ចៅស្រីរបស់សម្តេចតជោ ហ៊ុន សែន ម្នាក់ ដោយសារតែក្តីនឹករលឹកជីតាខ្លាំងពេក បានឡើងជិះយន្តហោះ ចម្ងាយរាប់ពាន់គីឡូ មកស្កាត់ជួបជីតា ខណៈដែលជីតាកំពុងបំពេញទស្សនកិច្ចផ្លូវេដហឋនៅក្នុងប្រទេសហុងគ្រី ហើយសម្តេចបានឲ្យចៅស្រីរូបនេះ ចូលសម្តែងការគូរសមជាមួយប្រធានាធិបតី និងប្រធានសភាហុងគ្រី ដើម្បីស្វែងយល់ពីរបៀបធ្វើការរបស់ថ្នាក់ដឹកនាំប្រទេស។

ទំព័រហ្វេសប៊ុកផ្លូវការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមុននេះថា “ចៅស្រីខ្ញុំនឹកជីតាពេក ខំជិះយន្តហោះមករង់ចាំជីតា នៅប្រទេសហុងគ្រី។ព្រឹកនេះ នាំចៅចូលក្នុងគណៈប្រតិភូសំដែងការគួរសមជាមួយប្រធានាធិបតី និងប្រធានសភាហុងគ្រី ដើម្បីឲ្យចៅស្គាល់ពីរបៀបធ្វើការរបស់ថ្នាក់ដឹកនាំប្រទេស”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋហុងគ្រី ចាប់ពីថ្ងៃទី១៣ដល់១៤ ខែមិថុនា ឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់ប្រទេសតាជីគីស្ថាន ដើម្បីចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងឌូស្ហាន់បេ។

ការអញ្ជើញទៅដល់ប្រទេសហុងគ្រី របស់សម្តេចតេជោហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅបំផុត ដោយមាននិស្សិតដែលកំពុងសិក្សានៅប្រទេសហុងគ្រី និងពលរដ្ឋខ្មែរដែលរស់នៅទីនោះ៕


