លួនបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្នុងថ្លុកឈាម ភ្លាមៗនោះ កូនប្រសាររបស់លោកបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព ហើយក៏បានចាត់ចែងកម្លាំងតាមរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕