ស្រីស្រស់ជាប់ដៃថតសែលហ្វី ទុកម៉ូតូចោល ចោរលួចយកទៅបាត់

0
157

ខេត្តបាត់ដំបង ៖ នារីវ័យក្មេងរូបស្រស់២នាក់ បានជិះម៉ូតូឌុបគ្នាទៅលេងតំបន់ទេសចរណ៍អាងកំពីងពួយ លុះរវល់ជក់សែលហ្វី ភ្លេចខ្លួន ក៏ត្រូវជនសង្ស័យឆ្លៀតឱកាសលួចយកម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើសំណង់អាងកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។

ម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1X-8528 ជាកម្មសិទ្ធិរបស់ ឈ្មោះគឿន ទី អាយុ១៧ឆ្នាំ រស់នៅផ្ទះលេខ១១៧១ ផ្លូវ០៤ ភូមិអណ្តូងនាង ឃុំតាគ្រាម ស្រុកបាណន់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះជាម្ចាស់ម៉ូតូ រួមនឹងមិត្តភក្តិស្រីរបស់នាងម្នាក់ទៀត បាននាំគ្នាជិះម៉ូតូទៅលេងតំបន់ទេសចរណ៍អាងកំពីងពួយ តែពេលពួកនាងកំពុងថតរូបលេងនៅមាត់ទឹកភ្លេចមើលម៉ូតូ ស្រាប់តែងាកមកវិញ បាត់ម៉ូតូ ទើបកើតមានការភ្ញាក់ផ្អើលតែម្តង។

តាមសម្តីស្ត្រីជាម្តាយនារីរងគ្រោះ បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា នៅមុនពេលកើតហេតុ កូនស្រីគាត់បានជិះម៉ូតូទៅលេងអាងកំពីងពួយ បន្ទាប់ពីនាងចេញពីសាលារៀនពេលល្ងាច។ បន្ទាប់មក កូនស្រីរបស់គាត់ និងមិត្តភក្តិ បានជិះទៅឈប់លើសំណង់ទី២នៃអាងកំពីងពួយ ហើយពេលពួកនាងកំពុងថតលេង ត្រូវចោរលួចយកម៉ូតូបាត់តែម្តង។ ក្រោយកើតហេតុ កូនស្រីគាត់បានរត់ទៅប្តឹងសមត្ថកិច្ច ដែលយាមប្រចាំការនៅលើអាងកំពីងពួយនោះភ្លាមៗដែរ តែមិនជួប ហើយក៏ត្រឡប់មកផ្ទះវិញតែម្តង។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយត្រី ជេត វណ្ណនី បានបញ្ជាក់ថា លោកបានទទូលព័ត៌មាននេះ ក្រោយពេលកើតហេតុ ហើយពេលនេះ កម្លាំងការិយាល័យជំនាញនៃស្នងការខេត្ត កំពុងធ្វើការស៊ើបអង្កេតលើករណីនេះហើយ៕